សៀមរាប ៖ បើទោះជារាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានចរាចរនៅក្នុងខេត្ត និងបើកឱ្យដំណើរការតំបន់កម្សាន្ត ក៏ដូចជាទីរមណីយដ្ឋាននៅក្នុងក្រុងសៀមរាបក៏ដោយ ប៉ុន្តែសម្រាប់ទីផ្សារដីធ្លីនៅពេលបច្ចុប្បន្ននេះនៅតែរក្សាសភាពស្ងប់ស្ងាត់ ហើយបញ្ហាតម្លៃស្ថិតនៅក្នុងស្ថានភាពទ្រឹងដដែល។

លោក កែវ សុធារ៉ា អគ្គនាយកក្រុមហ៊ុន KW Siem Reap បានលើកឡើងថា ខុសពីនៅតាមបណ្តាខេត្តមយចំនួន ដែលតម្លៃដីធ្លីមានការធ្លាក់ចុះដោយសារតែម្ចាស់មួយចំនួនមានបញ្ហាហិរញ្ញវត្ថុ ហើយបង្ខំចិត្តលក់ក្រោមតម្លៃទីផ្សារ។ ដោយឡែកសម្រាប់ ទីផ្សារដីធ្លីនៅក្នុងក្រុងសៀមរាបមិនមានការធ្លាក់ថ្លៃនោះ ដោយសារម្ចាស់ភាគច្រើនមិនសូវមានបញ្ហាហិរញ្ញវត្ថុ ហើយមានក្ដីរំពឹងថា ក្រោយការប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប ជាមួយនឹងហេដ្ឋរចនាសម្ព័ន្ធទាំង៣៨ ខ្សែនៅក្នុងក្រុងបញ្ចប់ការសាងសង់រួចរាល់នោះនឹងមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើនចូលមកបន្ថែមទៀត។

លោក កែវ សុធារ៉ា បានបញ្ជាក់ថា “បើទោះបីអ្នកដែលមានតម្រូវលុយក្នុងការដោះស្រាយបន្ទាន់ក៏ដោយ ក៏ពួកគាត់នៅតែលក់អចលទ្រព្យនៅក្នុងតម្លៃទីផ្សារដដែល ព្រោះគេរំពឹងថានៅពេលស្ថាបនាផ្លូវរួចរាល់តម្លៃដីនៅទីនេះនឹងកើនឡើងខ្ពស់។ ជាក់ស្ដែងតម្លៃដីនៅតាមបណ្តោយផ្លូវគម្រោងសាងសង់ផ្លូវទាំង៣៨ ខ្សែ នៅអំឡុងពេលនេះមានការឡើងថ្លៃរួចហើយ”។ យ៉ាងណាក៏ដោយ លោកសុំមិនបញ្ជាក់លម្អិតពីតម្លៃដីធ្លីនៅក្នុងក្រុងសៀមរាបនោះទេ ដោយលោកអះអាងថាតម្លៃដីនៅលើទីផ្សារមានកម្រិតផ្សេងៗពីគ្នាអាស្រ័យទៅតាមតំបន់ ទីតាំង និងទំហំជាក់ស្តែង ប៉ុន្តែសម្រាប់ដីធំៗដែលស្ថិតនៅក្បែរក្រុងភាគច្រើនត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ទិញទុកស្ទើរអស់ទៅហើយនោះ។

គម្រោងផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារអាមេរិក និងថវិកាជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកក្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។

តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងធ្វើឲ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងក្រុងទេសចរណ៍ដ៏មានសក្តានុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍន៍ជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ៕