នៅក្នុងវ័យ២០ឆ្នាំឡើង គឺជាពេលវេលាមួយដែលយុវវ័យត្រូវជួបរឿងថ្មីជាច្រើនដែលមិនធ្លាប់បានធ្វើពីមុនមក ព្រោះតែវ័យនេះពួកគេទើបតែទទួលបានសេរីភាពពីឪពុកម្ដាយ គេអាចហៅបានថាយើងជាមនុស្សធំដែលមានសិទ្ធិសម្រេចកិច្ចការងារមួយចំនួនដែលយើងមិនធ្លាប់បានធ្វើវានាពេលកន្លងមក។ ហើយនៅក្នុងអត្ថបទនេះផងដែរនឹងបង្ហាញរឿងទាំង៥ចំណុចដែលអ្នកនឹងមានឱកាសបានធ្វើ នៅក្នុងវ័យ ២០ឆ្នាំឡើង។

១.ចូលសង្គមបានច្រើន

វាជាឱកាសដ៏ល្អមួយ ដែលអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ចេញមើលសង្គមខាងក្រៅដែលអ្នកមិនធ្លាប់បានដឹង ដើម្បីដកយកបទពិសោធន៍ផ្សេងៗ ហើយនឹងបានស្គាល់មនុស្សរាល់គ្រប់រូបភាព វានឹងធ្វើឱ្យអ្នកកាន់តែមានភាពរឹងមាំមិនងាយមាននរណាអាចឱ្យអ្នកដួលបានឡើយ។ ព្រោះថាប្រសិនបើអ្នកចាប់ផ្ដើមមានគ្រួសារហើយអ្នកនឹងមិនសូវមានពេលវេលាច្រើនដូចពេលនេះឡើយ ដូច្នេះហើយគួរតែឆ្លៀតឱកាសឱ្យបានច្រើនចេញទៅខាងក្រៅ។

២.ដើរលេងម្នាក់ឯង

ក្រោមវ័យ២០ឆ្នាំចុះ រឿងមួយនេះអ្នកប្រហែលជាមិនធ្លាប់បានធ្វើនោះទេ ព្រោះតែអ្នកត្រូវឆ្លងកាត់ការអនុញ្ញាតច្រើនដែលពិបាកឱ្យអ្នកចេញទៅណាមកណាម្នាក់ឯង។ ដូច្នេះហើយចូលដល់អាយុខ្ទង់២០ឡើង អ្នកនឹងអាចដើរលេងបានម្នាក់ឯង ដែលការដើរលេងម្នាក់ឯងនេះធ្វើឱ្យអ្នកបានស្គាល់ខ្លួនឯងកាន់តែច្បាស់ មានភាពក្លាហានច្រើនជាងការដើរលេងជាក្រុម ព្រោះថានៅពេលដែលអ្នកទៅម្នាក់ឯងអ្នកត្រូវត្រៀមលក្ខណៈច្រើនណាស់ដោយខ្លួនឯងដូចជា ការទំនាក់ទំនងជាមួយមនុស្សផ្សេងដែលមិនធ្លាប់បានស្គាល់ ការត្រៀមសម្ភារៈជាដើម។

៣.ឆ្លងកាត់ការបរាជ័យច្រើន

ស្ថិតក្នុងវ័យនេះ អ្នកប្រាកដជាត្រូវសាកល្បងធ្វើរឿងជាច្រើន ហើយក៏ត្រូវបរាជ័យច្រើនដូចគ្នា ប៉ុន្តែសូមអ្នកកុំមានការភ័យខ្លាចចំពោះការបរាជ័យទាំងនោះឱ្យសោះ ព្រោះវាគ្រាន់តែជាជំហានដំបូងនៃជីវិតរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ ផ្ទុយទៅវិញអ្នកត្រូវទទួលស្គាល់ភាពបរាជ័យ ហើយព្យាយាមរៀនពីវាឱ្យបានច្បាស់ នោះអ្នកនឹងចាប់ផ្ដើមក្លាយជាមនុស្សម្នាក់ដែលមានភាពរឹងមាំបន្ថែមទៀត។ ហើយអ្នកក៏ត្រូវចងចាំដែរថា កុំព្យាយាមធ្វើរឿងដែលមានភាពងាយស្រួលពេកអី ព្រោះថ្ងៃក្រោយពេលដែលអ្នកជួបរឿងលំបាកខ្លាំង អ្នកនឹងមិនបានត្រៀមខ្លួនរួចរាល់ចំពោះបញ្ហានោះឡើយ។

៤.រកឃើញខ្លួនឯង

នៅពេលដែលអ្នកចាប់ផ្ដើមចូលសង្គមបានច្រើន ជួបរឿងដែលមិនធ្លាប់បានជួបពីមុនមក នោះអ្នកនឹងចាប់ផ្ដើមស្គាល់ខ្លួនឯងបានកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ តែយ៉ាងណាមិញបើអ្នកមិនទាន់រកឃើញខ្លួនឯងចង់ធ្វើអ្វី ខ្លួនឯងត្រូវការអ្វីឱ្យប្រាកដនៅឡើយទេ អ្នកត្រូវព្យាយាមសាកល្បងធ្វើអ្វីថ្មីសម្រាប់ជីវិត ជួបមនុស្សថ្មីជាដើម។ ព្រោះថានៅពេលដែលអ្នកសាកធ្វើអ្វីថ្មីបានច្រើន ទើបអ្នកអាចដឹងថាអ្នកត្រូវការអ្វី អ្នកចង់ធ្វើអ្វី ហើយអ្វីទៅដែលជាគោលដៅរបស់អ្នកទាំងអស់គ្នា នោះវានឹងចាប់ផ្ដើមបង្ហាញក្នុងវ័យនោះឯង។

៥.លែងសូវខ្វល់ខ្វាយពីទំនាក់ទំនង

វាជាពេលវេលាមួយដែលមានភាពមមាញឹកខ្លាំង ដូច្នេះហើយអ្នកនឹងមិនសូវជារវល់ជាមួយទំនាក់ទំនងមួយចំនួន ដូចកាលវ័យវិទ្យាល័យឡើយ ទំនាក់ទំនងមិត្តភក្តិ និងស្នេហាជាដើម អ្នកនឹងលែងឈឺក្បាលកើតទុក្ខ ថាពួកគេធ្វើអ្វីមិនដែលប្រាប់អ្នក ទៅណាមិនដែលហៅ និងជួបជុំមិនដែលប្រាប់ជាដើម ព្រោះថាអ្នកបានយល់ពីហេតុផលផ្សេងៗដែលមិនចាំបាច់ប្រាប់ក៏អ្នកចេះពិចារណាវាបានយ៉ាងល្អប្រសើរ។

ដូច្នេះហើយប៉ុន្មានចំណុចទាំងអស់ខាងលើអ្នកប្រាកដជាត្រូវតែជួបប្រទះ នៅអាយុខ្ទង់២០ឆ្នាំឡើងជាក់ជាមិនខាន អ្នកអាចបានដកបទពិសោធន៍ថ្មីៗ ដែលត្រូវឱ្យអ្នកទាំងអស់គ្នាត្រៀមចិត្តត្រៀមកាយដើម្បីបានទទួលយករឿងទាំងនោះចូលមកកាន់ជីវិត ដោយមិនមានភាពភ័យខ្លាច ហើយអ្នកនឹងក្លាយបុគ្គលមួយរូបដែលមានភាពជោគជ័យក្នុងអនាគត៕