រាជធានីភ្នំពេញ៖ កុំព្យូទ័រយួដៃចំនួន២គ្រឿង កុំព្យូទ័របន្ទះចំនួន១០២គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយ LCD ចំនួន១គ្រឿង ត្រូវបានដាក់ឱ្យប្រើប្រាស់បម្រើដល់ការងាររង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៅក្នុងគម្រោង STPEcam-GPE3 ក្រោមការសម្របសម្រួលពីអង្គការ យូណេស្កូ ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា។

បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការយូណេស្កូ ដែលបានឧបត្ថម្ភសម្ភារអេឡិចត្រូនិចទាំងអស់នេះដល់ក្រសួងអប់រំ យុវជន និងកីឡា មិនតែប៉ុណ្ណោះអង្គការយូណេស្កូបានសហការអនុវត្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃគម្រោងពង្រីកកម្មវិធីអប់រំគ្រូនៅកម្ពុជា(STEPcam-GPE3) តាមប្រព័ន្ធអនឡាញ នៅតាមសាលារៀនចំនួន៣៤០ ក្នុងខេត្តគោលដៅចំនួន៩ ដោយបានអនុវត្តរង្វាតម្លៃនៅឆ្នាំ២០២០ ហើយគ្រោងនឹងធ្វើការរង្វាយតម្លៃនៅចុងឆ្នាំ២០២២ បន្តទៀត ដើម្បីឱ្យការអនុវត្តរង្វាយតម្លៃ អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង (EGRAនិងEGMA) ដែលគាំទ្រដោយគម្រោងពង្រឹងការអប់រំគ្រូនៅកម្ពុជា (STEPcam-GPE3)ក្លាយជាមធ្យោបាយមួយដែលអាចយកមកប្រើសម្រាប់វាស់វែងគុណភាព នៃលទ្ធផលសិក្សារបស់សិស្សប្រកបដោយភាពត្រឹមត្រូវ។

ក្នុងឱកាសនោះបណ្ឌិតសភាចារ្យ ក៏បានផ្តល់នូវអនុសាន៍មួយចំនួនដូចជា មន្ត្រីអនុវត្តទាំងអស់ត្រូវពង្រឹងសមត្ថភាពប្រើប្រាស់កម្មវិធី Tangerine នៅក្នុងTablet ដើម្បីគ្រប់គ្រង និងប្រមូលទិន្ន័យតេស្តរង្វាយតម្លៃអំណានដំបូង និងគណិតវិទ្យាដំបូង។ សហការជាមួយគ្រប់ដៃគូអភិវឌ្ឍក្នុងអនុវត្តគម្រោងទាក់ទងនឹងអំណាន និងគណិតវិទ្យាថ្នាក់បូង ដើម្បីសិក្សាស្វែងយល់ក៍ដូចជាពិនិត្យមើលការអនវត្តកម្មវិធីអំណាន និងកណិតវិទ្យាថ្នាក់ដំបូងនៅប្រទេសកម្ពុជា។

បណ្ឌិតសភាចារបា្យបានបន្តថា ត្រូវពង្រីងកិច្ចសហការជាមួយនាយកដ្ឋានជំនាញ និងនាយកដ្ឋានពាក់ព័ន្ធក្នុងការប្រើប្រាស់កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូងឱ្យបានដល់គ្រប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស។ ចូលរួមពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងគ្រូបង្រៀន ដើម្បីរិះរកវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ជាពិសេសលើផ្នែកដែលរកឃើញថាមានបញ្ហាខ្លាំង។ ចូលរួពង្រឹងការបញ្ជា្របវិធីសាស្រ្តបង្រៀនអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅតាមស្ថាប័នបណ្តុះបណ្តាលគ្រូ៕