ជំនឿទំនៀម​ទំលាប់​ប្រពៃ​ណីខ្មែរ ​សុទ្ធតែមាន​លក្ខណៈ​ពិសេស​ អស្ចារ្យ​ទាំង​អស់​ ​ខ្មែរមាន​ជំនឿ ចំពោះ​ចង្កូមខ្លាថា​ពេល​គេ​យកមក​ដាក់​ពាក់​ជា​បន្តោង​នៅ​ក ​ដើម្បី​ការពារ​សត្វព្រៃហើយ​បើ​ចង្កូមខ្លា​នោះ​មាន​ប្រហោង​ វា​កាន់តែមាន​ប្រសិទ្ធភាព​ទៅទៀត ព្រោះ​ព្រាយ​បី​សាច​ភ័យខ្លាច​ខ្លាំងណាស់។ ក្រៅ​ពី​នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ក៏​មាន​ជំនឿ​ទៅ​លើវត្ថុ​ផ្សេង​ៗ ទៀត​ជា​ពិសេស​ ខ្នាយតាន់​របស់​ជ្រូកព្រៃ។

 ជាក់ស្ដែងប្រជាជន​ខ្មែរ​រស់នៅក្នុង​ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ក៏​ដូចគ្នា​នឹង​ប្រជាជន​ខ្មែរ​ដែល​រស់នៅក្នុង​ខេត្ត​សុ​រិ​ន្ទ្រ ស៊ីសាកេតនិង​បុរីរម្យ ​ក្នុងប្រទេស​ថៃនាពេល​បច្ចុប្បន្ន​នេះដែរ ពួកគេ​នៅតែ​មានជំនឿយ៉ាង​ខ្លាំង​ទៅ​លើ​ខ្នាយតាន់​របស់​ជ្រូកព្រៃ ថាគឺជា​វត្ថុ​ស័ក្តិសិទ្ធិ​ដែល​នាំមក​នូវសិរី​មង្គលនិង​សេចក្តីសុខចម្រុងចម្រើន នេះ​បើ​យោង​តាម​ សៀវ​ភៅ  វប្បធម៌ អរិយធម៌ មូលដ្ឋាន​គ្រឹះអរិយធម៌ខ្មែរ  របស់សាស្ដ្រាចារ្យបណ្ឌិត មីសែល​ត្រាណែ ភាគ ១​បោះ​ពុម្ព ឆ្នាំ​២០១៣ ។

ការ​មាន​ជំនឿ​លើ​ខ្នាយតាន់​ជ្រូកព្រៃរបស់​ប្រជាជន​ខ្មែរ ស្ទើរ​តែមាន​លក្ខណ:ជាទូទៅ​ក្នុងសង្គម​ខ្មែរ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក នេះ​យោង​តាម​សៀវ​ភៅ​ខាង​លើបានឲ្យ​ឱ្យដឹងថា ជ្រូកព្រៃ​មាន​ទម្លាប់​រស់នៅ​ជា​ហ្វូង​របស់​វា ហើយ​នៅក្នុង​ហ្វូង​ជ្រូកនីមួយៗ គេ​ឃើញ​មាន​មេហ្វូង​មួយ​ជា​ជ្រូក​ឈ្មោល​ដែល​ មិន​ត្រឹម​តែមាន​មាឌធំហើយ​ខ្លាំងជាងគេ​ទេ វា​ថែមទាំង​កាច​សាហាវ​ទៀតផង។ ពេល​ដែលមាន​កូនជ្រូក​ព្រៃ​ទើបនឹងកើតមក មេហ្វូង​ជ្រូកព្រៃ​ដ៏​កាច​សាហាវ​ខ្លាំង​នេះសម្លាប់​នូវ​កូនជ្រូក​ព្រៃ​ឈ្មោល​ណាដែល​វា​ទទួលស្គាល់ថា ​មាន​មហិទ្ធិឫទ្ធិ​ដូច​វា។ តាម​ការសន្និដ្ឋានរបស់អ្នកស្រុក​រស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែកបានឱ្យដឹងថា ការបំផ្លាញ​កូន​ខ្លួនឯង​ដូច្នេះ បណ្តាលមកពី​មេហ្វូង​ខ្លាចក្រែង​កូនឈ្មោល​នៅក្នុង​ហ្វូង​នោះនឹង​ដណ្តើម​អំណាច​ធ្វើជា​មេហ្វូង​ទៅ​ថ្ងៃក្រោយ ។

