ឪពុកម្តាយរបស់សិស្សជាច្រើន កំពុងតែមានការព្រួយបារម្មណ៍ជាខ្លាំង និងបានលើកឡើងពីបញ្ហាប្រឈម ក្នុងការរៀនតាមអនឡាញ ដល់កូនៗរបស់ខ្លួន

ភ្នំពេញ៖ ចាប់តាំងពីផ្ទុះជម្ងឺកូវីត១៩ អំឡុងពេលខែមេសាមក តាមសាលាឯកជនក៏ដូចជាសាលារដ្ឋត្រូវបាន ផ្អាកមិនឲ្យសិស្ស​ទៅរៀនតាមសាលាដូចធម្មតា និងបានបង្វែរការសិក្សារបស់សិស្ស ឲ្យមករៀនតាមអនឡាញទៅវិញ។ ប៉ុន្តែមួយរយៈពេលនេះមានឪពុកម្តាយរបស់សិស្សជាច្រើន កំពុងតែមានការព្រួយបារម្មណ៍ជាខ្លាំង និងបានលើកឡើងពីបញ្ហាប្រឈម ក្នុងការរៀនតាមអនឡាញនេះ។

អ្នកស្រី ម៉ម ច័ន្ទសិរី បានប្រាប់ឲ្យដឹងថាកូនប្រុសរបស់គាត់ ដែលកំពុងតែសិក្សានៅថ្នាក់ទី២នៅសាលាឯកជន ទ្រូវិហ្សិនអន្តរជាតិកម្ពុជា។ កូនគាត់មិនសូវជាចង់រៀននោះទេ ព្រោះរៀនតាមអនឡាញគឺតម្រូវឲ្យកូន គាត់ចូល ទៅមើលវីដេអូ ដែលបានថតទុករួចជាស្រេច និងឲ្យកូនគាត់ធ្វើកិច្ចការសាលាតាមកាលវិភាគដែលសាលាដាក់ ឲ្យកូនគាត់ជារៀងរាល់មួយសប្តាហ៍ម្តង។

ផលវិបាក គឺកូនគាត់ចាប់មិនសូវបាននូវអ្វីដែលបានបង្ហាញនៅក្នុងវីដេអូ ជាពិសេសភាសាខ្មែរហើយចាំបាច់ឲ្យ ពួកគាត់ដែលជាឪពុក ម្តាយ ត្រូវនៅជាមួយគ្រប់ពេលដើម្បីជួយពន្យល់បន្ថែម។ ម្យ៉ាងទៀតក្មេងអាយុទើបតែ ៧ឆ្នាំ គឺមិនទាន់អាចទទួលខុសត្រូវនូវកាតព្វ​កិច្ច​សិក្សាបានល្អទេ គឺទាមទារឲ្យយើងជាឪពុកម្តាយចាំប្រាប់ កូនរាល់ថ្ងៃ ថាកូនត្រូវធ្វើបែបនេះ ធ្វើបែបនោះ ហើយបើសិនជាគ្មានអ្នកប្រាប់ទេច្បាស់ណាស់ថា កូនគាត់មិនអាចបញ្ចប់កិច្ចការសាលាតាមពេលវេលាកំណត់បានឡើយ។

អ្នកស្រីចង់ឲ្យសាលាបង្រៀនតាមអនឡាញបែបផ្សាយបន្តផ្ទាល់ ដែលអាចធ្វើឲ្យសិស្ស និងគ្រូនៅតែរក្សាទំនាក់ទំនង សួរ និងឆ្លើយ ដូចកាលកូនគាត់រៀននៅសាលា។ មួយវិញទៀត ចំពោះកិច្ចការសាលាវិញ សាលាគួរតែឲ្យជម្រើស មាតា បិតា ផ្ញើរតាមអ៊ីម៉ែលក៏បាន យកទៅផ្ទាល់ក៏បាន ព្រោះថាបច្ចុប្បន្ន យើងត្រូវយកកិច្ចការទៅប្រគល់ជូនសាលារៀងរាល់មួយសប្ដាហ៍ម្តង។

អ្នកស្រី ម៉ម ច័ន្ទសិរី បានលើកឡើងថា៖ «បើសិនជាគ្មានអ្នកប្រាប់ ច្បាស់ជាគាត់មិនអាចបញ្ចប់កិច្ចការ ផ្ទះតាម ពេលវេលាកំណត់បានឡើយ។ សំខាន់បារម្មណ៍ថាមិនដឹងប្រលងឡើងថ្នាក់តាមរបៀបណាទៀត»។

លោក ញ៉ែម សុផល គឺជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានកូនកំពុងតែសិក្សានៅថ្នាក់ទី៨នៃសាលាឯកជន AIS បានប្រាប់ឲ្យដឹងខ្លះៗ ពីបញ្ហាប្រឈមរបស់កូនគាត់ ដែលកំពុងតែរៀនតាមអនឡាញ។ គាត់បានប្រាប់ថាប្រព័ន្ធអ៊ីនធឺណេត គឺជាបញ្ហាចំបងតែម្តងក្នុងការរៀនតាមអនឡាញ។

ក្មេងៗ ពួកគាត់ ពិបាក​ក្នុងការរៀនខ្លាំងណាស់ ម្យ៉ាងវិញទៀតគ្រូនិងសិស្ស គឺពិបាកស្តាប់គ្នា​សូម្បីតែពេល ប្រលងប្រចាំខែរាល់ដង គឺតម្រូវឲ្យគ្រូផ្ញើវិញ្ញាសាមកឲ្យសិស្ស តែដោយសារប្រព័ន្ធអ៊ីនធឺណេតដំណើរការមិន បានល្អ កូនសិស្សមិនទាន់បានបញ្ជាប់វិញ្ញាសាទីមួយស្រួលបួលផង  ស្រាប់តែគ្រូមួយទៀតក៏ផ្ញើវិញ្ញាសា មកបន្តទៀត។

លោកមានការស្នើរសុំទៅសាលា ក្នុងអំឡុងពេលរៀនតាមអនឡាញ សាលាគួរតែមានការបញ្ចុះតម្លៃខ្លះពីព្រោះ ការបង្រៀនតាមប្រពន្ធ័អនឡាញវាមិនសូវជាមានប្រសិទ្ធភាពទេ ហើយពេលខ្លះក៏មានការដាច់ភ្លើងនិងពេលខ្លះ ទៀតប្រព័ន្ធអ៊ីនធឺណេតមិនដំណើរការតែម្តង។

លោក ញ៉ែម សុផល បានលើកឡើងថា៖ «គ្រូ និងសិស្សពិបាកក្នុងការស្តាប់គ្នា​  និងពេលប្រលងប្រចាំខែ ក៏អញ្ជឹងដែរ គ្រូគាត់ផ្ញើវិញ្ញាសាមកយឺត ដោយហេតុផលថាពិបាកអ៊ីនធឺណេត ដល់អញ្ជឹងសិស្សធ្វើមិនទាន់ចប់ មួយផងគ្រូមួយទៀតផ្ញើមកទៀត ជាន់គ្នាមិនដឹងស្អីៗ ទេ»។

គួរបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីប្រកាសលេខ១៣ អយក.សណន ដែល បានចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាល កំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេស ដោយសារតែមាន ករណីផ្ទុះឡើងនូវជម្ងឺកូវីត១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងនៅមិនទាន់បានអនុញ្ញាតឲ្យសាលាបើកដំណើរការជាធម្មតាវិញនោះទេ៕