ខេត្តក្រចេះ៖ ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយមិនពិតមួយចំនួន តាមបណ្ដាញសង្គម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ បានចេញលិខិតបំភ្លឺ ដោយមានការបញ្ជាក់ថា ការរុះរើផ្ទះសសរ១០០ គឺដើម្បីជួយសង្គ្រោះផ្ទះបុរាណ និងបញ្ជៀសការខូចខាតដោយប្រការណាមួយ។ នេះបើតាមលិខិតរបស់ប្រធាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ ចុះថ្ងៃ ២៤មិថុនា ២០២០។

ការរុះរើនេះ ក៏មានសំណូមពរ និងការយល់ព្រមទទួលយកសំណងពីម្ចាស់ផ្ទះ ឲ្យរុះរើចេញឲ្យបានឆាប់ ដើម្បីធ្វើផ្ទះថ្មីចែកឲ្យកូនចៅរបស់គាត់។

លិខិតក៏បានបញ្ជាក់ទៀតថា ការរុះរើនេះ គឺមានការប្រឹក្សាយោបល់ជាមួយបុរាណវិទូស្ថាបត្យករ និងវិស្វករជំនាញរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បះ ហើយក្រសួងក៏មានបំណងយកសំណង់នេះទៅសាងសង់ឡើងវិញ ក្នុងបរិវេណវត្តរកាកណ្ដាល ទីរួមខេត្តក្រចេះ៕