ប៉ុន្តែ​ពេល​មេហ្វូងពេល​ដែលវា​​ជិត​ស្លាប់ ទើប​វា​ទុក​កូនឈ្មោល​ណាដែល​ប្រកប​លក្ខណៈសម្បត្តិ​រឹងមាំ ​មាន​ដុះ​ខ្នាយ​វែង​ជាងគេ​បន្តិចដើម្បី​ទុក​ដឹកនាំ​ហ្វូង​ជ្រូកព្រៃ​បន្ត​ពី​វា​ទៀត។ ចំពោះ​មេហ្វូង​ជ្រូកព្រៃ​ដល់ពេល​ដែល​វា​ចាស់ជរា​ខ្លាំង​ទៅ វា​ដើរ​ទៅរក​កន្លែង​ណា​ស្ងាត់ និង​មាន​ដើមឈើ​ផង ដើម្បី​យក​ខ្នាយតាន់​របស់​វា​ទាំងពីរ ​ទៅ​កាច់​បំបាក់​ទុក​បង្កប់​ចោល​នៅ​នឹង​ដើមឈើ​នោះ។

ហេតុ​ដូច្នេះហើយ​ ប្រជាជន​ខ្មែរ​នៅតាម​តំបន់​ព្រៃភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ដទៃទៀត មានជំនឿថា អ្នក​ដែល​រើស​បាន​ខ្នាយ តាន់​ជ្រូកព្រៃ​យកមក​ពាក់ គឺ​គេ​នឹងមាន​សេចក្តីសុខ​សិរី​សួស្តី ឫទ្ធិអំណាច​ជាក់​​ជាពុំខាន​។ បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក​បៀតបៀន ឬ​យក​ឈ្នេះ​លើ​ខ្លួនគេ​បានឡើយ។ មហិទ្ធិឫទ្ធិ​របស់​ខ្នាយតាន់​នៅត្រង់ថាបារមី ឬ​វត្ថុ​ស័ក្តិសិទ្ធិ ​ជា​ពន្លឺ​នៅលើ​ថ្ងាស​ជ្រូកព្រៃ​ ដែល​តាម​ថែរក្សា​គាំពារ​ជានិច្ចកាល។ បារមី​នេះឯង​ដែល​ពិបាកនឹងមាន​នរណាម្នាក់​អាច​សម្លាប់​វា​ដោយ​ងាយ​បានឡើយ។

ចំពោះ​បងប្អូន​ជនជាតិ​ខ្មែរលើក៏មាន​ជំនឿ​ដូចគ្នានេះដែរ។ គេ​បានចាត់ទុក​ជំនឿ​នេះ​ជា​ទំនៀមទម្លាប់​ប្រពៃណី​ប្រចាំ​ជនជាតិ​ទៀតផង។ គេ​យល់ថា បារមី​ខ្នាយតាន់​ជ្រូកព្រៃ​សម្រាប់​ជួយ​ការពារ​នឹង​សត្វព្រៃ​ដ៏​កាច​ សាហាវផ្សេងៗឬ​អាវុធ​ដូចជា​ព្រួញស្នជាដើម ដោយហេតុថានៅ​តំបន់​ព្រៃភ្នំ​ពុំមាន​គ្រាប់កាំភ្លើងឬ​ជាតិ​ផ្ទុះ​ឡើយ ។

ចំពោះ អ្នកមាន​ខ្នាយតាន់​ជ្រូកព្រៃ​ តែងតែ​កាន់​ត្រណម​មួយចំនួន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​គួបផ្សំ​នឹង​មន្តអាគម​បន្ថែម​ផងនោះ​ធ្វើឱ្យ​ខ្នាយតាន់​ ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់​កាន់តែ​ខ្លាំងក្លា​មួយកំរិត​ថែមទៀត ៕