សេដ្ឋកិច្ច៖ កាលពីខែធ្នូ ឆ្នាំ 2021 អង់គ្លេស បានដំឡើងអត្រាការប្រាក់ពី 0.1% ទៅ 0.25% ។ ខែមីនា 2022 ថ្មីៗ នេះ ធនាគារកណ្ដាលអាមេរិក បានតម្លើងការប្រាក់ 0.25% ក្រោមហេតុផលដើម្បីទប់ទល់នឹងអតិផរណា ហើយប្រទេសធំៗផ្សេងទៀត ក៏គ្រោងនឹងលើកឡើង ពីការដំឡើងអត្រាការប្រាក់ក្នុងឆ្នាំ 2022 ផងដែរ។ 

វានឹងមានផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានដល់អ្នក និងសេដ្ឋកិច្ចទាំងមូល។ អត្រាការប្រាក់ខ្ពស់ធ្វើឱ្យប្រាក់កម្ចីកាន់តែថ្លៃសម្រាប់ទាំងអាជីវកម្ម និងអ្នកប្រើប្រាស់ ហើយអ្នកគ្រប់គ្នាត្រូវចំណាយកាន់តែច្រើនលើការទូទាត់ការប្រាក់។

តើការដំឡើងការប្រាក់បែបនេះ ប៉ះពាល់យ៉ាងដូចម្ដេចដល់ជីវិតប្រចាំថ្ងៃរបស់អ្នក?

ប្រាកដណាស់ ការលើកឡើងនេះ គឺមានផលប៉ះពាល់ផ្សេងគ្នារវាង អ្នកខ្ចី និងអ្នកសន្សំ  ប្រសិនបើអត្រាការប្រាក់ ដូចជាកម្ចីទិញផ្ទះ និងប្រាក់កម្ចីរថយន្តមានការផ្លាស់ប្តូរ។ អត្រាការប្រាក់កំពុងកើនឡើងជាសកល ហើយវាមានន័យថា វានឹងមានការប៉ះពាល់ចំពោះវិធី ដែលយើងចំណាយ និងការសន្សំប្រាក់

តើអត្រាការប្រាក់ជាអ្វី?

ការប្រាក់គឺជាថ្លៃនៃការខ្ចីប្រាក់ ដែលជាធម្មតាត្រូវបានផ្តល់ជាអត្រាការប្រាក់ប្រចាំឆ្នាំ។ វាគឺជាឧបករណ៍សំខាន់មួយ ដែលធនាគារកណ្តាលអាចប្រើ ដើម្បីព្យាយាមនិងពន្យឺតការកើនឡើងតម្លៃ ពោលគឺអតិផរណា។ ការកើនឡើងនៃតម្រូវការ គួបផ្សំនឹងការខ្វះខាតការផ្គត់ផ្គង់ នៅពេលដែលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ វិបត្តិរុស្ស៊ី-អ៊ុយក្រែន បែរជានាំមកនូវអតិផរណា ក្នុងកម្រិតខ្ពស់ទៅវិញ។ 

ដូច្នេះ ធនាគារកណ្តាល ដែលគ្រប់គ្រងរូបិយប័ណ្ណ និងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសនីមួយៗ កំពុងចាត់វិធានការផ្សេងៗគ្នា។

អត្រាការប្រាក់ និងកម្ចីទិញផ្ទះ ឬកម្ចីផ្ទាល់ខ្លួន

ប្រសិនបើអ្នកយកប្រាក់កម្ចីទិញផ្ទះ នោះតម្លៃនៃការសងប្រចាំខែរបស់អ្នកអាចនឹងកើនឡើង។ ចំនួនទឹកប្រាក់នឹងអាស្រ័យលើទំហំនៃប្រាក់កម្ចីរបស់អ្នក។ កម្ចីទិញផ្ទះ ដែលធ្លាប់បង់ក្នុងកម្រិត ៧%ក្នុងឆ្នាំ បើសិនជាកើនឡើង ១% ក្នុង១ឆ្នាំទៀត នោះអ្នកនឹងត្រូវបង់ប្រចាំខែខ្ពស់ជាងមុន មានន័យថា តម្លៃផ្ទះបានកើនឡើងដូចគ្នា។

តាមរយៈការដំឡើងអត្រាការប្រាក់ ធនាគារកណ្តាលតែងសង្ឃឹមថា នឹងអាចកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ មួយគ្រា ដើម្បីទប់ស្កាត់អតិផរណាឲ្យកើនឡើងយឺត។

អត្រាការប្រាក់ និងការសន្សំ

តាមទ្រឹស្ដី អត្រាការប្រាក់ខ្ពស់ មានន័យថាមនុស្សទទួលបានផលចំណេញ ពីការដាក់សន្សំ (ប្រាក់បញ្ញើ) ដែលមានកាលកំណត់ ក៏ដូចជាលើកទឹកចិត្តឲ្យអ្នកមានធនធាន ជ្រើសយកការសន្សំ ជាជាងការចំណាយ។

ក្នុងន័យជារួម ការដំឡើងអាត្រាការប្រាក់ នឹងប៉ះពាល់ដល់ខ្លួនអ្នកដូចជា៖ 

  • បង្កើនថ្លៃដើមនៃការខ្ចី 
  • បង្កើនថ្លៃនៃការខ្ចីធនាគារ ដែលនឹងធ្វើឲ្យទំនោនៃការខ្ចីថយចុះ 
  • បង្កើនតម្លៃលើការបង់រំលោះផ្សេងៗ 
  •  លើកទឹកចិត្តនៃការសន្សំ ជាជាងការចំណាយ
  • តម្រូវការនៃការងារ នឹងអាចកាត់បន្ថយ៕