ភ្នំពេញ៖ ផ្សាររដ្ឋទាំងអស់ នឹងអាចបើកដំណើរការឡើងវិញ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្ដីសម្រេច របស់អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ខណៈដែលការឆ្លងថ្មីក្នុងរាជធានីភ្នំពេញ នាថ្ងៃ១៩ ឧសភា មានចំនួន ១៧២នាក់ទៀត។
ការសម្រេចនេះ មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៅឡើយទេ។
ការបើកដំណើរការផ្សាររដ្ឋឡើងវិញនេះ អាជ្ញាធរអំពាវនាវនូវការអនុវត្តន៍វិធានការ ៣ការពារ ៣ កុំ និងត្រូវបន្តអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ដដែល ក៏មានការដាក់ពិន័យផងដែរចំពោះអ្នកមិនអនុវត្តវិធានការដែលមាន ព្រមទាំងការចាត់ឲ្យស្កេន QR Code តាមច្រកចេញចូលរបស់ផ្សារ។