ប្រាកដណាស់ថា អ្នកប្រហែលជាមានអារម្មណ៍និងមានមោទនភាពណាស់ បន្ទាប់ពីទទួលបានដំណឹងថា អ្នកបានជាប់ការសម្ភាសន៍ ហើយអាចចាប់ផ្តើមចូលធ្វើការបាន ប៉ុន្តែអ្នកក៏ប្រហែលជាមានអារម្មណ៍ភ័យខ្លាចផងដែរនៅក្នុងការឈានជើងចូលទៅក្នុងវិស័យការងារជាលើកដំបូង។ យ៉ាងណាមិញ អ្នកទាំងអស់គ្នាក៏កុំបារម្ភអ្វីខ្លាំងពេកដែរ ព្រោះថាមនុស្សគ្រប់ៗគ្នា ត្រូវតែឆ្លងកាត់ចំណុចចាប់ផ្តើមមួយនេះដោយចៀសមិនបានឡើយ។ ហើយ ៥ក្បាច់នេះ ធ្វើឲ្យអ្នកចូលធ្វើការងារដំបូងឆាប់ទទួលបានភាពទាក់ទាញរហ័ស:

១/ មានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន

ក្រៅពីការខិតខំប្រឹងប្រែងធ្វើការ អ្នកគួរតែចេះបង្កើតទំនាក់ទំនងឲ្យបានល្អជាមួយមិត្តរួមការងារ។ វាក៏ជាកត្តាមួយដែលជម្រុញឲ្យអ្នកកាន់តែស្រឡាញ់ការងាររបស់ខ្លួនដែរ ព្រោះនៅពេលដែលអ្នកមានមិត្តរួមការងារដែលល្អនិងចេះជួយគ្នាទៅវិញទៅមក អ្នកនឹងមិនមាន សម្ពាធខ្លាំងពីការងារនោះទេហើយថែមទាំងអាចធ្វើការបានយ៉ាងរលូនទៀតផង ដោយសារតែការចេះសហការគ្នានិងសាមគ្គីភាពគ្នានេះឯង។ 

ម្យ៉ាងទៀត ចំណុចសំខាន់ដែលអ្នកគួរមាននោះ គឺភាពស្មោះត្រង់ ព្រោះវាពិតសំខាន់ណាស់មិនថាក្នុងការងារឬជីវិតរស់ នៅប្រចាំថ្ងៃ។ ជាធម្មតាមនុស្សស្មោះត្រង់ តែងតែមានលទ្ធភាពល្អ និងមានអ្នកស្រឡាញ់រាប់អានច្រើន ដោយសារតែភាពស្លូតត្រង់ ភាពត្រឹមត្រូវ មិនរៀចវេរនេះឯង ទើបធ្វើឲ្យជីវិតរបស់ពួកគេជួបតែភាពរុងរឿង សេចក្តីសុខនិងភាពជោគជ័យ។

២/ ត្រូវមានទំនុកចិត្តលើខ្លួនឯង

មានមូលហេតុមួយ ដែលអ្នកត្រូវបានជ្រើសរើសមកធ្វើការ ទោះបីជាមានបេក្ខជនជាច្រើនបាន ដាក់ពាក្យចូលធ្វើការតំណែងដូចអ្នកក៏ដោយមូលហេតុតែមួយគត់ពីក្រោយការជ្រើស រើសនេះ គឺមកពីថ្នាក់លើរបស់អ្នកគិតថា  អ្នកមានទេពកោសល្យ និងមានចំណុចដែលអ្នកផ្សេងទៀតមិនមាន។ 

ដូច្នេះអ្នកគួរតែមានទំនុកចិត្តលើសមត្ថភាព និងចំណេះដឹងជំនាញរបស់ខ្លួនឯង ព្រោះមិនមាននរណាម្នាក់ដែលមិនទុកចិត្ត មិនជឿជាក់លើសមត្ថភាពខ្លួនឯងនោះទេ។ ប៉ុន្តែការជឿជាក់លើខ្លួនឯងមិនមែនមានន័យថាអ្នកល្អដាច់គេ ពូកែជាងគេឬក្អេងក្អាងនោះទេ ប៉ុន្តែវាបង្ហាញថាអ្នកពិតជាមានស្មារតីមុះម៉ត់ រឹងបុឹង មិនចុះចាញ់ជាមួយបញ្ហាឡើយ។ ហើយអ្នកក៏ត្រូវចេះដាក់ខ្លួននិងចេះជួយមិត្តរួមការងាររបស់អ្នកដោយមិនចង់បានមុខមាត់តែម្នាក់ឯងដែរ។

