សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅ​ពេល​​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង អ្នក​នឹង​​​មាន​ឆន្ទៈ​ក្នុង​ការ​សាក​ល្បង​​​ធ្វើ​រឿង​ថ្មី​ៗ ជា​​រឿង​ការ​ងារ ការ​រក​ស៊ី ព្រោះ​​ការ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ​ជា​គន្លឹះ​​នាំ​ឱ្យ​អ្នក​ធ្វើ​កិច្ច​ការ​ទាំង​នោះ​​​ឱ្យ​អស់​ពី​សមត្ថភាព ​ជា​ជាង​ការ​ចំណាយ​​ពេល​ និង​កម្លាំង​ទៅ​បារម្ភ​​លើ​រឿង​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​។ ដូច​នេះ ទំនុក​ចិត្ត​លើ​ខ្លួន​ឯងនឹង​ធ្វើ​ឱ្យ​យើង​លះ​បង់​កម្លាំង​កាយ​ចិត្ត​ទៅ​លើ​ការ​ខំ​ប្រឹង​ប្រែង​​សម្រាប់​គោល​ដៅ។ ដូច​នេះ​ហើយ ដែល​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯងជា​គន្លឹះ​សំខាន់​​​នាំ​ឱ្យ​កិច្ច​ការ​មោះ​មុត​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ​។ តាម​​វិធី​​៥​ខាង​ក្រោម​នេះពី​អ្នក​ធ្លាប់​មាន​បទ​ពិសោធ​ បាន​ចែក​រំលែកយើង​អាច​រៀន​ជា​ចំណេះ​ដឹង​សម្រាប់​អនុវត្ត​បាន​​៖

.ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃ

មិន​ថា​ប្រៀប​ខ្លួន​ឯង​ទៅ​នឹងមិត្ត​ភក្តិ ឧទាហរណ៍​ដូច​ជា​​រឿង​​ចំណូល​ប្រចាំ​​ខែសម្ភារៈ​ប្រើ​ប្រាស់​គឺ​ពុំ​មែន​ជា​រឿង​ល្អ​ឡើយ​។ ក្នុង​ការ​សិក្សា​មួយ​នៅ​ឆ្នាំ​២០១៨ អំពី"​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួននិង​ភាព​ខុស​ប្លែក​​គ្នា​" បាន​រក​ឃើញ​ថាបុគ្គល​ដែល​ប្រៀប​ខ្លួន​​​ឯង​នឹង​អ្នក​ដទៃ ច្រើន​មាន​អារម្មណ៍​តូច​ចិត្តនឹង​នាំ​ឱ្យ​មាន​​ការ​​មិន​ឱ្យ​តម្លៃ​ខ្លួន​ឯង។ 

យក​​​​​​ពេល​វេលា​​ទាំង​នោះទៅ​ផ្តល់​​លើ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​រ៉ាវ​​អ្នក​វិញដូច​ជា​ចំណង់​ចំណូល​ចិត្ត​អ្នក ​អ្វី​ដែល​អ្នក​ចេះជំនាញ​ណា​ខ្លះ​ដែល​អ្នក​ខ្វះ​ខាតត្រូវ​បំពេញ​បន្ថែម នោះ​អ្នក​នឹង​ចាប់​ផ្តើម​យល់​ពី​គុណ​តម្លៃ​ខ្លួន ហើយ​ប្រើ​ពេល​វេលា​មាន​ប្រយោជន៍​​ទៅ​កែ​ច្នៃ​ខ្លួន​ឯង​វិញ។ ដូច​នេះ​​​មាន​ន័យ​ថាអ្នក​នឹង​ពុំ​មាន​សល់​​ពេល​ប្រៀប​ធៀប​ខ្លួន​ឯងធ្វើ​ឱ្យ​ខ្លួន​បាត់​បង់​ទំនុក​ចិត្ត​​ទៀត​​ទេ ​ហើយ​អ្នក​នឹង​​ផ្តោត​លើ​​ភាព​ជឿ​ជាក់​​លើ​ខ្លួន​ឯង​វិញទៅ​សម្រេច​កិច្ច​ការ​ដែល​អ្នក​​ប្រាថ្នា​។

