លោកវន រ៉ានី ជា​និស្សិត​ដែលទទួលបានអាហារូបករណ៍ដែលកំពុង​សិក្សាអនុបណ្ឌិត​​ផ្នែកវិទ្យាសាស្រ្ត​ថែទាំនៅសាកលវិទ្យាល័យ ឈុន អាន ក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។

ក្នុង​វ័យ ២៥ឆ្នាំ លោក វន រ៉ានី ជា​កូន​ទី៣ ក្នុងចំណោមបងប្អូន៤នាក់ ដែល​លោក​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ។ លោក បានបញ្ចប់​ការសិក្សា​ថា្នក់​វិទ្យាល័យនៅ «វិទ្យាល័យ​សុខ អាន ទន់លាប» ក្នុង​ខេត្តតាកែវ បន្ទាប់ពី​នោះមក លោកក៏បាន​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ ផ្នែកវេជ្ជសាស្រ្តនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ដែលគេស្គាល់ថាជា«សាលាក្រហម»។​ ក្រោយពីបានបញ្ចប់ការសិក្សាពីនោះមកលោកក៏បានផ្ទេរទៅសិក្សានៅសកលវិទ្យាល័យ មួយទៀតនៅក្នុងខេត្តព្រះសីហនុហើយលោកក៏បានផ្លាស់ប្តូរជំនាញពីវេជ្ជសាស្រ្តទៅជា វិទ្យាសាស្ត្រថែទាំវិញ។

ជាងនោះទៅទៀត​ បន្ទាប់ពីបាន បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យក្នុងខេត្តព្រះសីហនុមក  លោកបានធ្វើការជាគិលានុបដ្ឋាកផ្នែកវេជ្ជសាស្ត្រ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ឈ្មោះថា​«ហេប្រូន»​អស់រយៈពេល ១៨ ខែ។ ក្រោយពី ចាកចេញ ពី មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រូន លោកក៏បានធ្វើការជាប្រធានត្រួតពិនិត្យនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អស់រយៈពេលជិតមួយឆ្នាំ។ 

ជាមួយនឹង​ក្តី​ស្រមៃ​និង​ក្តីសង្ឃឹម​ខ្ពស់លោក​តែងតែ​មានគំនិត​និង​ប្រាប់​ខ្លួនឯង​ថា៖«ថ្ងៃមួយ​ខ្ញុំ​នឹង​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​និងមាន​បទពិសោធន៍​ជីវិតរស់​នៅ​ទីនោះ»។ក្នុង​ឆ្នាំ ២០១៥ ខែកុម្ភៈ លោក​ក៏ បានទទួល​អាហារូបករណ៍ ពី សកលវិទ្យាល័យ ឈុន អាន (Chung- Ang) ​ដែលជាកម្មវិធីអ្នកវិទ្យាសាស្ត្រវ័យក្មេង ឈុនអាង។

សម្រាប់លោក នេះមិនមែនជាលើកដំបូងរបស់លោកឡើយដែលធ្វើដំណើរទៅប្រទេសកូរ៉េ។ ក្នុងរយៈពេលពីរឆ្នាំ កន្លងទៅលោកបានទៅប្រទេសកូរ៉េម្តងរួចមកហើយ អស់រយៈពេលជិត ៣ ខែ។ ពេលនោះលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹង បណ្ណាល័យធំ របស់ពួកគេដែល ពេញទៅដោយសៀវភៅនិងមានសិស្សជាច្រើនសម្រុកទៅអាននិងស្រាវជ្រាវនៅទីនោះ។ បានឃើញដូចនោះក៏ធ្វើឲ្យលោកចាប់ផ្តើម ចូលចិត្ត វិស័យអប់រំនៅក្នុង ប្រទេសកូរ៉េខាងត្បូង ពីពេលនោះមក។​

