ការសន្សំសំចៃប្រាក់ គឺជារឿងដែលល្អសម្រាប់អ្នក ហើយអ្នកគួរតែចេះគ្រប់គ្រងប្រាក់ និងធ្វើការចំណាយឱ្យបានត្រឹមត្រូវទៅលើអ្វីដែលអ្នកត្រូវការចាំបាច់។ ស្របជាមួយគ្នានេះដែរមិនមែនបានន័យថា អ្នកត្រូវតែត្បិតត្បៀត និងសន្សំសំចៃគ្រប់ពេលវេលានោះទេ​ពោលគឺមានរឿងមួយចំនួនដែលទាមទារឱ្យអ្នកហ៊ានធ្វើការចំណាយយ៉ាងពេញទំហឹងតែម្តង ពីព្រោះថារឿងទាំងនោះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់អ្នក។ 

ប្រសិនបើអ្នកមិនហ៊ានចំណាយទៅលើវានោះទេ អ្នកប្រាកដជាជួបការលំបាក និងស្តាយក្រោយជាក់ជាមិនខាន។ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីរឿងទាំង៥ដែលនឹងធ្វើឱ្យអ្នកមានការសោកស្តាយ ប្រសិនបើអ្នកមិនហ៊ានធ្វើការចំណាយទៅលើវា។

១) ការចំណាយទៅលើសុខភាព

ប្រសិនបើមានការចំណាយណាដែលទាក់ទងទៅនឹងសុខភាពរបស់អ្នក មិនថាការចំណាយជាប្រភេទប្រាក់កាក់ ឬពេលវេលានោះទេ អ្នកមិនគួរមានចិត្តស្ទាក់ស្ទើរឡើយ។ ចំពោះសុខភាព គឺជាកត្តាចម្បងដែលទ្រទ្រង់អាយុជីវិត និងខួរក្បាលរបស់អ្នក ហើយក៏ជាប្រភពដែលធ្វើឱ្យអ្នករស់នៅដោយសេចក្តីសុខផងដែរ។​ 

ម៉្យាងវិញទៀតប្រសិនបើថ្ងៃណាមួយសុខភាពរបស់អ្នកមានបញ្ហាហើយ ទោះបីអ្នកមានទ្រព្យសម្បត្តិមាសប្រាក់ច្រើនប៉ុណ្ណាក៏ដោយ​ ក៏អ្នកមិនអាចមានភាពសប្បាយរីករាយពិតប្រាកដបានដែរ។ ដូច្នេះអ្នកគួរតែត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ និងចំណាយពេលវេលាក្នុងការធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់ ដើម្បីទទួលបាននូវសុខភាពល្អដល់ខ្លួនឯង។​

២) ការចំណាយទៅលើចំណេះដឹង

អ្នកត្រូវហ៊ានធ្វើការចំណាយទាំងថវិកា និងពេលវេលាទៅលើការសិក្សារៀនសូត្រ​ពីព្រោះថាចំណេះដឹងដែលអ្នកទទួលបានមកពីការសិក្សា គឺពិតជាមានអត្ថប្រយោជន៍ជាខ្លាំងសម្រាប់អ្នក។ ក្នុងនោះផងដែររាល់ចំណេះដឹងទាំងអស់ដែលអ្នកបានរៀនសូត្រ គឺជាឃ្លាំងនៃទ្រព្យសម្បត្តិដ៏មិនចេះរីងស្ងួតហើយវាក៏ធ្វើឱ្យអ្នកក្លាយជាបុគ្គលឆ្នើមមួយរូបដែលចេះបែងចែកខុសត្រូវ និងរស់នៅក្នុងសង្គមមួយប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ។ 

ដោយឡែកប្រសិនបើអ្នកមិនមានចំណេះដឹងក្នុងខ្លួននោះទេ អ្នកប្រាកដជាពិបាកក្នុងការស្វែងរកការងារល្អធ្វើនិងមិនអាចធ្វើអាជីវកម្មផ្សេងៗ ដើម្បីរកប្រាក់ចំណូលឲ្យបានច្រើននោះឡើយ។ 

