ប្រិយ៍មិត្តភាគច្រើនប្រាកដជាធ្លាប់បានដឹងបានឮហើយអំពីពាក្យថា Teamwork ដែលយើងអាចពិណ៌នាវាថាជាការសហការធ្វើការងារជាក្រុម ឬជាការសាមគ្គីជាក្រុម។ សម្រាប់អត្ថបទនេះប្រិយ៍មិត្តអាចស្វែងយល់លម្អិតបន្ថែមអំពីអត្ថន័យនៃ Teamwork ឬកិច្ចសហការការងារជាក្រុមនេះនិងអត្ថប្រយោជន៍របស់វា។

*និយមន័យរួម

មានការឱ្យនិយមន័យភាគច្រើនទៅលើពាក្យថា Teamworkនេះ គឺគេសម្តៅលើ ការធ្វើកិច្ចការអ្វីមួយក្នុងរូបភាពជាក្រុមៗ។ប៉ុន្តែអត្ថន័យពិត វាពុំគ្រាន់តែជាការដាក់កិច្ចការមួយទៅឱ្យក្រុមមួយធ្វើ ហើយៗនោះទេពោល វាគឺជាសមត្ថភាពដែលអាចធ្វើការជាមួយអ្នកដទៃផ្សេងៗ ហើយអាចជួយគ្នាបង្កើនសក្តានុពលសមត្ថភាពរៀងខ្លួន ដើម្បីសម្រេចបាននូវគោលដៅរួមគ្នា មិនថាតូច ឬធំដោយប្រសិទ្ធិភាពនិងប្រកបដោយបរិយាកាសរីករាយ ។ ដូចនេះវាជាហេតុផលពិសេសដែល Teamwork មានភាពសំខាន់នៅកន្លែងការងារ។ ហើយវាក៏ជាអ្វីដែល អ្នកដឹកនាំតែងស្វែងរកនិងបង្កើតវានៅក្នុងចំណោមបុគ្គលិកការងាររបស់ពួកគេ។ 

*អត្ថប្រយោជន៍នៃ Teamwork

ដោយហេតុថា Teamwork ពិតជាមានប្រយោជន៍ដើម្បីសម្រេចកិច្ចការងារជាច្រើ​នដូចនេះយើងមកដឹងនូវលក្ខណៈពិសេសដែលជាអត្ថប្រយោជន៍របស់វា ដែលនាំឱ្យគេច្រើនអនុវត្តវាទៅក្នុងការសម្រេចកិច្ចការធំដែលមានដូចខាងក្រោមនេះ៖

. បង្កើនប្រសិទ្ធិភាពការងារ

អ្នកអាចស្រមៃមើលឧទាហរណ៍សាមញ្ញមួយ គឺគេឱ្យជាងឈើម្នាក់ផលិតចេញជាទូដាក់សម្ភារៈមួយ និងជាងឈើ៥នាក់ ផលិតចេញជាទូដាក់សម្ភារៈមួយដូចគ្នា។ តើនរណាផលិតហើយមុន?ប្រាកដណាស់ គឺជាង៥នាក់។ ក្នុងន័យនេះ គេសម្តៅបង្ហាញថា ការងារជាក្រុម (Teamwork)គឺបង្កើននូវប្រសិទ្ធិភាពការងារ ក៏ដូចជាការខំប្រឹងប្រែងសម្រាប់សម្រេចការងារ។Teamwork ដែលគេសម្តៅនោះ ក៏ជាការបង្កើនបរិយាកាសរីករាយនិងផលិតភាពការងារផងដែរ ដែលគេច្រើនជម្រុញទឹកចិត្តឱ្យមាន Teamwork នៅក្នុងចំណោមបុគ្គលិកការងារ។ ដោយហេតុថាវាជួយទាំងបុគ្គលផ្ទាល់ខ្លួននូវសមត្ថភាពពួកគេ ក៏ដូចជាការបំពេញកិច្ចការជាក្រុមក្នុងរូបភាព ការសហការ និងជួយគាំទ្រគ្នាទៅវិញទៅមក។

