បាត់ដំបង៖ គម្រោងស្តារឱ្យប្រសើរឡើងវិញនូវព្រលានយន្តហោះខេត្តបាត់ដំបង កំពុងជួបបញ្ហាប្រឈមទៅនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលមានការរីករាលនៅក្នុងប្រទេស ក៏ដូចជាក្នុងបាត់ដំបងដែលធ្វើឱ្យក្រុមមន្ត្រីជំនាញ មិនអាចជួបពិភាក្សាក្នុងការសិក្សាដោះស្រាយទៅលើផលប៉ះពាល់នានា នៃគម្រោងបាននោះទេ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានថ្លែងថា រដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងរួចហើយ ក្នុងការសិក្សាពីលទ្ធភាពសម្រាប់ស្តារ នូវព្រលានយន្តហោះនៅក្នុងខេត្តបាត់ដំបងនេះ ដែលដឹកនាំដោយរដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងការដោះស្រាយផលប៉ះពាល់នានា។ ប៉ុន្តែ ដោយសារស្ថានភាពផ្ទុះនូវជំងឺកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ) ក៏បានផ្អាកមួយរយៈក្នុងកិច្ចពិភាក្សានានា ដោយរង់ចាំស្ថានភាពស្ងប់ស្ងាត់បន្តិចសិន។
ទោះជាយ៉ាងណា លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ថា « នេះមិនមែនជាការពន្យាលើគម្រោងស្តារ ព្រលានយន្តហោះនេះទេ គម្រោងនៅតែដំណើរការដដែលទេ ប៉ុន្តែសម័យកាលនៃការផ្ទុះជំងឺកូវីដ១៩នៅក្នុងសហគមន៍នេះ យើងមិនអាចជួបប្រជុំគ្នាបាន»។
លោកបន្តថា “គណៈកម្មការអន្តរក្រសួងត្រៀមចុះមកពិនិត្យជាក់ស្តែង ដែលដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ការចុះមកពិនិត្យនេះ នឹងមើលទៅលើស្ថានភាពទូទៅនៅក្នុងព្រលានដែលមានផលប៉ះពាល់នានា រួមមានពលរដ្ឋមួយចំនួនដែលអាស្រ័យផលនៅក្នុងព្រលាន និងប្រជាពលរដ្ឋមួយចំនួនទៀតក៏មានផ្ទះនៅក្នុងព្រលាន។ និយាយរួមមានផលប៉ះពាល់ជាច្រើនដែលត្រូវដែលទាមទារពេលវេលាក្នុងការដោះស្រាយ»។
រដ្ឋាភិបាលកាលពីកន្លងមកនេះ បានចេញសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង សិក្សាអំពីលទ្ធភាពស្តារនិងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបង លំដាប់ថ្នាក់៤C ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថាអាកាសយានដ្ឋានខេត្តបាត់ដំបងនៅពេលបច្ចុប្បន្ននេះ គឺជាប្រភេទអាកាសយានដ្ឋានក្នុងស្រុក មានលក្ខណៈតូចចង្អៀត និងទ្រុឌទ្រោម ដែលត្រូវតែពិនិត្យដើម្បីស្ដារ និងកែលម្អរឡើងវិញដោយបានប្រគល់ការងារឱ្យក្រុមមន្ត្រីជំនាញសិក្សាលម្អិត ថាតើត្រូវកែលម្អរ និងអភិវឌ្ឍន៍អាកាសយានដ្ឋានមួយនេះរបៀបណា។
លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា «ជាជំហានដំបូងយើងគិតថា ត្រូវស្ដារឡើងវិញដើម្បីឱ្យបានគ្រប់ស្ដង់ដារសុវត្ថិភាពត្រឹមកម្រិត 4C ដែលយើងអាចទទួលចុះចតយន្តហោះក្នុងស្រុកប្រកបដោយសុវត្ថិភាព។ បន្ទាប់មកទៀត យើងបានពិនិត្យមើលផែនការអភិវឌ្ឍន៍របស់នគរូបនីយកម្មនៅខេត្តបាត់ដំបង ដែលបានបង្ហាញពីភាពសមស្របទៅនឹងផែនការនៃការអភិវឌ្ឍ និងយល់ស្របក្នុងការកែសម្រួល និងស្តារអាកាសយានដ្ឋានមួយនេះឡើងវិញសម្រាប់ប្រើប្រាស់ក្នុងរយៈពេលខ្លី និងមធ្យម ប៉ុន្តែសម្រាប់រយៈពេលវែង គឺចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរទីតាំងថ្មី»។
គម្រោងបើកដំណើរការឡើងវិញចំណតអាកាសយាន្តដ្ឋានខេត្តបាត់ដំបងនេះ ត្រូវបានប្រកាសដោយសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបងកាលពីកន្លេងមកនេះ ។ សម្តេចតេជោបានលើកឡើងថា ទោះជាព្រលានយន្តហោះខេត្តបាត់ដំបងមិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី តែបើពេលខាងមុខកម្រិតជីវភាពរបស់ពលរដ្ឋខ្មែរមានភាពរីកចម្រើន នោះតម្រូវការធ្វើដំណើរក្នុងប្រទេសនឹងកើនខ្ពស់ ឯការធ្វើដំណើរតាមផ្លូវអាកាសក៏នឹងមានច្រើន ដូច្នេះត្រូវរៀបផែនការសម្រាប់ការងារនេះទុកជាមុន នោះទើបប្រសើរ។
ព្រលានយន្តហោះខេត្តបាត់ដំបង បានផ្តើមបើកដំណើរការដំបូងនាអំឡុងឆ្នាំ១៩៦៧ ហើយត្រូវបិទដំណើរការទាំងស្រុងត្រឹមឆ្នាំ១៩៧៥ ក្រោយរបបខ្មែរក្រហមឡើងកាន់កាប់អំណាច។ បន្ទាប់ពីរបបនេះបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ហើយក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះត្រូវបិទដំណើរការរហូតបច្ចុប្បន្ននេះ ៕