បើ​និយាយ​ពី​ការសិក្សា​របស់លោក​នៅ​ស្រុក​ក្រៅ​វិញ​វា​មាន​ភាពលំបាក​ខ្លះ​ដែរនៅ ពេលដែលលោកមកដល់ប្រទេសនេះដំបូង ដោយ​លោក​ បាន​បញ្ជក់​ថាប្រព័ន្ធ​សិក្សា​នៅ​ប្រទេស​គេ(កូរ៉េ)គឺមាន​ភាពខុសគ្នា​បន្តិច​ជាមួយ​ប្រទេស​កម្ពុជា។ សម្រាប់​លោកជា​ខ្មែរ​មួយរូប​ដែល​មក​សិក្សា​តាមបែប​ប្រព័ន្ធ​សិក្សា​ថ្មី​របស់​កូរ៉េបែបនេះដូច្នេះ​រូបលោក​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បីបន្ស៊ំខ្លួន​បាន។នៅទីនោះគឺលោកមានភាពលំបាកចំពោះការប្រាស្រ័យទាក់ទងគ្នាព្រោះថាជនជាតិកូរ៉េភាគច្រើនគឺមិនសូវចេះនិយាយភាសាអង់គ្លេសទេ ហើយម្យ៉ាងទៀតវប្បធម៌និងការរស់មានលក្ខណៈខុសពីខ្មែរផងដែរ។ ដូចនេះពេលខ្លះគឺលោក មានការយល់ច្រឡំ និងមិនយល់អំពីពាក្យសម្តីរបស់ពួកគេឡើយ។

លោក​ប្រាប់ថា នៅ​កូរ៉េសិស្ស​និស្សិត​ភាគច្រើន​មាន​ភាព​ឯករាជ្យ​ដោយពួកគេ​ត្រូវ​អាន​និង​សិក្សា​ស្រាវជ្រាវ​មុនពេល​ទៅ​ថ្នាក់រៀន។ វាពិតជាមានលក្ខណៈពិសេសខ្លាំងដូចជាលោកគ្រូ អ្នកគ្រូ​ បានបង្រៀន សិស្ស​អោយមាន​ គំនិតក្នុងការស្រាវជ្រាវស្វែងរកអ្វីដែលថ្មីៗ។​ សំរាប់ សិស្សវិញ ក្នុងការស្រាវជ្រាវនៅទីនេះ​គឺមាន​បណ្ណាល័យធំដែល​មាន​សៀវភៅជាច្រើន។​ ភាគច្រើន ស្ទើរតែគ្រប់សៀវភៅទាំងអស់​មាន​ជាភាសាដើម។​ លោកក៏បានបញ្ជាក់ផងដែរថា នៅទីនោះគេមាន​ ធនធានគ្រប់គ្រាន់ក្នុងការសិក្សាស្វែងយល់ពីសលកលោកខាងក្រៅតាមរយៈភាសាកំនើតរបស់គេ។​ ដូចច្នេះគេអាចយល់ដឹងបាន​ ស៊ីជម្រៅជាង​ការប្រើភាសាទី២(អង់គ្លេស)។ វាខុសពីប្រទេសកម្ពុជាត្រង់ថានៅសកលវិទ្យាល័យគឺទាមទារឲ្យសិស្សចេះភាសាអង់គ្លេសច្រើន បើចង់ស្រាវជ្រាវច្រើនព្រោះកម្ពុជានៅមិនទាន់មានឯកសាជាភាសាខ្មែរទូលំទូលាយឡើយ។​​ និយាយជារួមគឺប្រទេសកូរ៉េមានទាំងធនធានមនុស្សព្រមទាំង សំភារៈក៏ដូចជា​ឯកសារគ្រប់គ្រាន់។​ មិនតែប៉ុណ្ណោះបើសិស្សឬគ្រូចង់ធ្វើការស្រាវជ្រាវអ្វីមួយរដ្ឋាភិបាលមានទាំងថវិកាសម្រាប់ជួយឧបត្ថម្ភផងដែរ។

