កន្លងមក នៅតាមប្រទេសកំពុងអភិវឌ្ឍ ដោយក្នុងនោះរួមទាំងកម្ពុជាជាដើម យើងឃើញមានអាជីវកម្មលក់រាយជាច្រើនត្រូវបានគេបង្កើតឡើងគ្រប់ទិសទៅក្នុងប្រទេស។ រហូតមកដល់បច្ចុប្បន្ននេះ អាជីវកម្មប្រភេទនេះហាក់មានគូប្រជែង និងចាប់ផ្តើមប្រែប្រួលបន្តិចម្តងៗ ដោយទំនិញរាប់រយ រាប់ពាន់មុខ ត្រូវបានប្រមូលផ្តុំក្នុងហាងតែមួយហើយគំរូហាងទាំងអស់នោះ​ ត្រូវបានពង្រាយគ្រប់កន្លែងដោយក្រុមហ៊ុនធំៗក្នុងស្រុក។

ជាក់ស្តែង យើងឃើញហើយថា អាជីវកម្ម​លក់​គ្រឿងទេស និងទំនិញប្រចាំថ្ងៃ (ចាប់ហួយ) បច្ចុប្បន្នហាក់មានការគំរាមកំហែង ពីម៉ាតនិងកូនផ្សារតំបន់ ដែលបង្កើតឡើងដោយក្រុមហ៊ុន​ផ្សារទំនើបធំៗ នៅគ្រប់ប្រទេសនិងរួមទាំងគំរូអាជីវកកម្មពីក្រៅស្រុកថែមទៀតផង។ 

នៅទីក្រុងភ្នំពេញយើង ងាកទៅខាងណាក៏ឃើញមានម៉ាត មានសាខាផ្សារទំនើបនិង​សូម្បីតែស្ថានីយ៍ប្រេងឥន្ធនៈធំៗក៏ចាប់ផ្តើមមាន​កន្លែងទិញទំនិញដូចគ្នាហេតុនេះ​ថ្ងៃក្រោយទៅក្រុមហ៊ុនទាំងអស់នោះនឹងពង្រីកឥទ្ធិពលដែលអាចធ្វើឱ្យអាជីវកម្មលក់រាយ​ត្រូវបាត់បង់។

បណ្ឌិត Patrick Dixon អ្នកជំនាញ​ផ្នែកព្យាករណ៍ និង​យុទ្ធសាស្រ្តបានលើកឡើងថាអ្នកលក់រាយកំពុងរងផលប៉ះពាល់​ពីនិន្នាការសកល តាមវិធីជាច្រើន។ នៅបណ្តាប្រទេសជាច្រើន​នៃទ្វីបអឺរ៉ុប ការចំណាយជាង ៧០% ក្នុងការទិញទំនេញលក់រាយទាំងអស់ ត្រូវគ្រប់គ្រងដោយបណ្តាញអាជីវកម្មធំចំនួន៤ ឬ ៥ ប៉ុណ្ណោះ។ ចំណែកឯទ្វីបអឺរ៉ុបទាំងមូលវិញ ក្រុមហ៊ុនធំៗចំនួន​ ១០ប៉ុណ្ណោះ ដែលមានលទ្ធភាពគ្រប់គ្រង​ទីផ្សាររហូតដល់ទៅ ៥០%។ ក្រុមហ៊ុនទាំងអស់នេះបានក្តោបក្តាប់ទីផ្សារលក់រាយ និង​មានទំនិញរហូតដល់ទៅរាប់ពាន់ រាប់ម៉ឺនមុខ។

អ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា នៅប្រទេសជាច្រើន​ក៏កំពុងមានចរន្តនេះដែរ ដោយអាជីវកម្មលក់រាយស្ទើរតែទាំងអស់ ត្រូវក្តោបក្តាប់ដោយក្រុមហ៊ុន​ត្រឹមតែពីរបីប៉ុណ្ណោះ។ និន្នាការនេះអាចនឹងមានការកើនឡើង​ឥតឈប់ឈរលើពិភពលោក លើកលែងតែរដ្ឋាភិបាលអនុម័តច្បាប់បញ្ឈប់សកម្មភាពលក់ ឬធ្វើអាជីវកម្មផ្តាច់មុខ។

លោកថា លទ្ធផលនៃការបញ្ចូលគ្នាទាំងអស់នេះ ធ្វើឱ្យទីផ្សារអាហារ និងភេជ្ជៈជាតិនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនមួយចំនួនតូច ដែលជាអ្នកទិញសម្រាប់ចែកចាយដោយធ្វើការកំណត់តម្លៃរួម លើផលិតផលដូចជា ទឹកដោះគោ ឬទឹកបរិសុទ្ធ ឬមូលដ្ឋានផ្សេងទៀត ហើយការកំណត់តម្លៃបែបនេះ នឹងបង្កការលំបាកដល់កសិករក្នុងស្រុក។

វាមិនត្រឹមតែធ្វើឱ្យមានបញ្ហាសម្រាប់អ្នកលក់រាយប៉ុណ្ណោះទេ តែវាអាចជាសង្គ្រាមតម្លៃថ្នាក់ជាតិដែលឈានទៅដល់ការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងតំបន់។ ខ្សែចង្វាក់ផ្គត់ផ្គង់​ក្នុងតំបន់ធំៗនឹងជំរុញឱ្យឧស្សាហកម្ម​ម្ហូបអាហារថ្នាក់ជាតិមួយចំនួនជួបនឹងឧបសគ្គ ព្រោះពួកគេអាចយកទំនិញនាំចូលមកលក់ក្នុងទីផ្សារច្រើន ក្នុងតម្លៃទាបជាង៕