ភ្នំពេញៈ ការធ្វើប្លង់គោល នគរូបនីយកម្មរាជធានីភ្នំពេញ ត្រូវបានរៀបចំឡើង (ជាច្រើនលើក) តាំងពីជាងមួយសតវត្សរ៍មកហើយ ប៉ុន្តែមានតែគម្រោងប្លង់គោលនគរូបនីយកម្មដែលបានរៀបចំដោយក្រសួង កសិកម្ម នៅថ្ងៃទី16 ខែមេសា ឆ្នាំ1950 តែមួយគត់ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់នៅឆ្នាំ1956។ 

ប្លង់គោលនាពេលនោះ គឺជាឧបករណ៍គោលដ៏សំខាន់មួយ (ក្នុងការគ្រប់គ្រង និងតម្រង់ទិស) ការអភិវឌ្ឍទីក្រុងភ្នំពេញ ចាប់ពីសម័យទទួលបានឯករាជ្យរហូតដល់សម័យមានសង្គ្រាម។ ពោល វាជាឯកសារដែលត្រូវបានគេប្រើប្រាស់ជាមគ្គុទ្ទេសក៍ សម្រាប់ការធ្វើបទប្បញ្ញត្តិនគរូបនីយកម្ម និងក៏ជាមគ្គុទ្ទេសក៍សម្រាប់គម្រោងធំៗដទៃទៀតដូចជាពហុកីឡដ្ឋានអូឡាំពិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បុរីកីឡា ដឺឡូត៍នៅជុំវិញពហុកីឡដ្ឋានអូឡាំពិក ទួលគោក សាលមហោស្រពព្រះសុរាម្រឹត វិមានឯករាជ្យ…។ល។ ដើម្បីឆ្លើយតបនឹងសេចក្តីប្រាថ្នា (មហិច្ឆតា) ធំៗរបស់ប្រទេស។ 

ប៉ុន្តែការធ្វើប្លង់គោលពេលនោះ បានគ្របដណ្តប់ត្រឹមព្រំដែនកំណត់ក្រុងមួយ ដែលមានទំហំមួយតូចនៅឡើយ ពោលគឺនៅត្រឹម 4 ខណ្ឌចាស់កណ្តាលក្រុងសព្វថ្ងៃ ដែលដីធ្លីត្រូវបានប្រើប្រាស់ អស់តាំងពីទសវត្សរ៍ឆ្នាំ1960 សម្រាប់អនុវត្តតាមផែនការពង្រីកទីក្រុងទៅគ្រប់តំបន់នានានៅ ពេលនោះ។ 

ចាប់ពីទសវត្សរ៍ឆ្នាំ1970 រហូតមកដល់បច្ចុប្បន្ន គ្រប់ការសាកល្បងដើម្បីកំណត់ នូវការរៀបចំធ្វើប្លង់គោលនគរូបនីយកម្មនានា ត្រូវទទួលបរាជ័យទាំងអស់ ដោយសារកង្វះធនធានមនុស្ស និងគ្មានមធ្យោបាយគ្រប់គ្រាន់ដែលអាចប្រើប្រាស់បាន និងដោយសារប្រទេសគ្មានស្ថិរភាព ជាពិសេសក្នុងរបបខ្មែរក្រហម ដែលភ្នំពេញមិនត្រឹមតែមិនអាចបន្តការអភិវឌ្ឍ តែត្រូវបានរងការបំផ្លិចបំផ្លាញ និងស្ទើរតែត្រូវបានបោះបង់ចោលទាំងស្រុង ក្លាយជាទីក្រុងដែលគ្មានមនុស្សរស់នៅ។ 

ចាប់ពីក្រោយថ្ងៃរំដោះ 7 មករា ឆ្នាំ1979 ភ្នំពេញត្រូវស្តារជាបន្តបន្ទាប់។ បន្ទាប់ពីមាន កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ពិសេសចាប់ពីឆ្នាំ1998 ដែលប្រទេសកម្ពុជាបានស្គាល់ស្ថិរភាពពេញលេញទូទាំងប្រទេសកើតពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាតុភូតនៃការអភិវឌ្ឍទីក្រុងមានល្បឿនយ៉ាងលឿន ដោយបានផ្លាស់ប្ដូរមាឌមាត្រដ្ឋានយ៉ាងឆាប់រហ័សតាមគំរូនៃការអភិវឌ្ឍមួយ ដែលរីកសាយដូចស្នាមតំណក់ប្រេងដែលស្រក់លើក្រដាស បន្តពីគម្រោងប្លង់នគរូបនីយកម្មនៃទីក្រុងចាស់។ 

