រាជធានីភ្នំពេញ៖ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ចំនួន៤ធំៗ នៅពេលដែលធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម លុយ ដាវីត នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១ ក្នុងវេទិកាពិភាក្សាសារព័ត៌មានតាមប្រព័ន្ធ Zoom  ក្រោមប្រធានបទ «ការរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣»។

កិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ចាប់ផ្តើមពីម៉ោង ២ រសៀលតទៅ ដោយកិច្ចប្រជុំនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំ ៥១ប្រទេស និង២ស្ថាប័ន។

ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងក្នុងឱកាសកិច្ចប្រជុំនោះ ដោយបង្ហាញពីអត្ថប្រយោជន៍ ៤ធំៗ ដែលកម្ពុជាទទួលបានក្នុងការរៀបចំកិច្ចប្រជុំកំពូល ASEM13 រួមមាន៖ ១) ការបញ្ជាក់ពីនយោបាយចាស់ទុំផ្នែកការទូត និងការលើកកម្ពស់មុខមាត់កម្ពុជា លើឆាកអន្តរជាតិ។ ២) ឱកាសសម្រាប់កម្ពុជាពង្រឹងកិច្ចសហការទ្វេភាគី ជាមួយបណ្តាប្រទេសអាស៉ីអឺរ៉ុប។ ៣) មេដឹកនាំអាស៉ីអឺរ៉ុប នឹងបង្ហាញពិភពលោកថា កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាកំពុងដើរលើផ្លូវត្រូវ ក្នុងការអភិវឌ្ឍប្រទេស។ ៤) បង្ហាញពីអារ្យធម៌កម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគ និងផ្នែកទេសចរណ៍មកកម្ពុជាជាដើម។

ឯកឧត្តម លុយ ដាវីត បានបញ្ជាក់បន្ថែមថា៖ យើងប្តេជ្ញាចិត្តរៀបចំកិច្ចប្រជុំនេះ ឲ្យបានជោគជ័យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជូនទៅលិខិតអញ្ជើញទៅថ្នាក់ដឹកនាំអាស៉ីអឺរ៉ុបរួចហើយដែរ ខណៈប្រទេសដៃគូមួយចំនួន ក៏បានផ្ញើលិខិតឆ្លើយតប បញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលនេះ៕