អំពី​ការរស់នៅ​របស់លោក​វិញលោក​បាន​ប្រាប់ថា គឺ​វា​មិន​ដូចជា​ពេលដែល​លោក​បានរស់នៅ​ក្នុងប្រទេស​កម្ពុជា​ទេដោយ​លោក​ធ្លាប់តែ​រស់នៅ​ជាមួយ​ក្រុមគ្រួសារនិងមាន​ភាពកក់ក្តៅ​តែ​ឥឡូវ​រូបលោក​ត្រូវ​រស់នៅ​តែម្នាក់ឯង​ហើយ​ត្រូវមាន​ការទទួលខុសត្រូវ​លើ​ខ្លួនឯង។លោកបានប្រា​ប់ថាវាមិនខុសពីនិស្សិតដែលរស់នៅបរទេសដទៃទេ ព្រោះថានៅពេលដែលលោករស់នៅទីនោះលោកត្រូវរៀនធ្វើការងារជាច្រើនដោយខ្លួនឯងដូចជា ការធ្វើកិច្ចការផ្ទះការចំអិនម្ហូបអាហារព្រមទាំងរឿងផ្សេងទៀត។ លោកបានបន្ថែមថា៖​«វា​គឺជា​ការលំបាក​ប៉ុន្តែ​វា​ជា​បទពិសោធ​ជីវិត​មួយ​ដ៏​មានតម្លៃ​ដែល​នរណាម្នាក់​ត្រូវតែមាន​និង​ជំ​នះ​ឲ្យ​បាន ដោយយើងគួរចាំថាភាពជោគជ័យបានផ្តល់ឲ្យយើងនូវសេចក្តីសង្ឃឹម ប៉ុន្តែភាពបរាជ័យបានផ្តលឲ្យយើងនូវបទពិសោធន៍»។

លោកនិយាយបន្ថែមថាការរស់នៅម្នាក់ឯងដោយឃ្លាតឆ្ងាយពីឪពុកម្តាយវានឹងជួយបង្រៀនយើងឲ្យក្លាយទៅជាមនុស្សដែលមានភាពរឹងមាំមានទំនួលខុសត្រូវលើខ្លួនឯង និង បានបង្រៀនយើងឲ្យចេះដោះស្រាយបញ្ហាដែលយើងមិនធ្លាប់ជួនប្រទះទៀតផង។ចំពោះ​អាកាសធាតុ​នៅទីនេះ​ក៏​ជា​បញ្ហា​សម្រាប់​លោក​ដែរដោយនៅ​វា​មាន​លក្ខណៈ​ត្រជាក់​ ប៉ុន្តនៅពេលដែលលោកនៅក្នុងសាលារៀន ឬនៅក្នងភោជនីយដ្ឋានឬកន្លែងផ្សេងទៀតគឺវាមិនរងារទេ លើកលែងតែពេលដើរចេញក្រៅដោយមិនបានពាក់អាវក្រាស់ៗប៉ុណ្ណោះ។​

