ភ្នំពេញ៖ សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់​ប្រជាជនកម្ពុជា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ នេះបើយោង​តាម​ស្ថានទូតអាម៉េរិក ប្រចាំនៅកម្ពុជា។

បើតាមស្ថានទូតអាម៉េរិកបានបញ្ជាក់ នាព្រឹកទី ២៣កក្កដា នេះថា៖ យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ​រាជ​រដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក(WHO) និងអង្គការ UNICEF ដើម្បី​បញ្ជូនវ៉ាក់សាំងទាំង​នោះមក ក្នុងពេលឆាប់ៗខាងមុខ​នេះ។

សូមរម្លឹកផងដែរថាកន្លងមកនេះ ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ នៅកម្ពុជាបានលើកឡើងថា សហរដ្ឋអាមេរិក ជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់កម្ពុជា ក្នុង ពេល​នៃការរីករាលដាលជំងឺជាសាកលមួយនេះ ដោយផ្តល់ជំនួយផ្ទាល់ក្នុងការទប់ស្កាត់ ជំងឺ​កូវីដ ១៩ មានតម្លៃជាទឹកប្រាក់ ១១ លានដុល្លារអាម៉េរិក ជំនួយជាបច្ចេកទេសដ៏សំខាន់ ក្នុង​ការ​ពង្រឹងបន្ថែមនូវភាពជាដៃគូផ្នែកសុខភាពដ៏យូរអង្វែង និងផ្តល់ជំនួយជាង ៤ ពាន់លាន​ដុល្លារ ដែលជាជំនួយដ៏ច្រើនលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក់ របស់អង្គការ​សុខភាពពិភពលោក៕