អង្គការសហប្រជាជាតិ បានជ្រើសយកថ្ងៃចន្ទក្នុងសប្តាហ៍ដំបូងនៃខែតុលា រៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោក។ ការប្រារព្ធទិវានេះ គឺដើម្បីឆ្លុះបញ្ជាំងពីដំណើរអភិវឌ្ឍនៃទីក្រុងនានាក្នុងប្រទេសខ្លួននិងទៅលើសិទ្ធិជាមូលដ្ឋាន ដើម្បីទទួលបានជម្រកសមរម្យ ដែលទិវានេះផងដែរគឺរំលឹកយើងផងដែរថា មនុស្សគ្រប់រូបមានសិទ្ធិអំណាចយកចិត្តទុកដាក់និងទំនួលខុសត្រូវទៅលើអនាគត ទីក្រុងជាកន្លែងរស់នៅរបស់ខ្លួន។
ស្របពេលដែលមានការបន្តរាលដាលពីវីរុសផ្លូវដង្ហើម COVID-19 មិនទាន់ឈប់ប្រជាជនជាច្រើន ត្រូវបានណែនាំឱ្យអនុវត្តវិធានការស្នាក់នៅផ្ទះដើម្បីសុវត្ថិភាពតែយ៉ាងណាមិញ ចំណាត់ការនេះ នៅពុំអាចអនុវត្តបានទាំងស្រុងនោះទេពោលគឺមានប្រជាជនជាច្រើននៅលើពិភពលោកដែលពុំមានទីស្នាក់នៅសមរម្យ។
តាមនិយមន័យ លំនៅដ្ឋានសមរម្យដែលបានលើកឡើងក្នុងការផ្សព្វផ្សាយរបស់អង្គការសហប្រជាជាតិ គឺសំដៅដល់ទីកន្លែងដែលពុំត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាកន្លែងដែលធ្វើឱ្យយើងមានអារម្មណ៍សុវត្ថិភាពជាកន្លែងដែលយើងអាចបន្តការរស់នៅ ធ្វើការ រៀនសូត្រនិងអាចទទួលបានការប្រើប្រាស់សេវាសង្គមជាមូលដ្ឋានមានដូចជាអនាម័យសេវាសុខភាព ការអប់រំ និងបរិស្ថានជាសាធារណៈទៀតផង។
បើតាមការលើកបង្ហាញទិន្នន័យពីអង្គការសហប្រជាជាតិ មកទល់ពេលថ្មីៗនេះ គឺមានប្រជាជនប្រហែល ១,៨ពាន់លាននាក់ កំពុងរស់នៅក្នុងទីលំនៅមិនសមរម្យ និងមានបរិស្ថានកខ្វក់ពោលគឺរស់នៅក្នុងស្ថានភាពទីជម្រកមិនសមរម្យនៅមុនពេលការរាតត្បាតនៃវីរុស COVID-19 ទៀតផង។ បន្ថែមពីនោះប្រជាជនប្រហែល ៣ពាន់លាននាក់ពុំមានកន្លែងលាងដៃត្រឹមត្រូវដូចអ្នកដទៃទៀតនោះឡើយ។ នេះមានន័យថាប្រជាជនក្នុងកម្រិតទូទាំងសាកលលោក ជួបនឹងបញ្ហាសុខភាពមិនល្អប្រសើរ ក៏ដោយសារតែកង្វះនៃសេវាសង្គមឆ្លើយតបទៅនឹង គ្រោះមហន្តរាយផ្សេងៗមានទាំងបញ្ហាសង្គម-សេដ្ឋកិច្ច និងបរិស្ថាន។
បញ្ហាខាងលើនេះហើយ ដែលអង្គសហប្រជាជាតិបានជ្រើសយក ថ្ងៃចន្ទ ខែតុលាសម្រាប់រៀងរាល់ឆ្នាំ ប្រារព្ធនូវទិវាលំនៅដ្ឋានពិភពលោកចាប់ពីឆ្នាំ១៩៨៥មក។ ទិវានេះផងដែរ គឺបានជម្រុញឱ្យមនុស្សផ្តោតលើការយកចិត្តទុកដាក់ចំពោះស្ថានភាពនៃទីប្រជុំជនក៏ដូចជាបញ្ហានានាក្នុងបណ្តាទីក្រុងលើពិភពលោកដែលគូសបញ្ជាក់អំពីសារៈសំខាន់នៃលំនៅដ្ឋាន ថាជាកត្តារុញច្រានដើម្បីឱ្យមានការអភិវឌ្ឍនៅតំបន់ទីក្រុងប្រកបដោយចីរភាព៕