. ជួយបន្ថយស្ត្រេស

ការងារជាក្រុមក៏ជួយបន្ថយបាននូវភាពស្រ្តេសក្នុងទម្រង់មួយចំនួន។ឧទាហរណ៍ អ្នកធ្វើការតែម្នាក់ឯង សម្ពាធការងារច្បាស់ណាស់នឹងដាក់បន្ទុកលើអ្នក អ្នកនឹងស្ត្រេសដោយសារការព្រួយបារម្ភឬមួយថ្ងៃកំណត់ជិតមកដល់ជាដើម។ ដោយឡែក ជាមួយ Teamwork គឺបន្ទុកការងារនឹងត្រូវចែករំលែកគ្នា ហើយអនុវត្តទៅតាមមុខជំនាញដែលបុគ្គលនោះពូកែ។ ហើយករណីដែលមានសមាជិកម្នាក់បង្កើតកំហុសដោយអចេតនា ឬមានផលិតភាពការងារខ្សោយ ដូចនេះការអនុវត្ត Teamworkនឹងជួយបំពេញដោះស្រាយបញ្ហានោះ ដែលនាំឱ្យកិច្ចការមិនរាំងស្ទះ។ ហើយនេះចាត់ទុកជាការជួយកាត់បន្ថយស្រ្តេសក្នុងទម្រង់តូចមួយ។

. បង្កើនគំនិតនិងដំណោះស្រាយបញ្ហាប្រសើរឡើង

ធ្វើការ និងសហការជាក្រុម (Teamwork)គឺនឹងធ្វើឱ្យដំណោះស្រាយបញ្ហាបានប្រសើរឡើង ដោយហេតុថា គំនិតមកពីខួរក្បាលមនុស្សជាច្រើនរួមបញ្ចូលគ្នាដើម្បីឱ្យចេញជាដំណោះស្រាយ។ ផ្ទុយទៅវិញ បើមនុស្សតែម្នាក់ នឹងមានដំណោះស្រាយដូចគ្នាប៉ុន្តែគឺនៅក្នុងកម្រិតដែនកំណត់មួយ។ សរុបន័យជារួមមកវិញ Teamwork ផ្តល់ជាគំនិត និងបទពិសោធប្លែកផ្សេងគ្នាជាច្រើន នឹងជម្រុញឱ្យមានការជ្រើសរើសនូវជម្រើសដំណោះស្រាយបានប្រសើរជាង។ 

. បង្កើនទំនុកចិត្តនិងជម្រុញទឹកចិត្ត

នៅក្នុង Teamwork សមាជិកនីមួយៗមានលក្ខណៈពិសេសជំនាញផ្ទាល់ខ្លួន។ ហើយនៅពេលសហការ ចងជាក្រុមសម្រាប់បំពេញគោលដៅរួមនោះតម្លៃសមាជិកម្នាក់ៗនឹងកើនឡើង និងមានសារសំខាន់មិនអាចខ្វះបានសម្រាប់អនុវត្តចេញជាលទ្ធផលការងារមួយដែលមានប្រសិទ្ធិភាព។នោះដោយហេតុថាម្នាក់ៗបានចែករំលែក អនុវត្តនូវសមត្ថភាព ជំនាញពិសេសរៀងៗខ្លួន សម្រាប់បំពេញកិច្ចការរលូនឆ្ពោះទៅទិសដៅរួម។ដូច្នេះវាក៏បានបង្កើនតម្លៃដល់សមាជិកគ្រប់រូប ទាំងខ្លួនឯងផ្ទាល់និងនៅក្នុងក្រុមការងារ ដែលជាទំនុកចិត្ត និងការជម្រុញចិត្តពួកគេសហការគ្នាជាក្រុមបំពេញកិច្ចការដ៏មានប្រសិទ្ធិភាព៕

ប្រភព៖ weje, octanner