រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន២៧រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់និស្សិតជ័យលាភីទាំងអស់ បើទោះបីជាជាប់ការងារប្រចាំថ្ងៃជាបុគ្គលិក នៅវិស័យឯកជន និងជាមន្ត្រីរាជការក្តី តែបានបញ្ចេញសមត្ថភាពរហូតជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។ 

សម្តេចក្រឡាហោម បានបន្ថែមថា ការខិតខំទាំងនេះបានឆ្លុះបញ្ជាំងឱ្យឃើញពីឆន្ទៈដ៏មោះមុត ក្នុងការស្វែងរកចំណេះវិជ្ជា ដើម្បីកសាងអនាគតរបស់ខ្លួនផង ក៏ដូចជាបានចូលរួមចំណែកក្នុងការកសាងអនាគតរបស់ប្រទេសជាតិយើងផង។

សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលីទាំងអស់ នឹងបន្តកិច្ចខិតខំប្រឹងប្រែងនេះរហូតទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងយកចំណេះដឹងទាំងនេះ មកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិវិញ។ 

សូមជម្រាបជូនថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកលទ្វេភាគីនិងតំបន់។