ក្នុងនាមជាសហគ្រិនដែលជោគជ័យម្នាក់ អ្នកបានដឹងថា គ្រាន់តែចង់ធ្វើជាម្ចាស់អាជីវកម្មគឺខុសគ្នាដាច់ស្រលៈពីការដាក់ឲ្យដំណើរការក្រុមហ៊ុនមួយ ប្រកបដោយប្រសិទ្ធភាព។ ការយកអាជីវកម្មទៅក្នុងដំណាក់កាលថ្មីដោយការ ពង្រីកខ្លួន មិនមានភាពខុសគ្នាច្រើនទេ ហើយក៏មិនងាយស្រួលជាងការបើកដំណើរការអាជីវកម្មដំបូងដែរ។
Sheffield

ភាពជឿជាក់និងការយកចិត្តទុកដាក់ ជាសញ្ញាសម្គាល់ថា សហគ្រិនពិតជាបានរៀបចំខ្លួនដើម្បីពង្រីកអាជីវកម្មបន្ថែម។ប្រសិនបើអ្នកមិនប្រាកដថា ខ្លួនឯងរួចរាល់ទេ សូមមើលចំនុចខាងក្រោម ដែលជាការផ្ទៀងផ្ទាត់ដើម្បីអាចដឹងថា តើអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅ៖

១. អ្នកមានក្រុមការងារដែលខ្លាំង

បើគ្មានក្រុមការងារគ្រប់គ្រងដ៏រឹងមាំនិងមានចំណូលចិត្តលើការងារ ក៏ដូចជាបុគ្គលិកដែលអាចជឿទុកចិត្តបានប្រកបដោយគំនិតល្អៗ នោះអ្នកគួរតែពិចារណាឡើងវិញ ពីការពង្រីកអាជីវកម្មបន្ថែម។ការពង្រីកអាជីវកម្ម គឺដូចជាការពង្រីកភាពតានតឹង ហើយតម្រូវឱ្យអ្នកបោះបង់ ការគ្រប់គ្រងដោយផ្ទាល់ដោយប្រគល់ឲ្យបុគ្គលិកជាអ្នកគ្រប់គ្រងជំនួស។ តើអ្នកមានទុកចិត្តលើក្រុមការងារនិងការសម្រេចចិត្តរបស់ពួកគេប៉ុណ្ណា? ហើយតើក្រុមការងាររបស់អ្នកបាន ត្រៀមខ្លួនសម្រាប់ភារកិច្ចថ្មីដែលអ្នកកំពុងប្រគល់ឱ្យឬទេ? តើពួកគេនឹងនៅជាមួយអ្នក បានប៉ុន្មានឆ្នាំ? អ្នកត្រូវសម្រេចចិត្តរកនរណា ដែលអាចចូលរួមទៅមុខជាមួយអ្នកបាន ហើយអ្នកណាដែលមិនអាចបន្តទៅមុខទៀតបានទេ។

២. អតិថិជនរឹងមាំក្នុងដៃ

អតិថិជនដែលអ្នកមាន អាចប្រាប់អ្នកបានថា តើអ្នកត្រៀមខ្លួនរួចដើម្បីពង្រីកអាជីវកម្មឬនៅ។ប្រសិនបើមានអតិថិជនច្រើន ស្នើសុំឱ្យអ្នកបើកទីតាំងថ្មី ឬពង្រីកសេវាកម្មបន្ថែម អ្នកអាចប្រាកដថាអ្នកមានតម្រូវការនិងអតិថិជនដ៏ស្មោះត្រង់។ វិធីមួយទៀត ដែលពួកគេអាចបង្ហាញបាន គឺតាមការទិញរបស់ពួកគេ។តើអតិថិជនស្វែងរកអ្នកដោយខ្លួនឯងទេ? តើពួកគេត្រលប់មកវិញ ម្ដងហើយម្ដងទៀតទេ? ទាំងនេះគឺជាសូចនាករដ៏រឹងមាំ ដែលអាជីវកម្មរបស់អ្នកអាចត្រៀមខ្លួនសម្រាប់កំណើនបន្ថែម។

៣. អាជីវកម្មកំពុងស្ថិតក្នុងតម្រូវការខ្ពស់ 

ប្រសិនបើតម្រូវការសម្រាប់ផលិតផល ឬសេវាកម្មរបស់អ្នក គឺលើសពីសមត្ថភាពផ្គត់ផ្គង់មានន័យអ្នកអាចពង្រីកអាជីវកម្មក្នុងពេលឆាប់ៗនេះ។ ប្រសិនបើហាងអ្នក មានភ្ញៀវចូលកកកុញត្រូវការទីតាំងដែលធំជាងនេះដើម្បីផ្ដល់សេវា អ្នកត្រូវប្រាកដថា តម្រូវការមានកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនខែជាប់ៗគ្នាមិនមែនគ្រាន់តែជាការកើនឡើងបណ្តោះអាសន្ននោះទេ។

