គ្រូគំនូរ ឃុន​សូថា៖ «ទោះ​ជា​បាន​លុយ​តិច​មែន​ តែ​វា​ជា​ញើស​ឈាម​របស់​ខ្ញុំ​​...»

«ការ​អប់រំ​មាន​តំលៃនិង​សារៈ​សំខាន់​ណាស់​​សំរាប់​ជីវិត​ បើ​សិន​ជា​ខ្ញុំ​បាន​ចូល​រៀន​ និង​មាន​បញ្ញា​រៀន​សូត្រ​ដូច​គេជីវិត​របស់​ខ្ញុំ​ក៏​មិន​រសាត់​អណ្តែត​ដូច​ចក​ដែរ​» នេះ​ជា​សម្តី​រ​ត្អូញ​ត្អែរ​របស់​យុវ​ជន​មួយ​រូប​ដែរ​ជា​វិចិត្រករ​គំនូ​រ​និង​ជា​គ្រូ​បង្រៀន​គំនូរ​នៅ​សាលា​អង្គការសិល្បៈ​​ចំ​ប៉ី​។

លោក ​ឃុន សូថា អា​យុ ២៩ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភ្នំពេញ​ ជា​វិចិត្រ​ករ​គំនូរ​ម្នាក់​ ដែល​ត្រាច់ច​រ​ជីវិត​តាម​កាលៈទេ​សៈព្រោះ​តែ​ជីវ​ភាព និង​ការ​កំ​ព្រា​។ ក្រោយ​ពេល​ដែល​លោក​ឪពុក​របស់​យុវ​ជន សូ​ថាបានបាត់បង់ជីវិត​ តាំង​ពី​ពេល​លោក​រៀន​នៅ​ថ្នាក់​ទី​៩ សូថា​ក៏​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ដើរ​ត្រា​ច់ចរ និង​បោះបង់​ការ​សិក្សា​នៅ​សាលារៀន​ រួច​ចាប់​អាជីប​ជា​ជាង​គំនូរ​ក្រោយ​ពី​បាន​រៀន​សូត្រ​ អស់​រយៈ​ពេល ៥ឆ្នាំ​នៅ​សាលា​អង្គការ​សិល្បៈ​រៃ​យំ​។

ក្នុង​វ័យ ១៦ ឆ្នាំ ចាក​ចេញ​ពី​ផ្ទះ មក​ដើរ​រស់​នៅ​ជាមួយមិត្ត​ភ័ក្រ្ត​សូ​ថា ជួប​ប្រទះ​នឹងភាព​លំបាក​ ក្រ​ខ្សត់​ ឯ​ការ​ តែ​វា​ជាពេល​វេលា​ ដែល​លត់​ដំ​ខ្លួន​ឱ្យ​មាន​ភាព​រឹង​មាំ ចេះ​ដោះ​ស្រាយ​បញ្ហា​ក្រពះ​ និង​ ការពារ​ខ្លួន​ឯង​។

ជា​ភ័ព្វ​សំណាង​ដែល យុវ​ជន សូ​ថា មាន​និស្ស័យនិង​ទេ​ព្យ​កោ​ស​ល្យ​ ក្នុ​ង​សិល្បៈ​គំនូរ​ ក្រោយ​ពី​ចាក​ចេញ​ពី​គ្រួសារ​ម្តាយ​មីង​ដែល​ទទួល​ចិញ្ចឹម​សូថា ​បន្ទាប់​ពី​ឪពុក​ស្លាប់​ទៅ សូ​ថា បញ្ជាក់​ថា​៖ «គំនូរ​ជា​ឆ្នាំង​បាយ​របស់​ខ្ញុំ​ខ្ញុំ​មាន​ថ្ងៃនេះ​ បើ​គ្មាន​ជំនាញ​គូរ​គំនូរ​ទេ​ មិន​ដឹង​ជា​ទៅ​ជា​យ៉ាង​ណា​ទេ​»

