ភ្នំពេញ៖ លទ្ធផលនៃការសិក្សាលម្អិត ស្ដីពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៃផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ -ក្រុងបាវិត ត្រូវបានក្រុមហ៊ុនជំនាញចិន China Railway International Group Co., Ltd បង្ហាញពីរបាយការណ៍នៃលទ្ធផលសិក្សាជាផ្លូវការហើយ។ 

នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមហ៊ុនជំនាញចិន China Railway International Group Co., Ltd បានធ្វើការបង្ហាញរបាយកាណ៍ស្តីពីលទ្ធផល នៃការសិក្សាបច្ចេកទេសនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ក្រោមការចូលរួមពីសំណាក់មន្ត្រីជំនាញផ្លូវថ្នល់ជាន់ខ្ពស់ផងដែរ។ 

យោងតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា៖ គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស អាស្រ័យផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ជាផ្លូវរចនាឡើងសម្រាប់ល្បឿនលឿនបំផុតត្រឹម ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ 

លោក សូរ វិចទ័រ រដ្ឋលេខាធិការបានមានប្រសាសន៍ថា “ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង៣នេះ មុននឹងធ្វើការសម្រេចថា តើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា ជាពិសេស ក្រសួងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត”។

លោកបានបញ្ជាក់ថា “ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោត ជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់”។

ជាមួយគ្នានេះលោកក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើ បទបង្ហាញរបស់ក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានផ្ដល់ធាតុចូលយ៉ាងសំខាន់ និងមានតម្លៃបំផុតដើម្បីឱ្យការរៀបចំរបាយការណ៍ស្តីពីលទ្ធផលនៃសិក្សាគម្រោងផ្នែកបច្ចេកទេស នៃគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ៕