៤. អ្នកមានលុយគ្រប់គ្រាន់

សំដៅលើ ប្រាក់ចំណូល ប្រាក់ចំណេញ លំហូរសាច់ប្រាក់ និងហិរញ្ញប្បទាន​គឺមានគ្រប់គ្រាន់ដើម្បីទ្រទ្រង់អាជីវកម្មក្នុងកំឡុងពេលវេលាជាក់លាក់រហូតដល់រកចំនេញឃើញ។អ្នកនឹងត្រូវការលុយច្រើនដើម្បីចំណាយក្នុងដំណាក់កាលនៃការពង្រីកអាជីវកម្មបន្ថែម មានន័យថាអ្នកនឹងមានការចំណាយដែលមិនបានមើលឃើញមុន និងការវិនិយោគដែលត្រូវរងចាំរយៈពេលយូរទើបទទួលបានផលចំនេញមកវិញ។ តើអ្នកមានសាច់ប្រាក់គ្រប់គ្រាន់ទេ ដើម្បីផ្គត់ផ្គង់ការពង្រីកអាជីវកម្មទំរាំតែទទួលបានជោគជ័យ ឬទេ? សាច់ប្រាក់នោះអាចបានមកពីហិរញ្ញប្បទានខាងក្រៅ។

៥. ផែនការបានបង្ហាញឲ្យឃើញ ពីដំណើរការដែលអាចទទួលបានជោគជ័យ

ប្រសិនបើអ្នកអាចរៀបចំភាពជោគជ័យ ដែលទទួលបានពីអាជីវកម្មបច្ចុប្បន្នឲ្យមានលក្ខណៈជាប្រព័ន្ធ ដើម្បីអាចសម្រេចបានគោលដៅបាន មានន័យថា អ្នករួចរាល់ហើយសម្រាប់ការពង្រីកអាជីវកម្ម។ការឈានដល់គោលដៅមុនការកំណត់ គឺជាការចង្អុលបង្ហាញដ៏ល្អមួយថា ការរៀបចំផែនការនិងគំរូអាជីវកម្មមានភាពរឹងមាំគ្រប់គ្រាន់សម្រាប់បញ្ហាប្រឈមថ្មីៗ។ ខណៈពេលកំពុងរៀបចំផែនការពង្រីកអាជីវកម្មអ្នកត្រូវប្រាកដថា ឧស្សាហកម្មឬទីផ្សាររបស់អ្នក មានភាពល្អប្រសើរ ហើយអ្នកមានផែនការទីផ្សារនិងផែនការលក់ឲ្យលម្អិតសម្រាប់ចំណែកទីផ្សារថ្មីដែលអ្នកនឹងត្រូវប្រឈម។

៦. អ្នកមានប្រព័ន្ធសម្រាប់ដំណើរការរួចរាល់

ប្រសិនបើអ្នកមិនអាចប្រគល់ប្រតិបត្ដិការអាជីវកម្ម ទៅនរណាម្នាក់ផ្សេងទៀតនោះវាប្រហែលជាមិនមែនជាពេលវេលាត្រឹមត្រូវ ដើម្បីពង្រីកអាជីវកម្មរបស់អ្នកទេ។ប្រសិនបើថ្ងៃស្អែកការលក់កើនឡើងទ្វេដង តើក្រុមការងារបំរើអតិថិជនបានត្រៀមលក្ខណៈដើម្បីដោះស្រាយតម្រូវការថ្មីទាន់ពេលដែរឬទេ? តើអ្នកបានគិតពីកន្លែងដែលត្រូវទុកសារពើភ័ណ្ឌបន្ថែមយ៉ាងម៉េច? ប្រសិនបើអ្នកត្រូវការជួលមនុស្សថ្មីបីនាក់នៅសប្តាហ៍ក្រោយតើពួកគេនឹងមាន ផែនការបណ្តុះបណ្តាលទេ? ទោះបីជាអ្នកបានចងក្រងជាប្រព័ន្ធឯកសាររួចហើយក៏ដោយ អ្នកនឹងត្រូវធ្វើការច្រើនជាងមុនទ្វេដង ពេលចាប់ផ្ដើមពង្រីកអាជីវកម្មបន្ថែម។ត្រូវប្រាកដថា ការផ្លាស់ប្តូរមិនមានភាពរអាក់រអួល ឬមានបញ្ហាដល់អ្នក និងក្រុមរបស់អ្នក។

ប្រសិនបើឥឡូវនេះ អ្នកមិនមានទំនុកចិត្តក្នុងការពង្រីកអាជីវកម្ម ចូរកុំប្រញាប់ប្រញាល់។ សូមបង្កើតគម្រោងឲ្យបានច្បាស់លាស់ពីកំណើន ត្រូវពង្រឹងនិងកសាងក្រុមឲ្យខ្លាំង រក្សានិងបង្កើនអតិថិជនឲ្យបានច្រើននិងរៀបប្រព័ន្ធដំណើរការឲ្យបានច្បាស់លាស់នៅពេលនោះអ្នកនឹងកាន់តែរីករាយក្នុងការពង្រីកអាជីវកម្មបន្ថែម៕