“ខ្ញុំមិនមែនជាកូនអ្នកមានទេ ដូច្នេះហើយខ្ញុំត្រូវតែខំធ្វើការសន្សំលុយ យកមកធ្វើអ្វីមួយអោយមានប្រយោជន៍” នេះជាពាក្យសម្តីរបស់លោក ហេង លីម ដែលមានឈ្មោះហៅក្រៅថា Will​ ។

អត្ថបទផ្សាយឡើងវិញ

ហេង លីម សព្វថ្ងៃនេះ លោកជា អ្នកជំនាញបង្កើតទស្សនីយភាព(​Visual Effect Artist)បម្រើការជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនក្នុងស្រុកមួយកន្លែងឈ្មោះថា Elite Mediaនិងជានាយកប្រតិបត្តិនៅ WillStudio។

បញ្ចប់ការសិក្សាជំនាញឌីហ្សាញ នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញលោក ហេង លីម បាននិយាយពី រឿងរ៉ាវជីវិតផ្ទាល់ខ្លួនជាច្រើន មុនពេលដែលលោកទទួលបានសមិទ្ធិផលដូចសព្វថ្ងៃនេះ។ លោកបានចាប់ផ្តើមចេញធ្វើការ ជាអ្នកបម្រើការឯករាជ្យ (Freelancer) នៅតាមក្រុមហ៊ុនក្នុងស្រុកជាច្រើន ចាប់តាំងពីលោករៀនថ្នាក់ទី១០មកម្ល៉េះហើយការងាររបស់លោកភាគច្រើន ទាក់ទងនឹងការរចនាក្រាហ្វិក កាត់ត ថតរូបនិងការងារផ្សេងទៀត។

លើសពីនេះទៅទៀត លោកបានចំណាយពេលប្រហែល ៥ឆ្នាំ(តាំងពីលោករៀននៅវិទ្យាល័យ) ក្នុងការជួយធ្វើការ ជាមួយក្រុមហ៊ុនរបស់បងប្រុសលោក។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននោះចាប់ផ្តើមពីចំណុចសូន្យទាំងអស់ គឺលោកនិងបងប្រុស មានគំនិតចង់រកស៊ីដោយផ្ទាល់ខ្លួនឯង ហើយបានធ្វើការផ្ទាល់ដោយមិនមានជួលបុគ្គលិក ព្រោះពួកគេមិនសូវមានទុនគ្រប់គ្រាន់ប៉ុន្មានទេ។

ប្រវត្តិគ្រួសារ និងការសិក្សាពីក្មេង

ជាកូនទីពីរនៃគ្រួសារដែលមានជីវភាពមធ្យម លោកបានសិក្សានៅសាលារដ្ឋ តាំងពីថ្នាក់ទីមួយ ប៉ុន្តែប្រវត្តិសិក្សារបស់លោក មិនសូវជាទទួលបានផលវិជ្ជមានទេព្រោះមិនសូវបាន ខំប្រឹងរៀនក្នុងថ្នាក់ប៉ុន្មានដែរ។ និយាយបណ្តើរសើចបណ្តើរ លោកបន្តថា“កាលនៅក្មេង គិតតែពីគេចសាលាចូលលេងហ្គេម រហូត ដល់ពេលលេងយូរៗទៅ ខ្ញុំឃើញរូបតុក្កតា ក្នុងហ្គេមវាស្អាតខ្ញុំចូលចិត្តហើយមានអារម្មណ៍ថាចង់គូរវា ចង់បង្កើតវាដូចគេដែរ”។​ ការស្រលាញ់និងចំណង់ចំណូលចិត្តនេះមានតាំងពីលោកនៅក្មេងមកម៉្លេះ។

អនុស្សវរីយ៍មួយទៀត ដែលធ្វើអោយលោក ចាំមិនអាចភ្លេចបាននោះគឺសំណេរថ្នាក់ទីប្រាំមួយ។ លោកនិយាយបន្តថា “ចាំបានថាកាលនោះគ្រូអោយសរសេរថាធំឡើងចង់ធ្វើការអ្វី ហើយខ្ញុំសរសេរថាចង់ធ្វើជាអ្នកកាត់តមិនដឹងយ៉ាងម៉េចដែរកាលនោះពិន្ទុសំណេរនោះ គឺធ្លាក់តែម្តងព្រោះប្រហែលជាអ្នកគ្រូ មិនដឹងថាកាត់តនោះជាអ្វីហើយមើលទៅ”។​

ចាប់ផ្តើមរៀនចេះកម្មវិធីកុំព្យូទ័រ Photoshop Version 1.7 លោកបានរៀនកាត់តរូបភាព និងបានធ្វើជាគំនូរជីវចលមួយចំនួនទៀតកាលរៀនថ្នាក់ទីប្រាំបួន លោកបានយកវាអោយមិត្តភក្តិមើល ប៉ុន្តែអ្នកខ្លះមើលមិនយល់ហើយអ្នកខ្លះទៀតថា លោកយកវាចេញពីអ៊ិនធើណេតទៀតផង។ បើទោះជាអ្នកដទៃមិនយល់ពីសិល្បៈ របស់លោកយ៉ាងណាក៏ដោយក៏លោកមិនបោះបង់ដែរ ហើយនៅតែបន្តធ្វើវា ដោយលោកបានលើកឡើងនូវទស្សនៈមួយថា“ធ្វើអ្វីដែលអ្នកស្រឡាញ់ ហើយស្រឡាញ់អ្វីដែលអ្នកធ្វើ”។ លោកជឿជាក់ថាអ្វីក៏ដោយ ក៏នឹងប្រែប្រួលទៅតាមពេលវេលាដែរបើទោះជាគ្មានអ្នកស្គាល់យើងថ្ងៃនេះក្តី ក៏ថ្ងៃខាងមុខ គេនឹងអាចស្គាល់យើងបានដូច្នេះហើយកុំខ្វល់ច្រើន គិតតែពីធ្វើការអោយល្អទៅ។

