អង្គុយ​​គង​អន្ទាក់​ខ្លា (អង្គុយ​ខ្វែង​ជើង​) មាន​គ្នា​យើង​ខ្លះ ធ្វើ​ជា​ទម្លាប់ ដែល​នេះ​ជា​ឥរិយាបថ​​មួយ​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​។ តែ​ទន្ទឹម​នឹង​នោះ ការ​ស្រាវជ្រាវ​ពាក់​ព័ន្ធ​នឹង​សុខភាព ដែល​បាន​លម្អិត​ទៅ​នឹង​​ឥរិយាបថ​អង្គុយ​អន្ទាក់​ខ្លា​នេះ បាន​បង្ហាញ​ដូច​ខាង​ក្រោម​នេះ៖

ដោយ​ផ្អែក​​លើ​​លទ្ធផល​សិក្សា​ ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ Istanbul ប្រទេស​ទួគី បាន​ពិសោធ​ទៅ​លើ​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​រយៈ​ពេល​យូរ និង​មាន​ទម្លាប់​​អង្គុយ​គង​អន្ទាក់​ខ្លា​។ លទ្ធផល​បាន​បង្ហាញ​ថា ត្រឹម​រយៈ​ពេល​៣​នាទី សម្ពាធ​ឈាម​​របស់​ពួក​គេ​ឡើង​ខ្ពស់ ក៏​ដោយ​សារ​តែ​ការ​អង្គុយ​យក​ជើង​ម្ខាង​ គង​សង្កត់​​លើ​ផ្នែក​ជង្គង់​នៃ​ជើង​ម្ខាង​ទៀត​ ដែល​ធ្វើ​ឱ្យ ចលនា​ឈាម​រត់​ទៅ​លើ (ផ្នែក​ទ្រូង) នាំ​ឱ្យ​ចរន្ត​ឈាម​ ខុស​ប្រក្រតី (ឈាម​ទៅ​ច្រាល​ច្រើន ជា​មួយ​និង​ឈាម​ច្របាច់​ចេញ​ពី​បេះ​ដូង​)។

ករណី​សិក្សា​មួយ​ទៀត​ ធ្វើ​ឡើង​នៅ​ឯ​ប្រទេស​ហុល្លង់ បាន​បង្ហាញ​លទ្ធផល ឃើញ​ដូច​នឹង​ការ​សិក្សា​មុន​ៗ​​ផង​ដែរ ដោយ​សារ​សរសៃ​ឈាម​ដំណើរ​ការ​មិន​ល្អ​ឡើយ នៅ​ពេល​ដែល​អង្គុយ​គង​អន្ទាក់​ខ្លា​។ ការ​អង្គុយ​យូរ​តាម​ឥរិយាបថ​នោះ បាន​ដាក់​សម្ពាធ​លើ​សរសៃ​​ឆ្អឹង​ស្មង​ជើង (ផ្នែក​ខាង​ក្រោយ​នៃ​ជង្គង់) ជា​ផ្នែក​សំខាន់​នៃ​ចលនា ជើង​និង​ប្រអប់​ជើង ធ្វើ​ឱ្យ​អ្នក​មាន​ទម្លាប់​បែប​នោះ​យូរ ច្រើន​មាន​អារម្មណ៍​​ឈឺ​មុត​ដូច​ចាក់​ម្ជុល​។

ចំណែក​ការ​សិក្សា​ពី​អ្នក​ជំនាញ​​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ បាន​បង្ហាញ​នូវ​លទ្ធផល​ជា​រួម​ដូច​នេះ​ថា ទម្លាប់​​នៃ​ការ​អង្គុយ​​គង​ជើង ឬ​អង្គុយ​គង​អន្ទាក់​ខ្លា គឺ​បង្ក​ផល​វិបាក​ជា​រួម​គឺ ធ្វើ​ឱ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់ កើត​ជំងឺ​យឺត​សរសៃ​ឈាម និង​ខូច​សរសៃ​ប្រសាទ​វិញ្ញាណ។ តែ​ទោះ​យ៉ាង​ណា​ក្តី អ្នក​ជំនាញ​សុខភាព​ក៏​បាន​​ណែ​នាំ ជា​ទូ​ទៅ​​ថា សម្រាប់​អ្នក​មាន​ទម្លាប់​អង្គុយ​គង​ទាក់​ខ្លា គួរ​ឧស្សាហ៍​ផ្លាស់​ប្តូរ​ឥរិយាបថ​អង្គុយ​ច្រើន​ដង នៅ​ពេល​មាន​អារម្មណ៍​មិន​ស្រួល។ ចំពោះ​ទម្លាប់​អង្គុយ​យូរ​ៗ​ដូច​នេះ អ្នក​ជំនាញ​ក៏​បាន​ណែ​នាំ​ឱ្យ​ធ្វើ​ចលនា​ខ្លះ​ទៀត ដើម្បី​ចៀស​វាង​មិន​ឱ្យ​អង្គុយ​រហូត​ដល់​ស្ពឹក​ស្រពន់​ ដែល​អាច​បង្ក​ជា​បញ្ហា​ទៅ​ថ្ងៃ​មុខ៕