៣) ការចំណាយដើមទុនក្នុងការធ្វើអាជីវកម្ម

ការដែលមិនហ៊ានចំណាយដើមទន់ទៅលើការរកស៊ី គឺជារឿងដែលមិនត្រឹមត្រូវទាល់តែសោះ ហើយវានឹងមិនអាចធ្វើឱ្យអ្នករីកចម្រើននោះដែរ ពីព្រោះថា​គ្មានអ្វីដែលអ្នកទទួលបានមកដោយមិនមានការចំណាយប្រាក់ជាមុននោះទេ។ ដូច្នេះអ្នកត្រូវតែចេះប្រើទ្រព្យដើម្បីបង្កើនទ្រព្យ តាមរយៈការធ្វើអាជីវកម្មនានាដូចជាការទិញ និងលក់ដីធ្លីជាដើម។ ម៉្យាងវិញទៀតប្រសិនបើអ្នកមិនចំណាយដើមទុនខ្លះនោះទេ​ អ្នកនឹងប្រើប្រាស់ទ្រព្យទាំងនោះអស់នៅថ្ងៃណាមួយជាក់ជាមិនខាន ហើយអ្វីដែលអ្នកទទួលបាន គឺមានតែភាពក្រីក្រលំបាកនិងរស់នៅខ្វះមុខ្វះក្រោយជានិច្ចរហូតពេញមួយជីវិតរបស់ខ្លួន។​

៤) ការចំណាយទៅលើការជួលកម្លាំងពលកម្ម

ជាការពិតណាស់ក្នុងការប្រកបការងារផ្សេងៗក្នុងក្រុមហ៊ុន ឬក្នុងការធ្វើអាជីវកម្មគឺតែងតែមានកិច្ចការមួយចំនួនដែលអ្នកប្រាកដជាមិនអាចធ្វើបាន និងរ៉ាប់រងតែម្នាក់ឯងឲ្យវាដំណើរការបានរលូននោះទេ។ ដូច្នេះអ្នកមិនគួរមានចិត្តស្ទាក់ស្ទើរក្នុងការជួលអ្នកដ៏ទៃ ដើម្បីមកជួយអ្នកឡើយ ពីព្រោះថាពួកគាត់នឹងជួយឱ្យអាជីវកម្មរបស់អ្នកមានអភិវឌ្ឍហើយក៏ជួយសម្រាលការលំបាកដល់អ្នកផងដែរ។

៥) ការមិនចំណាយទៅលើការកសាងទំនាក់ទំនងជាមួយអ្នកដ៏ទៃ

ការកសាងទំនាក់ទំនងជាមួយអ្នកដ៏ទៃ គឺជាផ្នែកមួយដែលមនុស្សគ្រប់រូបត្រូវការសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃមិនថាការកសាងទំនាក់ទំនងជាលក្ខណៈមិត្តភាព ស្នេហា ជាមួយអ្នកជិតខាង និងអ្នកធ្វើការងារជាមួយអ្នកជាដើម។ ជាមួយគ្នានេះផងដែរអ្នកត្រូវតែហ៊ានធ្វើការចំណាយប្រាក់ខ្លះ ដើម្បីបង្កើនទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សនៅក្នុងសង្គមដូចជាការចូលរួមក្នុងកម្មវិធីជួបជុំកម្មវិធីជប់លៀង និងដំណើរកម្សាន្តផ្សេងៗ។​ ក្នុងនោះផងដែរប្រសិនបើអ្នកមើលរំលងនូវចំណុចមួយនេះ​អ្នកប្រាកដជាបាត់បង់ការកសាងទំនាក់ទំនងល្អៗជាមួយមនុស្សនៅក្នុងសង្គមហើយវានឹងធ្វើឱ្យអ្នកមានការសោកស្តាយជាក់ជាមិនខាន។

ជារួមមកវិញអ្នកមិនគួរមានចិត្តស្ទាក់ស្ទើរក្នុងការចំណាយដែលទាក់ទងនឹងចំណុចទាំង៥ខាងលើនេះឡើយ ពីព្រោះថា វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតអ្នក ហើយវានឹងជះឥទ្ធិពលអវិជ្ជមានដល់អ្នក ប្រសិនបើអ្នកមិនធ្វើការវិនិយោគទៅលើវា៕