បច្ចេកវិទ្យា៖ សភាកូរ៉េខាងត្បូង បានអនុម័តច្បាប់មួយកាលពីថ្ងៃអង្គារ ដែលនឹងហាមឃាត់ ប្រតិបត្តិករ ជាពិសេសសំដៅលើក្រុមហ៊ុន Apple និង Google ដែលបានតម្រូវឱ្យអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ ប្រើប្រព័ន្ធទូទាត់របស់ខ្លួន ដើម្បីដំណើរការការលក់ផលិតផល និងសេវាកម្មឌីជីថល។

ជាធម្មតា ក្រុមហ៊ុន Google និង Apple តម្រូវឱ្យអ្នកអភិវឌ្ឍន៍កម្មវិធី បង់កំរៃជើងសារ រហូតដល់ ៣០% ក្នុងរាល់ប្រតិបត្តិការ ដោយប្រើសេវារបស់ក្រុមហ៊ុន។

កូរ៉េខាងត្បូងបានក្លាយជាប្រទេសដំបូងគេ ដែលដាក់កំហិតលើគោលការណ៍ទូទាត់ប្រាក់របស់ Google និង​Apple ដែលបានបង្ខំឱ្យ អ្នកអភិវឌ្ឍន៍កម្មវិធីត្រូវប្រើប្រព័ន្ធគិតលុយដែលមានកម្មសិទ្ធិរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យា។

វាមានន័យថា អ្នកអភិវឌ្ឍន៍កម្មវិធី នឹងអាចចៀសវាងការបង់កម្រៃជើងសារដល់ក្រុមហ៊ុន Google និង Apple បាន ហើយអ្នកប្រើប្រាស់អាចបង់ប្រាក់តាមរយៈថ្នាលបច្ចេកវិទ្យាផ្សេងជំនួស៕