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់នានាជាយក្រុង ក្នុងកាលៈទេសៈមួយដែលនៅមិនទាន់មានប្លង់គោលតម្រង់ទិស បាននាំឲ្យលេចចេញនូវនគរូបនីយកម្មមួយ ដែលមិនសូវមានលក្ខណៈត្រង់ស្មើអតុល្យភាពនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងនាំឲ្យមានភាពមិនគ្រប់ជ្រុងជ្រោយ ឬភាពខ្វះចន្លោះនៃប្រសិទ្ធភាព គ្រប់គ្រងលម្ហសាធារណៈ បរិក្ខារសាធារណៈនិងមធ្យោបាយដឹកជញ្ជូនដូចជាទោចក្រយានយន្តរថយន្ត។ 

ជាបទពិសោធជាក់ស្ដែងកន្លងនៅខាងក្នុងទំនប់កប់ស្រូវ ដែលទំនប់នេះត្រូវបានកសាងនៅភាគខាងជើងភ្នំពេញនៅដើមទសវត្សរ៍ឆ្នាំ1970 សម្រាប់ក្រវាត់សុវត្ថិភាពក្រុង ក្លាយជា តំបន់អភិវឌ្ឍចម្រុះមិនរាបស្មើមានការអភិវឌ្ឍដោយដុំតូចៗពង្រាយពុំស្មើសាច់គ្នា។

ការវិវត្តស្បែកខ្លានៅលើដែនដីដ៏ធំ ដែលជាដីសម្រាប់សាងសង់ទីក្រុងផងនិងជាដីសម្រាប់កសិកម្មផង នៅពេលដែលតំបន់នេះនៅមានការខ្វះខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ខ្លះ សម្រាប់គាំទ្រក៏ដោយ (ភ្លើងអគ្គិសនី ទឹកស្អាត ផ្លូវថ្នល់) ក៏នៅមានការបោះទីតាំងថ្មីនដីឡូត៍និង រោងចក្រនានាដែលជួនកាលស្ថិតនៅចម្ងាយរាប់គីឡូម៉ែត្រពីទីប្រជុំជន។ 

ជាមួយគ្នានេះ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃអាស៊ីអាគ្នេយ៍ បានបង្កើតឡើងនូវការប្រមូលផ្ដុំនៃភាពសំបូរបែបថ្មីៗជាច្រើន ដែលនឹងតម្រូវឲ្យមានការរៀបចំគម្រោងរៀបចំដែនដី ធំៗក្នុងក្រុង ដូចជាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបសាស្ត្រសម្រាប់គាំទ្រធំៗ និងការបង្កើត ឡើងនូវរចនាសម្ព័ន្ធគ្រប់គ្រងក្រុងធំមួយដ៏មានប្រសិទ្ធភាព។ ក្នុងបរិបទនេះ រាជធានីភ្នំពេញ ត្រូវតែស្វះស្វែងរកមធ្យោបាយដើម្បីទាក់ទាញនិងកៀរគរនូវហិរញ្ញប្បទានពីប្រភពនានាសំដៅធ្វើឱ្យសម្រេចគម្រោងអភិវឌ្ឍន៍សំខាន់ទាំងនេះ ។ 

ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមនោះ គឺការបណ្ដែតបណ្ដោយទៅតាមវិនិយោគិននានា ដែលគ្មានគម្រោងពិតប្រាកដ និងភាពមិនទៀងទាត់ ក្នុងការវិនិយោគ ដែលនាំឱ្យខូចប្រយោជន៍ដល់ការតម្រង់ទិសធំៗ សម្រាប់ការអភិវឌ្ឍទីក្រុងនា ពេលអនាគត។ 

ម្យ៉ាងទៀត យើងក៏ត្រូវតែគិតគូរពីការកើនឡើងទ្វេដងនៃចំនួនប្រជាជននិងផ្ទៃដីសម្រាប់ការកសាងពង្រីកទីក្រុងចាប់ពីពេលនេះរហូតដល់ឆ្នាំ2035 ដែលតម្រូវឱ្យមានការបង្កើតនូវ ហេដ្ឋារចនាសម្ព័ន្ធនិងបរិក្ខារសាធារណៈធំៗ បន្ថែមទៀតសម្រាប់ដែនដីរាជធានីភ្នំពេញមួយជាក្រុងធំ។