ពិន្ទុខ្ពស់ជាងគេប្រចាំសាកលវិទ្យាល័យជាចំណុចខ្លាំង របស់យុវសិស្សកម្ពុជាម្នាក់ដែលធ្វើឱ្យរូបគេជាប់ឈ្មោះជានិស្សិតឆ្នើម ដែលត្រូវស្ថាប័នវិស្វកម្មប្រទេសថៃ ព្រមទាំងស្ថាប័នវិស្វកម្មប្រចាំព្រះរាជវាំងថៃ ផ្តល់ជូននូវមេដាយមាសឆ្នើម ក្រោមព្រះរាជទានពីព្រះមហាក្សត្រថៃ នៅព្រះបរមរាជវាំងក្រុងបាងកក ប្រទេសថៃនាពេលថ្មីៗនេះ។
យុវសិស្ស លាង ដាលីម ជានិស្សិតអាហារូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យ រ៉ាឆាផាត់ឆៃយ៉ាភូមិ (ChaiyaphumRajabhat University ) ជំនាញផ្នែកវិស្វកម្មមេកានិច ត្រូវបានជាប់ឈ្មោះទទួលមេដាយមាសឆ្នើមខាងលើ បានរៀបរាប់ប្រាប់ ក្រមាប៉ុស្ដិ៍ថា ការទទួលបានមេដាយមាសនេះ គឺត្រូវឆ្លងកាត់ការវាយតម្លៃពីស្ថាប័នវិស្វកម្មនៃប្រទេសថៃ។ ស្ថាប័នជំនាញប្រចាំប្រទេសនេះ ធ្វើការវាយតម្លៃលើពិន្ទុរបស់និស្សិតប្រចាំសាកលវិទ្យាល័យនីមួយៗ នៅទូទាំងប្រទេសថៃ ដែលពិនិត្យមើលពិន្ទុសិក្សាតាំងពីឆ្នាំទី១ រហូតដល់ឆ្នាំបញ្ចប់ការសិក្សា។
ជាលទ្ធផល និស្សិតអាហារូបករណ៍ខ្មែរ លាង ដាលីម មានពិន្ទុខ្ពស់ជាងគេ ជាប់ឈ្មោះជានិស្សិតឆ្នើមដែលតម្រូវឱ្យស្ថាប័នវិស្វកម្មថៃផ្តល់កិត្តិយស ជាមេដាយមាសឆ្នើមក្រោមព្រះរាជទានពីព្រះមហាក្សត្រថៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់ឆ្នាំ២០២០នេះ គឺមាននិស្សិតវិស្វកម្មចំនួន៤៤នាក់ នៅទូទាំងប្រទេសថៃ ដែលជាប់ឈ្មោះជ័យលាភីទទួលបានរង្វាន់ខាងលើនេះ ហើយក្នុងចំណោម៤៤រូបនោះ គឺមាននិស្សិតខ្មែរ៣នាក់ និងក្រៅពីនេះ ជានិស្សិតថៃ។
គួររំលឹកដែរថានិស្សិតអាហារូបករណ៍ឆ្នើមកម្ពុជា ឆ្នាំទី៤ ខាងលើ ជាអតីតសិស្សនៃវិទ្យាល័យជ័យវរ្ម័នទី៧ ខេត្តកណ្តាល។ យុវសិស្ស លាង ដាលីម បានប្រលងជាប់សញ្ញបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៦ និងប្រលងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។ នៅឆ្នាំ២០១៧ លាង ដាលីម បានប្រលងជាប់អាហារូបករណ៍ក្រោមព្រះរាជទានម្ចាស់ក្សត្រីសុរិនថន ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសវិស្វកម្មមេកានិច នៅសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិប្រទេសថៃ។
កាលពីឆ្នាំ២០១៩ យុវសិស្សរូបនេះ ក៏បានជាប់ជ្រើសរើសជាតំណាងឱ្យយុវជនកម្ពុជា និងសាកលវិទ្យាល័យឱ្យទៅចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា ក្នុងកម្មវិធី GKS for ASEAN countries' Science and Engineering Students នៃជំនាញផ្នែកវិស្វកម្ម នៅសាធារណរដ្ឋកូរ៉េខាងត្បូង រយៈពេល១ខែផងដែរ៕