សិស្បៈ​គំនូរ​ដែល សូ​ថាចេះ​មាន​ជា​គំនូរ​រូប​មនុស្ស​ (Portrait) គំនូរ​បុរាណ និង​គំនូរ​សហ​សម័យ​។ក្នុង​ឆ្នាំ ២០១៤ សូ​ថា អាច​រក​ចំនូល​បាន​ទៀង​ទាត់ ​តាម​រយៈ​ការ​គូរ​រូប​មនុស្ស​ នៅ​ផ្សារ​រាត្រី​រៀង​រាល់​សប្តាហ៍ក្រោយ​មក​ទៀត​ក្នុង​ឆ្នាំ២០១៦ តាម​រយៈ​សាលា​សិល្បៈ​រៃ​យំ សូថា​ មាន​ឱ​កាស​ បាន​ធ្វើ​ដំណើរ​ទៅ​តាំង​ពិពណ៌​សិល្បៈ​នៅ​សហ​រដ្ឋ​អាមេរិច​ រយៈ​ពេល​ជាង​ ២ខែ​កន្លះ​។

ក្រោយ​មក​ទៀត​ក្នុង​ឆ្នាំ២០១៣ ដោយ​មាន​ការ​សហការ​ពី ​ខាង​អ្នក​ផលិត​ខ្សែភាព​ ជន​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ​ ​រស់​នៅ​បរ​ទេសយុវ​ជន រូ​ប​នេះ បាន​បង្កើត​ស្នាដៃ​សិស្បៈ​គំនូរ​ រូប​ភាព​ចំណង​ជើង​ខ្សែ​ភាព​យន្ត​(MoviePoster) ពី​បុរាណ ​ដោយ​ការ​ស្រាវ​ជ្រាវ​រក ​រូប​ភាព​ចំណង​ជើង​ខ្សែ​ភាព​យន្ត​តាំង​ពី​សម័យ​១៩៦០ ដល់ ១៩៧០ មក​គូ​ឡើង​វិញ​ឱ្យ​ដូច​ទាំង​ស្រុង​ ក្នុង​ផ្ទៃ​ក្រឡា​ធំ​ជាង​មុន​ ១០​ទៅ​ ២០ ដង​ ដើម្បី​តាំង​បង្ហាញ​ក្នុង​មហោស្រព​ភាព​យន្ត​ខ្មែរ​ ​ពី​ជំនាន់​នោះ​។

តាម​ការ​មើល​ឃើញ​របស់​សូ​ថា សិល្បៈ​តែ​មួយ​មុខ​មិន​បាន​ធ្វើ​ឱ្យ ​ជី​វ​ភាព​ប្រសើរ​ឡើង​ទេ​។ យុ​វ​ជ​ន ឃុនសូថា បាន​លើក​ឡើង​ថា​៖ «តាម​ពិត​ទៅ ​អ្នក​គូរ​គំនូ​រ​បាន​ចំនូល​ច្រើន​មែន​ តែ​មិន​មែន​បាន​រាល់​ថ្ងៃ​ដែល​ជួន​កា​ល​ ២​ទៅ​៣ខែ​ មិន​មាន​ចំនូល​សោះក៏​មាន​»។

តែ​ការ​តាំង​ចិត្ត​ល្អ​ខិតខំ​ព្យា​យាម​ នាំ​សំណាង​និង​ជីវិត​ឱ្យ​ប្រសើរ​ឡើង​ លោក​ សូថា ក៏​មិន​ដែល​ដាច់​បាយ​ដែរ​បើ​ទោះជា​គ្មាន​ការងា​រ​គំនូ​រ​ព្រោះ​រាល់​ពេល​ដែល​មាន​ភាព​ខ្វះខាត់​ ការងា​រ​ក៏​ចេះតែ​រត់​រក​ ហើយ​ក៏​មាន​មិត្ត​ភ័ក្រ្ត​ជួយ​គាំ​ទ្រ​និង​ជ្រុំជ្រែង​ ផ្តល់​ការងា​រ​នាយអាយ​ឱ្យ​ធ្វើ​បណ្តោះ​អា​សន្ន​។