.មើល​ថែ​សុខភាព និង​រាង​កាយ​អ្នក

វា​នឹង​មាន​ឥទ្ធិពល​​លើ​ទំនុក​ចិត្ត​អ្នក​ខ្លះ​ដែរ បើ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់មើល​ថែ​រក្សា​សុខភាព​និង​រាង​កាយ។ ដូច​ជា​ការ​​សម្រាក​មិន​បាន​គ្រប់​គ្រាន់ការ​ញ៉ាំ​អាហារ​មិន​ល្អ​ដល់​សុខភាព​ និង​មិន​សូវ​សកម្ម​​ទៅ​លើ​រាង​កាយ​។ ការ​សិក្សា​​ផ្នែក​សុខភាព​ក៏​បាន​បង្ហាញ​ដែរ​ថាការ​ធ្វើ​លំហាត់​ប្រាណ​រាល់​ថ្ងៃ និង​បង្កើន​ទំនុក​ចិត្ត​​ដល់​​អ្នក​ហាត់​ផង​ដែរ។​

ដាក់​ចំណុចមើល​ថែ​សុខភាព​ខ្លួន​ឯង​ ជា​ចំណុច​អាទិភាព​មួយ​ក្នុង​គោល​ដៅ​ជីវិត អនុវត្ត​សកម្មភាព​ដើម្បី​បាន​ដល់​គោល​ដៅ ​នោះអ្នក​នឹង​​សម្គាល់​ឃើញ​ពី​ប្រសិទ្ធិភាព​លើ​ភាព​ជឿ​ជាក់​ខ្លួន​ឯងដោយ​ឯក​ឯង​។

​​.អនុវត្ត​នូវ​គោល​ការណ៍​អត់​ឱន​​ដល់​ខ្លួន​ឯង (ផ្តល់​ឱកាស​)

ការ​មេត្តា​ដល់​ខ្លួន​ឯងផ្តល់​ឱកាស​ជា​ថ្មីក្រោយ​ពី​បរាជ័យ ឬ​ធ្វើ​មិន​បាន​ល្អ​ក្នុង​រឿង​អ្វី​មួយ​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លួន​​ផង និង​ផ្តល់​ការ​ជឿ​ជាក់​ជា​ថ្មី​ថា​អ្នក​អាច​ធ្វើ​បាននិង​ចៀស​វាង​ពី​កំហុស​ចាស់​។ និយាយ​ល្អ​ៗ ទៅ​កាន់​ខ្លួន​ឯងព្រោះ​ថា​ពេល​ខ្លះគ្រប់​គ្នា​ក៏​ធ្លាប់​ភ្លាត់​មាន​កំហុស​ដោយ​អចេតនាដូច​នេះ​អ្នក​​នឹង​អាច​ចាប់​ផ្តើម​ធ្វើ​រឿង​ល្អ​ៗ​ជា​ថ្មីដោយ​ទំនុក​ចិត្ត​ និង​​ប្រសើរ​ជាង​មុន​ជា​ការ​អភិវឌ្ឍ​ខ្លួន​ជា​បន្ត​បន្ទាប់​។