លោកបានលើកឡើងថា៖«ខ្ញុំគិតថាសម្រាប់ពេលឥឡូវនេះ ការស្តាប់ ការបង្រៀន នេះគឺជាការ លំបាកណាស់សម្រាប់ ខ្ញុំព្រោះក្នុងមេរៀន វេជ្ជសាស្រ្ត របស់ប្រទេសកូរ៉េគឺមានពាក្យគន្លឹះច្រើន។ ជាងនេះទៅទៀតនៅក្នុងឆមាស ដំបូងរបស់ខ្ញុំដែលទើបមកដល់ទីនេះចំពោះ ការទំនាក់ទំនង គឺជាបញ្ហាចម្បង ប៉ុន្តែបន្ទាប់ពី រៀនបានមួយឆមាស មកខ្ញុំគិតថា ខ្ញុំពិតជា មានភាពប្រសើរឡើងច្រើន។ ខ្ញុំអាច ប្រាស្រ័យទាក់ទង ជាភាសាកូរ៉េបានខ្លះៗដោយខ្ញុំធ្លាប់បានរៀនភាសាកូរ៉េនៅស្រុកខ្មែរផងដែរ»។ ដើម្បី យកឈ្នះលើការ លំបាក ទាំងនោះលោកបានចំណាយពេលមើលមេរៀនមុនពេលដែលលោកទៅថ្នាក់រៀន ជាប្រចាំ ហើយបន្ទាប់ពីនោះលោកក៏បានសុំមេរៀនគ្រូយកមកមើលបន្ទាប់ពីរៀនចប់។ ​បើសិនជានិស្សិតកូរ៉េបានអានមេរៀនម្តង នោះ លោកត្រូវអានពីឬបីដងដើម្បីយល់អត្ថន័យមេរៀននោះ។ ក្នុងអំឡុងពេល​សិក្សា​របស់លោក​នៅ​ទីនោះ លោកបានរៀន ពីរបៀបធ្វើការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត សុខាភិបាលដែលមានប្រសិទ្ធិភាពជាងមុន។ លោកបានធ្វើការពិសោធន៍ច្រើននៅលើម៉ូដែល កណ្តុរ។ លោកនិយាយថា៖«ខ្ញុំស្រឡាញ់មុខជំនាញនេះ ក្នុងនាមជាអ្នកវិទ្យាសាស្រ្តវ័យក្មេង»។​

បន្ថែមពីនោះទៅទៀត លោកបានរៀនអំពី ប្រព័ន្ធថែទាំសុខភាព ពីប្រទេសកូរ៉េនិង លើពិភពលោក តាមរយៈសន្និសីទអន្តរជាតិផ្សេងៗនៅទីនោះ។ ហើយព្រមទាំងអាចទទួលបានការងារអន្ដរជាតិតាមរយៈកម្មវិធី អ្នកស្ម័គ្រចិត្ដនិង សិក្ខាសាលាផងដែរ។ ហើយអ្វីដែលសំខាន់នោះគឺលោកបានរៀន ពីរបៀបធ្វើជា អ្នកដឹកនាំល្អ និងអ្នកអប់រំល្អ នៅ​ក្នុងប្រព័ន្ធ ថែទាំសុខភាព។ លោកបានសង្កត់ធ្ងន់ថា៖«  ខ្ញុំសង្ឃឹមថាខ្ញុំ អាចចែករំលែកបទពិសោធន៍ ក៏ដូចជាចំណេះដឹងដែលខ្ញុំរៀននៅទីនេះទៅដល់មិត្តភក្តិ ឬមនុស្សដែលនៅជុំវិញខ្លូនខ្ញុំ នៅពេលដែលខ្ញុំ ត្រឡប់ទៅប្រទេសកម្ពុជាវិញ» ។

ជាចុងក្រោយលោក​បាន​ផ្តាំផ្ញើរ​ទៅដល់​យុវជន​ទាំងអស់​ថា៖ «ប្រសិនបើ​អ្នក​ពិតជា​ចង់​មានឱកាស​ទៅ​សិក្សា​នៅ​បរទេស,អ្នក​ត្រូវតែ​មានការ​តាំងចិត្ត​ខ្ពស់ ចេះ​ត្រៀមខ្លួន​ឲ្យ​បានល្អ និង កំណត់​គោលដៅ​និង​គោលបំណង​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់ព្រមទាំង​ធ្វើ​អ្វីដែល​ខ្លួន​ចង់​ធ្វើ​និង​កុំ​ខ្លាច​នឹង​ភាពបរាជ័យ​ឲ្យ​សោះពីព្រោះ​បរាជ័យ​គឺជា​ស្ពាន​ឈានទៅរក​ភាពជោគជ័យ»។ 

អត្ថបទដោយ ចាន់ ​ជីវ៉ា