បច្ចេកវិទ្យា៖ WhatsApp (របស់ក្រុមហ៊ុន ហ្វេសប៊ុក) ត្រូវរងការផាកពិន័យ ២២៥ លានអឺរ៉ូ (២៦៧ លានដុល្លារ) ដោយប្រទេសអៀរឡង់ ពីបទរំលោភច្បាប់ឯកជនភាពទិន្នន័យរបស់សហភាពអឺរ៉ុប។

គណៈកម្មការការពារទិន្នន័យរបស់ប្រទេស អៀរឡង់ បាននិយាយថា ក្រុមហ៊ុន WhatsApp មិនបានប្រាប់ពលរដ្ឋនៅក្នុងសហភាពអឺរ៉ុប ឱ្យបានដឹងព័ត៌មានគ្រប់គ្រាន់ អំពីអ្វីដែលក្រុមហ៊ុនធ្វើជាមួយទិន្នន័យរបស់ពួកគេទេ។

WhatsApp បានបរាជ័យក្នុងការប្រាប់ប្រជាជនអឺរ៉ុប អំពីរបៀបនៃការប្រមូលនិងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនគេ ក៏ដូចជារបៀបដែល WhatsApp ចែករំលែកទិន្នន័យជាមួយក្រុមហ៊ុន Facebook។

WhatsApp ដែលមានមនុស្សប្រើចំនួន ២ ពាន់លាននាក់នៅទូទាំងពិភពលោក ត្រូវបានសហភាពអ៉ឺរ៉ុបបញ្ជាឲ្យធ្វើការកែសំរួលគោលនយោបាយឯកជនភាពរបស់ខ្លួន និងរបៀបដែលវាប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ដើម្បីគោរពតាមច្បាប់ឯកជនភាពរបស់អឺរ៉ុប។ 

អ្នកនាំពាក្យ WhatsApp បានប្រាប់ស្ថាប័ន CNBC ថា ក្រុមហ៊ុនគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនៃការផាកពិន័យនេះ៕