រូបភាពពី Banchamek Gym

កីឡាករផ្នែកប្រដាល់ ដែលមានប្រជាប្រិយភាពនិងមានអ្នកគាំទ្រជាច្រើន តែងតែដាក់រហ័សនាមថា ស្តេចប្រដាល់នៅប្រទេសថៃ គឺកីឡាករ ប៉ូខាវ បានឆាមេក។

គួរជម្រាបផងដែរថាកីឡាករថៃរូបនេះ កើតនៅថ្ងៃទី០៨ ខែឧសភាឆ្នាំ១៩៨២ ក្នុងក្រុងសំរោងថេប ខេត្តសុរិននៃប្រទេសថៃ។ កីឡាករស្តេចប្រដាល់ថៃរូបនេះ បានចូលហ្វឹកហាត់ប្រដាល់តាំងពីអាយុប្រមាណ​ ៧ឆ្នាំ បន្ទាប់ពីសុំការអនុញ្ញាតពីឪពុកម្តាយរបស់លោក។

ជាមួយគ្នានោះផងដែរ អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តសុរិនរូបនេះ ធ្លាប់ឆ្លងកាត់ការប្រកួតមិនក្រោម៣០០ដង ក្នុងអាជីពជាអ្នកប្រដាល់ ពោលគឺតាំងពីអាយុ ៧ឆ្នាំមកទល់បច្ចុប្បន្ន ដោយក្នុងនោះធ្លាប់បានផ្ដួលជើងខ្លាំងជាច្រើននាក់ក្នុងនោះ មានទាំងអាស៊ីនិងអឺរ៉ុប។

តែរឿងរ៉ាវអាថ៌កំបាំង៤យ៉ាងនៅពីក្រោយភាពជោគជ័យរបស់កីឡាករប្រដាល់ថៃ ប៉ូខាវ ដែលអ្នកគាំទ្រជាច្រើននៅពុំទាន់បានដឹងមានដូចជា៖

១. ទទួលបានការសិក្សាខ្ពង់ខ្ពស់ : ប៉ូខាវ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកីឡានៅឆ្នាំ២០១៣ និងធ្លាប់បានបញ្ខប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកយុទ្ធសាស្រ្តការអភិវឌ្ឍន៍ក្នុងតំបន់នៅឆ្នាំ២០១៤ ហើយបានក្លាយជាឯកអគ្គរាជទូតអ្នកដំណាង និងការពារសិល្បៈបុរាណ ជាពិសេសប្រដាល់មុយថៃប្រចាំប្រទេសផងដែរ។

២. ចូលចិត្តកីឡាបាល់ទាត់ : ស្តេចប្រដាល់ថៃរូបនេះ ក៏ធ្លាប់ចូលរួមការលេងបាល់ទាត់នៅក្លឹបមួយ នៅលីគថៃលំដាប់ទី៣ ក្នុងឆ្នាំ២០១៤ ផងដែរ។

៣. ទម្លាប់ការហ្វឹកហាត់ប្រចាំថ្ងៃ : កីឡាករជើងខ្លាំងថៃរូបនេះ ក្រោកនៅម៉ោង ៥ : ៣០ព្រឹក ហើយរត់កំដៅសាច់ដុំក្រោមចំងាយប្រមាណជាង ១០គីឡូម៉ែត មុនពេលចូលរួមការហ្វឹកហាត់។ ហើយនៅម៉ោងប្រមាណ ៣រសៀលកីឡាកររូបនេះចាប់ផ្តើមរត់ និងចូលហ្វឹកហាត់ម្តងទៀតរហូតដល់ម៉ោង៧ ឬ៨ យប់ទើបឈប់។

៤. ជាអ្នកគាំប្រដាល់តាំងពីនៅតូច :​ ប៉ូខាវ បានចូលរួមទស្សនាការប្រកួតមួយនៅប្រទេសថៃ ធ្វើឲ្យកីឡាកររូបនេះមានចិត្តចង់ហ្វឹកហាត់ប្រដាល់ និងបានសុំការអនុញ្ញាតពីឪពុកម្តាយចូលហ្វឹកហាត់តាំងពីពេលនោះមក។

គួរបញ្ជាក់ផងដែរថា កីឡាករថៃរូបនេះធ្លាប់មកធ្វើការប្រកួតនៅប្រទេសកម្ពុជា ២លើកផងដែរ ដោយលើកចុងក្រោយកីឡាកររូបនេះផ្ដួលកីឡាករ ហូឡង់នៅក្នុងកម្មវិធី Mas Fight Cambodia នៅសង្វៀននៃទូរទស្សន៍ថោន៕

ប្រភព៖ CTS Sports