រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសកម្ពុជាជាបណ្តើរៗវិញហើយ និងតាមដំណាក់កាលដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា ចុះថ្ងៃសៅរ៍ទី១៦ ខែតុលា ម្សិលមិញនេះ។

អត្រានៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រជាជនសម្រេចបានជិត១៤លាននាក់ នៃប្រជាជនសរុបប្រមាណ ១៦លាននាក់ ដែលលើសគោលដៅដែលបានគ្រោង និងអាចបង្កើតនូវភាពស៊ាំសហគមន៍នៅទូទាំងកម្ពុជា ទប់ទល់នឹងការឆ្លងជំងឺកូវីដ-១៩ នោះ រីឯការឆ្លងកូវីដក្នុងប្រទេស ក៏មានអត្រាថយចុះគួរឲ្យកត់សម្គាល់។

បន្ថែមពីនេះ ក្រសួងសុខាភិបាល បានសម្រួលរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ចំពោះអ្នកដែលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដោយត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស។ 

ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងកូវីដដូសមូលដ្ឋានបានពេញលេញ នឹងត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ។

ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាលដែលត្រឡប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលទាំងក្រុមគ្រួសាររបស់ក្រុមជនអាទិភាពនេះផង)៕