ភ្នំពេញ៖ បច្ចុប្បន្ននេះ អាជីវកម្មអចលនទ្រព្យរួមជាមួយនឹងពុះដីឡូត៍ជាដើមបានផុលផុសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ ជាមួយគ្នា នេះ បញ្ហាដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញវិញក៏ជារឿងលំបាកផងដែរ ដែលទាមទាឱ្យមានការស្វែងយល់ឱ្យកាន់តែច្បាស់លាស់ជុំវិញការផ្ទេរនេះ ។
ចំពោះអចលនវត្ថុប្លង់ទន់ ពុំមានការកំណត់ទទួលស្គាល់ពេញលេញតាមផ្លូវច្បាប់ ការផ្ទេរសិទ្ធិលើអចលនវត្ថុដែលមានប្លង់ទន់ តាមធម្មតាធ្វើឡើងតាមរយៈសេចក្តីបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ចាប់ពីកម្រិតរដ្ឋបាលថ្នាក់ភូមិ ឬឃុំ/សង្កាត់ ឬរហូតដល់ស្រុក/ខណ្ឌ។
ជាទូទៅដំណើរការផ្ទេរសិទ្ធិបែបនេះ មានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច ដោយសារបច្ចុប្បន្នពុំទាន់មានយន្តការសម្រាប់ប្រមូលពន្ធលើការផ្ទេរសិទ្ធិក្នុងប្លង់ទន់ទេ ប៉ុន្តែទន្ទឹមនឹងនេះ ភាគីអ្នកទទួលការផ្ទេរអចលនវត្ថុនោះនឹងត្រូវទទួលយកហានិភ័យនានា ដែលពាក់ព័ន្ធនឹងភាពស្រពិចស្រពិលនៃសិទ្ធិក្នុងប្លង់ទន់ ព្រមទាំងកាតព្វកិច្ចដែលពាក់ព័ន្ធ។
ចំពោះអចលនវត្ថុដែលមានប្លង់រឹងវិញ គូភាគីអាចតាក់តែងកិច្ចសន្យា ដែលមានចែងអំពីលក្ខខណ្ឌសិទ្ធិ និងកាតព្វកិច្ចរបស់គូភាគីយ៉ាងលម្អិត រាប់បញ្ចូលទាំងដំណាក់កាលបង់ប្រាក់ថ្លៃទិញអចលនវត្ថុ ដោយអនុលោមទៅតាមដំណាក់កាល នៃការចាត់ចែងផ្ទេរសិទ្ធិ។ ក៏ប៉ុន្តែកិច្ចសន្យាបែបនេះ គ្រាន់តែជាឯកសារនៃការព្រមព្រៀងគ្នាជាលក្ខណៈឯកជនរវាងគូភាគីតែប៉ុណ្ណោះ ដោយមិនអាចយកទៅចាត់ចែងផ្ទេរកម្មសិទ្ធិបានឡើយ។
ដើម្បីចាត់ចែងផ្ទេរសិទ្ធិលើអចលនវត្ថុបាន គូភាគីត្រូវបំពេញបែបបទលើលិខិតយថាភូត របស់រដ្ឋបាលសុរិយោដី និងផ្តិតស្នាមមេដៃ នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច។ ឯកសារគាំទ្រដែលត្រូវការនៅក្នុងដំណើរការផ្ទេរសិទ្ធិនេះ រួមមានជាអាទិ៍អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណណាមួយផ្សេងទៀត ដែលអាជ្ញាធរសុរិយោដីអាចទទួលយកបាន ហើយក្នុងករណីដែលភាគីណាមួយជានីតិបុគ្គលក្រុមហ៊ុន ម្ចាស់ហ៊ុនត្រូវធ្វើលិខិតប្រគល់សិទ្ធិ ដើម្បីអនុញ្ញាតឱ្យអ្នកតំណាងជារូបវ័ន្តបុគ្គល បំពេញកិច្ចក្នុងនាមនីតិបុគ្គល ដែលអាចតម្រូវឱ្យមានការបញ្ជាក់ពីមេធាវី និង/ឬពីអាជ្ញាធរឃុំ/សង្កាត់។
នៅពេលមន្ត្រីសុរិយោដីបំពេញនីតិវិធី និងបែបបទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរួចហើយ ច្បាប់តម្រូវឱ្យបង់ពន្ធប្រថាប់ត្រា លើការផ្ទេរសិទ្ធិលើអចលនវត្ថុ (ដែលបច្ចុប្បន្នអត្រាពន្ធគឺ៤%នៃតម្លៃអចលនវត្ថុ ដែលវាយតម្លៃដោយអាជ្ញាធរពន្ធដារ)។
ក្រោយពីបានបង់ពន្ធត្រឹមត្រូវរួចរាល់ហើយ អាជ្ញាធរសុរិយោដីនឹងបញ្ចប់នីតិវិធីនៃការផ្ទេរសិទ្ធិ ដោយធ្វើការចុះបញ្ជីការផ្ទេរនេះក្នុងកំណត់ត្រាផ្លូវការ និងចារនិទ្ទេសន៍សម្គាល់នូវការផ្ទេរសិទ្ធិនៅលើឯកសារប័ណ្ណកម្មសិទ្ធិ ជាការបញ្ចប់ដំណើរការផ្ទេរសិទ្ធិជាផ្លូវការ និងដោយស្របច្បាប់៕