សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ផាម ម៉ិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តីវៀតណាម​ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទំាងពីរកម្ពុជា-វៀតណាម​ ថាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា​ និង ឯកឧត្ដម ផាម ម៉ិញជិញ បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការជំរុញទំនាក់ទំនងរវាងបក្ស រដ្ឋ​ និងប្រជាជននៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត​ ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមរវាងប្រទេសទំាងពីរដែលមានស្រាប់​ ឲ្យកាន់តែមានប្រសិទ្ធភាព ចំនុចណាដែលបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំនុចណាដែលពុំទាន់មានលទ្ធផលល្អខិតខំធ្វើឲ្យប្រសើរឡើង។

ការបេ្តជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងឱកាស​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសម្តែងការគួរសមជាមួយឯកឧត្ដម ផាម ម៉ិញជិញ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នាការិយាល័យរដ្ឋាភិបាលក្នុងទីក្រុងហាណូយ។

ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅក្នុងប្រទេសវៀតណាមនាឱកាសនេះ ថានឹងជំរុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរកាន់តែរីកចម្រើនឡើង។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រនិងជំរុញដល់វិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង។

ឆ្នាំ២០២១ទំហំពាណិជ្ជកម្មប្រទេសកម្ពុជានិងវៀតណាម មានទំហំទឹកប្រាក់ប្រមាណ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មប្រទេសទំាងពីរសម្រេចបាន៧ពាន់លានដុល្លារទៅហើយ។ ឯកឧត្ដម ផាម ម៉ិញជិញ​ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា​ បច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន១៨៨ កំពុងវិនិយោគនៅកម្ពុជា។

ឯកឧត្ដម ផាម ម៉ិញជិញ បានជម្រាបសម្តេចពីគម្រោងបំពេញទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា នាខែវិច្ឆិកាខាងមុខ ស្របពេលដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ២០២២។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-វៀតណាម។ សម្តេចបានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី ក៏នៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម៕