អានសៀវភៅច្រើនចេះច្រើន កាន់តែអានកាន់តែទទួលបានចំណេះដឹង ប៉ុន្តែបញ្ហាឋិតនៅត្រង់ថា ពេលចាប់ផ្ដើមអានសៀវភៅ មិនទាន់បានប៉ុន្មានទំព័រផង ក៏ចាប់ផ្ដើមងងុយគេងបាត់ទៅហើយ។ បញ្ហាអានសៀវភៅងងុយគេងនេះជួបប្រទះភាគច្រើនទៅលើយុវវ័យ។ តើគួរធ្វើដូចម្ដេចដើម្បីអានសៀវភៅមិនឱ្យងងុយគេង?

១.ការជ្រើសសៀវភៅ៖ ការជ្រើសរើសសៀវភៅឱ្យត្រូវជាមួយស្ថានភាពរបស់អ្នក ប្រសិនបើអ្នកកំពុងបាក់ទឹកចិត្ត អ្នកគួរជ្រើសសៀវភៅណាដែលពាក់ព័ន្ធនឹងផ្លូវចិត្ត លើកទឹកចិត្ត ដើម្បីឱ្យអ្នកយកមកដោះស្រាយផ្ទាល់ចំពោះការបាក់ទឹកចិត្តរបស់អ្នកបាន។ ការធ្វើដូច្នេះអ្នកនឹងអានបានច្រើន ដោយមិនសូវងងុយគេង។

២.ជ្រើសសៀវភៅតាមចំណង់ចំណូលចិត្ត៖ ការដែលជ្រើសរើសសៀវភៅឱ្យត្រូវជាមួយចំណង់ចំណូលចិត្ត គឺធ្វើឱ្យអ្នកអានហើយជក់ មិនងងុយគេង និងមានអារម្មណ៍អានបានច្រើន។ ដូច្នេះហើយអ្នកត្រូវដឹងពីចំណូលចិត្តខ្លួន ថាអ្នកចូលចិត្តអានប្រភេទសៀវភៅអ្វី ជ្រើសឱ្យចំចំណូលចិត្តរបស់អ្នក។

៣.បរិយាកាស៖ ជ្រើយយកបរិយាកាសអានសៀវភៅកុំឱ្យមានភាពងាយស្រួលពេក ដូចជាអាននៅកន្លែងគេង ផ្អែកលើកៅអី និងអាននៅទីកន្លែងដែលងាយឱ្យអ្នកងងុយគេងផ្សេងទៀត។ អ្នកគួរអានសៀវភៅ នៅកន្លែងណាមួយ ដែលមិនមានសភាពងាយស្រួល ដូចការអង្គុយលើកៅអីដែលមិនមានកន្លែងផ្អែកជាដើម។

៤.មើលទៅលើអ្នកនិពន្ធ៖ យុវវ័យមួយចំនួន មិនជ្រើសរើសសៀវភៅដោយសារខ្លួនចូលចិត្តឡើយ ប៉ុន្តែគឺជ្រើសយកសៀវភៅតាមរយៈអ្នកនិពន្ធដែលជា idolរបស់គាត់ ដូច្នេះហើយប្រសិនបើសៀវភៅដែលកំពុងអានជាសៀវភៅចេញពីអ្នកដែលគាត់ពេញចិត្ត នោះនឹងមិនមានអារម្មណ៍ងងុយគេងឡើយ។

៥.កុំបង្ខំខ្លួនឯងពេក៖ ប្រសិនបើអ្នកងងុយគេងខ្លាំងហើយនោះ ទោះបីជាអ្នកសាកល្បងវិធិសាស្រ្តអ្វីក៏គ្មានប្រសិទ្ធភាពដែរ។ ដូច្នេះហើយបើអានហើយងងុយគេងខ្លាំង អ្នកគួរសម្ងំគេងមួយភ្លែតសិនទៅ ពេលភ្ញាក់មកវិញ ចាំអានបន្តទៀត។

ការជ្រើសរើសសៀវភៅតាមចំណូលចិត្ត និងការជ្រើសយកមកអានតាមរយៈអ្នកនិពន្ធ នឹងជួយឱ្យអ្នកមិនងងុយគេង ក៏ប៉ុន្តែមិនមែនមានន័យថាអ្នកមិនអាចអានសៀវភៅខុសពីចំណូលចិត្តអ្នកបានទេ គឺអានបានដូចគ្នា ប៉ុន្តែត្រូវការពេលវេលាច្រើនជាងគេបន្ដិច ដើម្បីបញ្ចប់សៀវភៅនោះ៕