ក្រុមហ៊ុនសាជីវកម្ម UAC របស់សហរដ្ឋអាមេរិក នឹងផលិតគ្រឿងបន្លាស់យន្តហោះនៅរោងចក្រមួយដែលមានតម្លៃ170 លានដុល្លារនៅទីក្រុង ដាណាង។

ក្រុងហាណូយ៖ សារព័ត៌មានរបស់វៀតណាម បានផ្សាយថា ក្រុមហ៊ុន Universal Alloy Corporation Asia Pte. Ltd. (UAC) ដែលមានទីទាំងនៅសហរដ្ឋអាមេរិក  ទទួលបានការអនុញ្ញាត ឲ្យសាងសង់រោងចក្រ ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងទឹកប្រាក់ វិនិយោគ ១៧០លានដុល្លារ  ដោយរដ្ឋបាលដាណាង ប្រទេសវៀតណាម។

នៅពេលដំណើរការ រោងចក្រនេះនឹងផលិត 4.000ផ្នែកនៃគ្រឿងបន្លាស់យន្តហោះ ហើយនឹងត្រូវ នាំចេញទៅកាន់ទីផ្សារអាមេរិកខាងជើង និងសហភាពអឺរ៉ុប។

ក្រុមហ៊ុន UAC គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះឈានមុខគេលើពិភពលោក ក្រោមកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែង ឲ្យក្រុមហ៊ុន Boeingនិងក្រុមហ៊ុន Airbus ។

ប្រទេសវៀតណាម បានបើករោងចក្រផលិតគ្រឿងបន្លាស់យន្តហោះដំបូង ដោយក្រុមហ៊ុន Hanwha Group របស់កូរ៉េខាងត្បូង កាលពីខែធ្នូឆ្នាំមុនផងដែរ៕