រាជធានីភ្នំពេញ៖ នៅចុងខែមករា និងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជានឹងបញ្ជូនកងទ័ពមួកខៀវ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ចំនួន ១៨៤នាក់ ជាកម្លាំងវិស្វកម្មពហុជំនាញ និងទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំនួន២១៩ ជាកម្លាំងវិស្វកម្មនិងកងកំទេចគ្រឿងផ្ទុះ ដើម្បីប្តូរវេនកម្លាំងចាស់ដែលត្រូវបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ។ 

រយៈពេល១៦ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិបានបញ្ជូនកងកម្លាំងសរុបចំនួន ៧៨៩៩នាក់ ក្នុងនោះមាននារីចំនួន៥២៨នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩មានជាអាទិ៍៖ ស៊ូដង់ ឆាដ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់។ 

នេះជាការបញ្ជាក់ឱ្យដឹង ពីឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី៦ ខែមករានេះ ក្នុងពិធីសំណេះសំណាល ជាមួយកម្លាំងទ័ពមួកខៀវ ត្រូវចេញទៅបេសកកម្មអង្គការសហប្រជាជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈកម្មាធិការជាតិសម្របសម្រួលនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្លាំងមួកខៀវកម្ពុជា ដែលត្រៀមចេញទៅបេសកកម្មនេះ គឺជាការឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តបង្កើនការចូលរួមទាំងបរិមាណ និងគុណភាព របស់ប្រមុខរាជរដ្ឋាភិបាល ហើយកម្លាំងទាំងនេះ បាននឹងកំពុងទទួលការហ្វឹកហ្វឺនស្របតាមការកែទម្រង់ថ្មីរបស់ អ.ស.ប. តាមរយៈសកម្មភាពដើម្បីសន្តិភាពបូក និងស្របទៅនឹងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