ខេត្តព្រះសីហនុ៖ ចាប់តាំងពីដើមឆ្នាំ២០២០រហូតមក ទីផ្សារជួលអគារធំៗរាប់តាំងពីសណ្ឋាគារ អាផាតមិននិងផ្ទះសំណាក់នៅក្នុងក្រុងព្រះសីហនុ​ មានការធ្លាក់​ចុះយ៉ាង​ខ្លាំង ហើយបន្តមកដល់ពេលបច្ចុប្បន្ននេះដែលសូម្បីតែអគារជួលរាយ ដូចជាផ្ទះល្វែងសម្រាប់ធ្វើអាជីវកម្មដែលជួលដោយជនជាតិចិនក៏បន្តភាព​ស្ងប់​ស្ងាត់​ដែ​រ។

តាមការបញ្ជាក់ប្រាប់ពីប្រតិបត្តិករនិងពាណិជ្ជករប្រចាំនៅក្នុងក្រុងព្រះសីហនុបានឲ្យដឹងថា ទីផ្សារអគារទូទៅភាគច្រើនគឺអាស្រ័យទៅលើជនជាតិចិន ប៉ុន្តែ​នៅពេលដែលជនជាតិចិនបានវិលត្រឡប់ទៅប្រទេសខ្លួនវិញដូចទឹកបាក់ទំនប់កាលតាំងពីដើមឆ្នាំ២០២០ និងបន្តរហូតមកដល់ពេលការជួលអគារសម្រាប់​ស្នាក់ឬសម្រាប់អាជីវកម្មបែបប្រពៃណីចិនត្រូវបានធ្លាក់ដល់កម្រិតសូន្យ។

លោក ជិន​ សុផុន ម្ចាស់អាផាតមិន និងផ្ទះសំណាក់នៅក្នុងក្រុងព្រះសីហនុ បានលើកឡើងថាមានអ្នករកស៊ីដោយសារការសាងសង់អគារទុក​ជួលឲ្យជន​ជាតិ​ចិនជាច្រើនជួបការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារប្រើប្រាស់កម្ចីពីធនាគារមកសាងសង់អគារសម្រាប់ជួលឲ្យចិន លុះពេលសាងសង់ជិតរួចរាល់ជ​នជា​តិ​បែរជាវិលត្រឡប់ទៅប្រទេសខ្លួនវិញស្ទើរតែ៨០ភាគរយ ហើយបច្ចុប្បន្នមានអ្នកខ្លះបានប្រកាសលក់គម្រោងអគាររបស់ខ្លួនចេញវិញដើម្បីយក​លុយបង្វិលសង់​ធនាគារ។

លោក ជិន សុផុន បានបន្តថា “បច្ចុប្បន្ននេះនៅប្រទេសចិន ប្រជាជនភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់ហើយមានមួយចំនួនដែលធ្លាប់មករស់នៅ និងប្រកបមុខរបរនៅក្នុងក្រុងពញរះសីហនុក៏បានវិលត្រឡប់មកវិញដែរបន្ទាប់ពីវត្តមានជាង១ឆ្នាំកន្លងទៅនេះ”។

លោកបន្តថា “ជនជាតិបានវិលមកក្រុងព្រះសីហនុខ្លះហើយ ប៉ុន្តែតម្រូវការជួលអគារនៅតែស្ងប់ស្ងាត់ព្រោះថា​ភាគច្រើនសុទ្ធតែនៅរក្សា​កិច្ចសន្យាជួលចាស់ ដែលបន្សល់ទុកតាំងពីឆ្នាំមុន។ ពួកគេភាគច្រើនជួលប្រចាំឆ្នាំ ហើយកុងត្រាចាប់ពី២ឆ្នាំឡើងទៅឬអ្នកខ្លះកុងត្រា៥ឆ្នាំក៏មាន ហើយកក់​លុយរួចរាល់ ហើយមានម្ចាស់អគារ​ខ្លះ​មានភាពយោគយល់បានបញ្ចុះតម្លៃថ្លៃជួលថែមទៀតផងព្រោះចង់រក្សាភ្ញៀវចាស់ ខណៈដែលមើលឃើញអគារនៅទំនេរច្រើនស្ទើរពេញក្រុង”។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងតម្រូវការទីផ្សារជួល​អគារនៅក្នុង​ព្រះសីហនុថា ម្ចាស់អគារភាគតិចណាស់ដែលត្រងយកអតិថិជនជាជនជាតិខ្មែរ ហើយមានចំនួនលើសល់រំពឹងទៅលើតម្រូវការជួលពីសំណាក់ជនជាតិ​បរទេស ជាពិសេសជនជាតិចិនតែម្ដង ព្រោះជនជាតិមួយនេះ ចាយលុយទូលាយជាងជនជាតិអឺរ៉ុប។

លោកបណ្ឌិតបានមានប្រសាសន៍ថា“វត្តមាននៃការវិលត្រឡប់របស់ជនជាតិចិននៅពេលនេះ ហាក់មិនបានធ្វើឲ្យទីផ្សារជួលអគារ​មានភាពរង្កើរឡើងវិញនៅ​ឡើយនោះទេ ព្រោះអ្នកដែលវិលត្រឡប់មកវិញទាំងនេះជាអ្នកបម្រើការងារជំនាញនៅតាមគម្រោងសាងសង់មួយចំនួន ឬជាអ្នករកស៊ី លក់ដូរនៅក្នុងក្រុង​ព្រះសីហនុតាំងពីពាក់កណ្តាលឆ្នាំ២០១៩ ដូច្នេះពួកគេសុទ្ធតែមានកន្លែងស្នាក់នៅស្រាប់ដែលស្ថិតនៅក្នុងកុងត្រាចាស់”។

លោកបានបញ្ជាក់ប្រាប់ឲ្យដឹងថា ភាគច្រើនអគារដែលមានភ្ញៀវជនជាតិចិនជួលនៅពេលបច្ចុប្បន្ននេះ ជាអគារចាស់ដែលបានបញ្ចប់ការសាងសង់តាំងពី​មុន​ឆ្នាំ២០១៩ ដោយឡែកសម្រាប់អគារថ្មីដែលទើបបញ្ចប់ការសាងសង់ត្រឹមពាក់កណ្តាលឆ្នាំ២០២០ឬដើមឆ្នាំ២០២១ ភាគច្រើនគឺនៅទំនេរមិនសូវមានអ្នកជួល​នោះ​ទេ៕