ភ្នំពេញ៖ កម្មសិទ្ធិសំដៅទៅលើសិទ្ធិដែលកម្មសិទ្ធិករនោះ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងវត្ថុដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីបាន នៅក្នុងទំហំដែលច្បាប់បានកំណត់។ ប៉ុន្តែដើម្បីឲ្យរូបវន្តបុគ្គលនិងនីតិបុគ្គលកាន់កាប់អចលនវត្ថុត្រឹមត្រូវតាមច្បាប់ នូវពេលដែលគាត់ក្លាយជាម្ចាស់កម្មសិទ្ធិឬកម្មសិទ្ធិករ។ យោងច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិអចលនវត្ថុត្រូវបានបែងចែកជា៦ ប្រភេទ គឺ៖
ប្រភេទទី១ កម្មសិទ្ធិឯកជន៖
សំដៅទៅលើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ដែលកម្មសិទ្ធិករមានសិទ្ធិប្រើប្រាស់អាស្រ័យនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ ។
ប្រភេទទី២ កម្មសិទ្ធិរបស់សមូហភាព៖
សំដៅទៅដី ឬសំណង់អគារដែលស្ថិតនៅក្នុងបរិវេណវត្តព្រះពុទ្ធសាសនា ដែលមិនអាចលក់ ឬបរិច្ចាគប៉ុន្តែអាចជួល ឬប្រវាស់បាន ដែលចំណូលត្រូវតែប្រើប្រាស់ក្នុងកិច្ចសាសនា។ លើសពីនេះកម្មសិទ្ធិសមូហភាព ក៏រួមបញ្ជូលទ្រព្យសម្បត្តិរបស់សហគមន៍ជនជាតិដើមភាគតិច និវេសនដ្ឋានដីដាំដុះប្រពៃណី និងដីដូវេនដំណាំរបស់សហគមន៍ជនជាតិដើមភាគតិច ។
ប្រភេទទី៣ កម្មសិទ្ធិអវិភាគ៖
សំដៅទៅលើកម្មសិទ្ធិលើទ្រព្យតែមួយ ដែលជារបស់បុគ្គលច្រើននាក់ហើយមិនអាចពុះចែកគ្នាបានដែលម្នាក់ៗមានចំណែករបស់ខ្លួន ។
ប្រភេទទី៤ សហកម្មសិទ្ធិ៖
កម្មសិទ្ធិប្រភេទនេះសំដៅដល់កម្មសិទ្ធិលើទ្រព្យជាអចលនវត្ថុ ដែលមនុស្សម្នាក់ៗមានចំណែកជាឯកជនរៀងៗខ្លួនបែងចែកតាមឡូត៍ និងមួយចំណែកទៀតជាទ្រព្យរួម ដូចជាអាគារខុនដូរ ឬអាផាមិន ។
ប្រភេទទី៥ កម្មសិទ្ធិសាធារណៈរបស់រដ្ឋ៖
សំដៅទៅដល់ទ្រព្យសាធារណៈ មិនអាចលក់បាននិងត្រូវរក្សារឲ្យគង់វង្សដើម្បីទុកជាទ្រព្យសម្បត្តិសំរាប់ជនរួមសង្គមអាចប្រើប្រាស់ជាសមូហភាពយូរអង្វែងដូចជាអគាររដ្ឋ ផ្លូវថ្នល់ កំពង់ផែដីគម្រប់ព្រៃឈើរ….។ល។ កម្មសិទ្ធិនៃទ្រព្យទាំងនេះមិនមានអាជ្ញាអាយុកាកំណត់បានទេ ។
ប្រភេទទី៦ កម្មសិទ្ធិឯកជនរបស់រដ្ឋ៖
សំដៅដល់ទ្រព្យដែលកើតចេញពីទ្រព្យសាធារណៈរបស់រដ្ឋ ដែលត្រូវបានគេធ្វើឲ្យបាត់បង់ប្រយោជន៍សាធារណៈនិងជាទ្រព្យឯកជនរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ ហើយអាចលក់ដូរ បែងចែកឬផ្ទេរកម្មសិទ្ធិតាមការកំណត់ដោយច្បាប់៕