DOM NORK - តំណក់ជាគេហទំព័រក្នុងហ្វេសបុកមួយដែលមានអ្នកគាំទ្រប្រមាណជាង ១ម៉ឺន នាក់ បង្កើតដោយក្រុមយុវជន៣ នាក់ ក្នុងនោះមាន លោក វន់ វរៈ អាយុ ២៥ ឆ្នាំ ជាមន្រ្តីបច្ចេកទេសក្នុងក្រសួងមួយកញ្ញា ធៀម គឹមហ៊ីង អាយុ ២៦ ឆ្នាំ ជាបុគ្គលិកជំនាញគ្រប់គ្រង់ហិរញ្ញវត្ថុក្នុងក្រុមហ៊ុនឯកជនមួយព្រមទាំងលោក កឹម រដ្ឋបូណ៌មី អាយុ ២២ ឆ្នាំ ជានិស្សិតផ្នែក ឌីហ្សាញ ម្នាក់។
ទាំង ៣ នាក់ បានសម្រេចចិត្តបង្កើតជាជំនួញបោះពុម្ពអាវយឺត ដែលមានរូបផ្លែកៗ ដូចជារូបភាពតួអង្គក្នុងល្ខោនខោលឬល្ខោនស្បែធំ និងតូច និងរចនាបទបុរាណខ្មែរជាច្រើនទៀត។ យុជនកឹម រដ្ឋបូណ៌មីដែលជាអ្នកឌីសាញរូបភាពខាងលើ បានរៀបរាប់ថា៖ «ផលិតផលដែលយើងបង្កើត គឺក្នុងគោលបំណងលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌របស់ជាតិ ហើយដោយសារពួកយើងទាំង៣នាក់ មានចំនូលចិត្តលើសិល្បៈបុរាណដូចគ្នា»។
តំណាងក្រុម កញ្ញា គឹមហ៊ីងបានពន្យល់ពីដើមហេតុដែលបង្តើត តំណក់ នេះថា៖ «មកពីយើងទំនេរពេក ហើយយើងតែងគិតថាចង់បង្កើតអ្វីមួយដែលជាផលិតផលរបស់ខ្លួន ក្រោយពីពិភាក្សាគ្នាជាច្រើនដងពេលជួបជុំក្នុងហាងកាហ្វេយើងក៏សម្រេចបង្កើតតំណត់ នេះឡើង ដោយចូលដើមគ្នាម្នាក់ ១០០ ដុល្លារ»។
ការចាប់ផ្តើមដំបូង ហាក់មើលទៅងាយស្រួលក្នុងបង្កើតជំនួញនេះដោយពួកគេទាំង ៣នាក់សុទ្ធតែមានជំនាញរៀងៗខ្លួន និងមានពេលគ្រប់គ្រាន់ពួកគេក៏ធ្វើការប្រថុយដោយមិនគិតពីការខាត់បង់ឡើយ ព្រោះថា ការចេញលក់ផលិតផលអាវយឺតដំបូងជាការបញ្ជារទិញជាមុន មុនការបោះពុម្ព។ ពួកគេគ្រាន់តែចំណាយពេលលើការបង្កើតគេហទំព័រឌីហ្សាញរូបភាពសម្រេចរបស់អាវយឺត វាយតម្លៃរបស់អាវយឺតរួចរាល់ ហើយធ្វើការផ្សព្វផ្សាយភ្លាមៗនៅលើគេហទំព័រដែលទើបបង្កើត និងចំណាយថវិកាខ្លះសំរាប់ ធ្វើការ ផ្សព្វផ្សាយឬ Sponsors។