យុវ​ជន​រូប​នេះ​ បើ​ទោះ​ជា​មាន​ងារ​ជា​អ្នក​វិចិត្រ​ករជួន​កាល​ពេ​ល​​ចេញ​ពី​កន្លែង​គំនូរ​ គាត់​ក៏​ឆ្លៀត​ទៅ​រត់​តុ​ក្នុង​ហាង​ការ​ហ្វេក្រឡុក​ស្រា​ក្នុង​ភោជ​នី​ដ្ឋាន​ដែរ​ ដែល​តាម​ភាព​ជាក់​ស្តែ​ង លោក​មិន​បណ្តោយ​ឱ្យ​ខ្លួន​មាន​ពេល​ទំនេរ​នៅ​ចូល​រួម​ជាមួយ​អំពើរ​អបាយ​មុខ​ឡើយ​ ​។​

លោក សូថា បញ្ជាក់​ថា​៖«មែន​ទែន​ទៅ​ខ្ញុំ​ឃើញ​មិត្ត​ភ័ក្រ្ត​ខ្លះ​ មាន​លុយ​ចាយ​ច្រើន​ ហ៊ឺហារ​ណាស់​ ខ្ញុំ​សួរ​គេ​ធ្វើ​អី​បាន​មាន​ម្លេះ​តែ​ខ្លះ​ថា​លក់​ថ្នាំ​ លួច​ឆក់​របស់​គេ​ គឺ​ថា​មាន​ស្ទើរ​គ្រប់​យ៉ាង​ ទាំង​អាក្រក់​ទាំង​ល្អ​ តែ​ខ្ញុំ​គ្រាន់​តែ​ស្គាល់ៗ​រាប់​អាន​ បើ​ឱ្យ​ខ្ញុំ​ទៅ​ធ្វើ​ដូច​គេ​ខ្ញុំ​សុខ​ចិ​ត្ត​ធ្វើ​ការ​របស់​ខ្ញុំ​វិ​ញ​ ទោះ​ជា​បាន​លុយ​តិច​មែន​តែ​វា​ជា​ញើស​ឈាម​របស់​ខ្ញុំ​ដែ​រ​»។

ការ​អត់​ធ្មត់​ និង​សុច​រិត​ភាព​របស់​វិចិត្រករ​រូប​នេះនាំ​ខ្លួន​លោក​ឱ្យ​រួច​ផុត​ពី​បញ្ហា​កង្វល់​នានា​ក្រៅតែ​ពី​ភាព​ក្រីក្រ​បន្តិច និង​ភាព​កំព្រា លោក​មាន​ការងារ​ប្រចាំ​ថ្ងៃមាន​មិត្តភ័ក្រ្ត​ជា​ច្រើន​ ហើយ​បន្ចុ​ប្បន្ន​លោក​ក៏មា​ន​លទ្ធភាព​បើក​ជា​អាហារដ្ឋាន​តូច​មួយ​​ផងដែរ​។

លោក សូ​ថា  បន្ត​ថា​៖ «មក​ពី​ខ្ញុំ​ចូល​ចិត្ត​ហូប​ និយាយ​ទៅ​ពេល​មាន​ហាង​ម្ហូប​ចឹងវា​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​មក​ហូប​នៅ​កន្លែង​ខ្លួន​ឯង​ មិន​ចំណាយ​ច្រើន​ ហើយ​វា​ជា​ក​ន្លែង​ជួប​ជុំ​មិត្ត​ភ័ក្រ្តនិង​និយាយ​រឿង​ការងារ​សិល្បៈ​របស់​ខ្ញុំ​ផង​ដែ​រ​»។

ជា​ចុង​ក្រោយ​ សូ​ថា ក៏​សូម​ផ្តាំ​ផ្ញើ​ដល់​យុវជន​ដែល​មាន​បញ្ហា​គ្រួសារ​ដូច​ខ្លួន​ដែល​ថា​៖ «សូម​កុំ​អស់​សង្ឃឹម​ ហើយ​ត្រូវ​ចាំ​ថា​បើ​មាន​លទ្ធភាព​កុំ​បោះបង់​ការ​សិក្សា​ តែ​បើ​ទៅ​មិន​រួច​ ត្រូវ​ចាប់​ជំនាញ​មួយ​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត​ទោះជា​មាន​ចំនូល​តិច​ក្តី​ច្រើន​ក្តី​ ឱ្យ​តែ​កុំ​ទៅ​ឆក់​ ប្លន់​របស់​អ្នក​ដ៏​ទៃយើង​មិន​ងាយ​ស្លាប់​ទេ​»៕

អត្ថបទ​ដោយ​៖ សេង ធី