Image

.កុំ​រង់​ចាំ​ដល់​​​១០០​%សាក​ធ្វើ​វា​ដើម្បី​វាស់​ស្ទង់​ភាព​ជឿ​ជាក់​អ្នក

ពេល​ខ្លះ​វិធី​សាស្រ្ត​ល្អ​បំផុត​នោះគឺ​ធ្វើ​វាដើម្បី​អ្នក​អាច​​ដឹង​ពី​ភាព​ជឿ​ជាក់​អ្នក​ដល់​កម្រិត​ណា​ អនុវត្ត​ជាក់​ស្តែង​ជួយ​អ្នក​ឱ្យ​​ប្រឈម​ នឹង​ភាព​ភ័យ​ខ្លាចដោយ​​ប្រើ​ប្រាស់​ភាព​​ក្លាហាន​អ្នក​ជា​ដើម​ទុន​។ បើ​​នៅ​ខ្លាចនោះ​អ្នក​មិន​អាច​ដឹង​នូវ​លទ្ធផល​​ និង​សមត្ថភាព​ប្រឈម​​អ្នក​កម្រិត​​ណា​នោះ​ទេ។ យ៉ាង​ណាមិញ ក៏​មិន​មែន​មាន​ន័យ​ថាអ្នក​ត្រូវ​ធ្វើដោយ​មិន​មាន​ត្រៀម​ទុក​ជា​មុន​នោះ​ដែរ ជា​ឧទាហរណ៍អ្នក​ត្រូវ​ឡើង​និយាយ​ជា​សាធារណៈ​​ដោយ​ភាព​ជឿ​ជាក់ ដូច​នេះ​ការ​ត្រៀម​ខ្លួន​ជា​មុន ដូច​ជា​អនុវត្ត​និយាយ​នៅ​មុខ​មិត្ត​ភក្តិសមាជិក​គ្រួសារ​នឹង​បង្កើន​នូវ​ទំនុក​ចិត្ត​ សម្រាប់​​ប្រឈម​ដោះ​ស្រាយ​បញ្ហា​ខាង​មុខ​បានដោយ​ប្រសិទ្ធិភាព​។

.អនុវត្ត​គោល​​ការណ៍​ស្រង់​យក​ពិសោធ

ពេល​ខ្លះ​ខួរ​ក្បាល​អ្នក​ជា​អ្នក​ប្រាប់​ថាអ្នក​មិន​អាច​ធ្វើ​បាន​ទេ ដូច​ជា​មិន​អាច​ឡើង​និយាយ​បញ្ចេញ​មតិ​សម្រាប់​ក្រុម ឬ​មួយ​ក៏​អ្នក​ធាត់​​ខ្លាំងហួស​ពេល​នឹង​ហាត់​ប្រាណ​។ ប៉ុន្តែ​អ្នក​អាច​រំលឹក​ខ្លួន​ឯង​វិញ​ថាពេល​ខ្លះ​​រឿង​អ្នក​ដែល​ខួរ​ក្បាល​អ្នក​​គិត​ថា​មិន​អាច​ធ្វើ​បានមិន​ពិត​ត្រឹម​ត្រូវ​១០០%​នោះ​ទេ។ ហើយ​វិធី​សាស្រ្ត​ជម្នះ​ការ​គិត​អវិជ្ជមាន​នោះ គឺ​ប្រកួត​ខ្លួន​ឯង​ហើយ​បង្ហាញ​ថា​ ខុស​ហើយអ្នក​អាច​ធ្វើ​បាន​។

ព្យាយាម​ជម្នះ​នៅ​ពេល​ខួរ​ក្បាល​ប្រាប់​អ្នក​ថា​មិន​អាច។ ប្រាប់​ខ្លួន​ឯង​ថា​អ្នក​នឹង​ធ្វើ​ពិសោធ​ហើយ​ចាំ​មើល​​លទ្ធ​ផល​។អ្នក​នឹង​ឃើញ​ថា ពេល​​ធ្វើ​នឹង​ជួប​​ភាព​ភ័យ​ខ្លាច​ខ្លះនិង​កើត​មាន​កំហុស​ខ្លះ ប៉ុន្តែ​វា​មិន​អាក្រក់​ដូច​ដែល​អ្នក​គិត​ទេ។ ហើយ​គ្រប់​ពេល​ដែល​អ្នក​ធ្វើ​នោះ​​អ្នក​នឹង​រីក​ចម្រើន​ទៅ​មុខ​ហើយ​​ចាប់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុនដែល​អ្នក​អាច​សម្គាល់​ឃើញ​បាន៕