សមិទ្ធិផលដែលមានសព្វថ្ងៃនេះ

លោករៀនបណ្តើរ ចេញធ្វើការបណ្តើរ តាំងពីនៅក្មេង ហើយលោកមិនសូវបានដើរលេងហ៊ឺហាឫសម្ភារៈនិយមទេ ផ្ទុយទៅវិញ លោកបានសន្សំប្រាក់ចំនូល ដែលរកបាននោះបន្តិចម្តងៗ ដើម្បីទិញសម្ភារៈប្រើប្រាស់ធ្វើការនិងបង្កើតក្រុមហ៊ុនមួយរបស់លោកផ្ទាល់។ គំនិតវិនិយោគទុននេះ មានតាំងពីពេលដែលលោករៀនឆ្នាំទីមួយនៅសាកលវិទ្យាល័យ ព្រោះលោកយល់ថា “មនុស្សមិនអាចនៅតែមួយកន្លែងបានទេយើងត្រូវចេះអភិវឌ្ឍខ្លួនឯង មិនអាចនៅធ្វើការអោយគេរហូតនោះទេ យើងធ្វើការអោយគេ បានរៀនច្រើនដឹងច្រើនប៉ុណ្ណឹងដែរហើយចឹងវាក៏សមល្មមនឹងធ្វើជាមេគេម្តងដែរ”។

រហូតមកដល់ពេលនេះ លោកបានបង្កើតក្រុមហ៊ុនមួយគឺ Will Studio ដែលវាជាការខិតខំប្រឹងប្រែងរបស់លោកទាំងអស់តាំងពីបាតដៃទទេមក គឺមិនបានទទួលការផ្គត់ផ្គង់ថវិកា ពីសំណាកក្រុមគ្រួសារបន្តិចទេ។អ្វីដែលជម្រុញទឹកចិត្ត ក្នុងការបង្កើតវានោះគឺ ចំណង់ចំណូលចិត្តផ្ទាល់ ក្នុងការធ្វើអ្វីប្លែកៗទាក់ទងនឹងផ្នែកក្រាហ្វិកម្យ៉ាងវិញទៀតលោកគិតថា បច្ចុប្បន្ននេះជាឱកាសល្អសម្រាប់ការរកស៊ីនៅស្រុកខ្មែរ។

ជាងនេះទៅទៀត សមិទ្ធិផលជាច្រើន របស់លោកត្រូវបានសាធារណជន ទទួលស្គាល់ជាបន្តបន្ទាប់ជាក់ស្តែងនៅឆ្នាំ២០១៣ ខ្សែភាពយន្តខ្នាតខ្លីរបស់លោក ដែលមានចំនងជើងថា “13th July : the time machine”ត្រូវបានជ្រើសរើសយកទៅបញ្ចាំងនៅ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងនៅមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ។ នៅឆ្នាំ២០១៥ខ្សែភាពយន្តខ្នាតខ្លីមួយទៀតរបស់លោក គឺ “​Arrested Ream Eyso” ត្រូវបានជ្រើសរើសទៅប្រកួត ក្នុងកម្មវិធីប្រកួតខ្សែភាពយន្ត​SESIFF នៅប្រទេសកូរ៉េ។ បន្ទាប់មកទៀត លោកក៏បានជាប់ក្នុងកម្មវិធីជំរុំភាពយន្តនៅកូរ៉េទៅធ្វើជាអ្នកគ្រប់គ្រងផលិតនៅទីនោះ។

ក្រៅពីការងារទាំងអស់នេះ លោកហេង លីម បានចំណាយពេលរបស់លោក ទៅលើបណ្ដាញសង្គមយូធូប (youtube) ក្នុងគោលបំណង បង្កើតជាវីដេអូភាពយន្តនិងគំនូរជីវចលជាច្រើនទៀត ដើម្បីធ្វើអោយឧស្សាហកម្មភាពយន្តនៅកម្ពុជា មានការរីកចម្រើនឡើង។

គួរបញ្ជាក់ផងដែរថា គោលបំណងនៅថ្ងៃអនាគតគឺ ចង់ពង្រីកក្រុមហ៊ុនរបស់លោកអោយមានលក្ខណៈទ្រង់ទ្រាយធំ ដូចក្រុមហ៊ុននៅអាមេរិក IMLStudio។ ចំណែកគោលបំណងមួយទៀត សម្រាប់ខ្លួនឯងគឺ ចង់ដើរលេងអោយបានច្រើនតាមដែលអាចធ្វើទៅបាន៕

អត្ថបទដោយ៖ ចន ច័ន្ទបូតា