រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យមួយ ដោយត្រាស់បង្គាប់តែងតាំង លោក ឌិត ទីណា ជារដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានឡាយព្រះហត្ថលេខានាថ្ងៃទី ១៤ តុលា ឆ្នាំ ២០២២។

ការចេញព្រះរាជក្រឹត្យនេះ ក្រោយពីកិច្ចប្រជុំរដ្ឋសភាកម្ពុជា នាព្រឹកទី​១៤ តុលានេះ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័នលើបេក្ខភាព លោក ឌិត ទីណា ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសំឡេង១១១ លើ១១១។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដែលធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមាជិករដ្ឋសភាសរុប១១១រូប។

យោងតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាត្រា២១ បានចែងថា នាយករដ្ឋមន្ត្រីលើកសំណើផ្លាស់ប្តូរ និងជំនួសសមាជិករាជរដ្ឋាភិបាលជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ ក្រោយពីរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយ សមាជិករាជរដ្ឋាភិបាលនោះ ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ៕