៣/ ទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន

បើទោះបីជាអ្នកពួកែយ៉ាងណាក៏ដោយ ត្រូវចាំថាអ្នកមិនអាចពូកែគ្រប់រឿងនោះទេ ដូច្នេះអ្នកគួរតែស្វែងយល់ និងទទួលស្គាល់ពីចំណុចខ្សោយរបស់ខ្លួនម្យ៉ាងទៀតអ្នកគួរតែរៀនបើកចិត្តឲ្យបានទូលាយ ទទួលយកពាក្យរិះគន់ដើម្បីស្ថាបនាពីថ្នាក់លើឬមិត្តរួមការងាររបស់អ្នកនោះអ្នកនឹងអាចរៀនពីចំណុចខ្វះខាតរបស់ខ្លួនហើយយកវាមកកែតម្រូវឲ្យបាន ប្រសើរឡើង។

៤/ ត្រូវសកម្មក្នុងការងារ

ដើម្បីឲ្យផលិតភាពការងាររបស់អ្នកកាន់តែខ្ពស់ អ្នកត្រូវខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាពជាពិសេសអ្នកត្រូវធ្វើជាមនុស្សដែលសកម្មភាពនឹងការងារ និងមានទំនួសខុសត្រូវខ្ពស់ចំពោះការងារទាំងនោះ។ ម្យ៉ាងវិញទៀតអ្នកមិនត្រូវធ្វើខ្លួនទាល់តែមេដាក់ការងារឲ្យបានធ្វើនោះទេ ពោលគឺអ្នកត្រូវធ្វើឲ្យបានមុនគេប្រាប់ទើបវាជាការប្រសើរឡើង។ហើយអ្នកក៏ត្រូវចេះជួយចែករំលែកការងាររបស់ក្រុមការងារអ្នកដែរមិនត្រូវមើលនឹងភ្នែកនោះទេ ការងារណា

អ្នកអាចជួយបានអ្នកគួរតែជួយ ទើបធ្វើឲ្យទំនាក់ទំនងអ្នកនិងក្រុមការងារអ្នកកាន់តែល្អ។ លើសពីនេះទៅទៀតអ្នកក៏អាចស្វែងរកគំនិតថ្មីៗដែលអាចជួយជម្រុញការងាររបស់អ្នកឲ្យកាន់តែប្រសើរឡើង ជាជាងអង្គុយចាំគេដាក់ការងារឲ្យធ្វើ។ ម្យ៉ាងទៀតអ្នកគួរតែចេះបត់បែននិងចេះសម្របខ្លួនទៅតាមបរិបទការងារ និងមនុស្សជុំវិញខ្លួន។

៥/ មកឲ្យទៀងទាត់ពេលវេលា

នៅពេលដែលអ្នកនៅសាលារៀនអ្នកប្រហែលជាអាចទៅថ្នាក់រៀនយឺតម៉ោងបាន ប៉ុន្តែនៅពេលដែលអ្នកចាប់ផ្តើមចូលធ្វើការអ្នកមិនអាចបន្តធ្វើបែបនេះបានទៀតទេ។ ការគោរពពេលវេលា គឺជាកត្តាសំខាន់សម្រាប់អ្នកមនុស្សម្នាក់ៗជាពិសេសនៅពេលដែលអ្នកជាចាប់ផ្តើមធ្វើការនៅក្នុងស្ថាប័នណាមួយ។ មិនថាអ្នកទៅធ្វើការរាល់ថ្ងៃឬទៅចូលរួមការប្រជុំ អ្នកគួរតែទៅឲ្យបានមុន ១០ទៅ ១៥នាទីដើម្បីត្រៀមខ្លួនរួចរាល់មុនពេលចាប់ផ្តើមធ្វើការ៕