លោក វន់ វិរៈ បង្ហាញការចាប់អារម្មណ៍ថា៖«ដំបូងខ្ញុំមិនមានសង្ឃឹមថា មានអ្នកចង់ទិញអាវយឺតរបស់យើងទេ តែគ្រាន់តែថ្ងៃទីមួយមានការបញ្ជាទិញជាមុន ជាងមួយរយអតិថិជនទៅហើយ»។ កញ្ញា គឹម ហ៊ីង តំណាងក្រុមតំណក់បន្ថែមថា៖«និយាយទៅសឹងតែមិនជឿថា មានការគាំទ្រច្រើនបែបនេះ និយាយទៅដំបូងយើងបានសិក្សាស្វែងរកវត្ថុធាតុដើមដែលមានគុណភាព ព្រោះចង់ឱ្យការប្រើប្រាស់បានស្រួល និងមានរយៈពេលយូរអង្វែងដូចនេះទោះជាតម្លៃខ្ពស់ជាងអាវយឺតបោះពុម្ពដែលដាក់លក់នៅតាមផ្លូវច្រើនមែនតែការគាំទ្រផលិតផលថ្មីនេះនៅតែកើនឡើង»។
ផលចំនេញពីការលក់អាវយឺតនេះពួកគេបានដាក់សន្សំវាជារួម ដើម្បីបន្តបង្កើតផលិតផលជាច្រើនទៀត មិនតែប៉ុណ្ណោះពួកគេក៏ចង់បន្តលក់ផលិតផលរចនាបទខ្មែរនេះ ក្នុងហាងពិតប្រាកដមួយក្នុងថ្ងៃអនាគតដែរដោយសារមានការស្នើសុំពីសំណាក់អ្នកគាំទ្រជាច្រើន។ មិនតែប៉ុណ្ណោះអ្នកគាំទ្ររបស់គេក៏បានស្នើឱ្យពួកគេចេះបរិច្ចាគផលចំនេញខ្លះចូលក្នុងមន្ទីរពេទ្យឬមណ្ឌលកុមារកំព្រាជាដើម។
សំណើរបស់អ្នកគាំទ្រក៏បណ្តាលឱ្យយុវជនទាំង ៣ នាក់សម្រេចចិត្តបរិច្ចាគថវិកាចំនេញ ១២០០ រៀល រាល់ពេលលក់បានអាវយឺតមួយទៅដល់មន្ទីរពេទ្យគន្ធាបុប្ផា ។
ដោយហេតុថា ខែខ្លះពួកគេមិនមានពេលគ្រប់គ្រាន់សម្រាប់ទទួលការបញ្ជារទិញ ពួកគេក៏បាត់បង់ការគាំទ្រខ្លះៗដែរ តែគឹមហ៊ីងបន្តថា៖ «គ្រប់ពេលដែលយើងគិតថាមានពេលយកអីវ៉ាន់ឱ្យអតិថិជន យើងក៏ប្រើលុយផ្សព្វផ្សាយតាមហ្វេបុក (sponsor) ហើយក៏មានការកម្មង់ទិញឥតដាច់ជាបន្តទាំងអតិថិជនចាស់ និងថ្មី»។ ពួកគេបន្ថែមថាមានពេលខ្លះហត់ពេកសូម្បីតែលើកទូរស័ព្ទទទួលការបញ្ជាទិញក៏មិនទាន់ដែរ។
ដោយសារការងារឯកជនក៏សំខាន់ហើយណាមួយដើមទុនក្នុងការបើកហាងនៅមានស្តួចស្តើងនៅឡើយ ការពង្រីកការលក់ផលិតផលនៅតែជាបញ្ហាហើយផលចំនេញក៏នៅមានកម្រិតនៅឡើយ។ ដូចនេះមានពេលខ្លះក៏មានអារម្មណ៍ថាចង់បោះបង់តែលោក វន់ វិរៈ តែងតែដាស់តឿនដល់ក្រុមថា៖ «នែក ដើរមកដល់ទីនេះហើយគ្មាននរណាម្នាក់ដើរថយក្រោយឡើយតែជួនកាល គឺខ្ញុំផ្ទាល់ដែលមានអារម្មណ៍ថា ហត់ខ្លាំង»។
សារជាចុងក្រោយរបស់ក្រុមយុវជនទាំង៣នាក់ថា៖ «សូមចូលរួមបង្កើត មុខជំនួញរបស់ខ្លួនឯង ជាក្រុម ឬជាឯកជនផ្ទាល់ខ្លួនមិនសំខាន់សំខាន់បំរើតម្រូវការរបស់ទីផ្សារ ដោយភាពស្មោះត្រង់ បើមិនស្មោះត្រង់និងអតិថិជនទេអ្នកលក់បានតែម្តងទេ»៕
អត្តបទដោយ៖ សេង ធី