គ្នា​យើង​​មួយ​ចំនួន​ច្រើន​ត្អូញ​ត្អែរ​ពី​រឿង​ឡើង​គីឡូ មិន​សប្បាយ​​ចិត្ត​នឹង​រូប​រាង ​ដោយ​សារ​​​មាន​​ពិធី​ជួប​ជុំ​ច្រើនដូច​ជា​​​ជប់​លៀង​មិត្តភក្តិ ខួប​កំណើត ឬ​ការ​ជា​ដើម។ ហើយ​នេះ ក៏​ជា​​លេស​ពេញ​និយម​​ផង​ដែរសម្រាប់​គ្នា​យើង​ចូល​ចិត្ត​ញ៉ាំ​។ តែ​យ៉ាង​ណា​មិញ បើ​យើង​សម្គាល់​​ឃើញ​ថាទម្លាប់​ចង់​ញ៉ាំ​កើត​សឹង​គ្រប់​ពេលដែល​ការ​ឃ្លាន​ជា​ញឹក​ញាប់​ នោះនឹង​ធ្វើ​ឱ្យ​​​រាង​កាយ​​​ទទួល​យក​​​អាហារ​លើស​ពី​តម្រូវ​ការ ឬ​ទទួល​យក​ធាតុ​កាល់​ឡូ​រីច្រើន​ នាំ​ឱ្យ​​យើង​កើន​ទម្ងន់។

តាម​រយៈ​​ការ​ស្រាវជ្រាវ​ជា​ច្រើន បង្ហាញ​នៅ​លើ​គេហទំព័រ​ Life Hack បាន​​លើក​ឡើង​នូវ​មូលហេតុ​​ទូ​ទៅ​ធំ​ៗ មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​យើង​កើត​មាន​បញ្ហា​ចំណង់​ញ៉ាំ​សឹង​តែ​គ្រប់​​ពេល​នោះ​មាន​ដូច​ជា​៖

ហត់​អស់​កម្លាំង​៖ នៅ​ពេល​ហត់​នឿយ ភាគ​ច្រើន​យើង​អាច​ឃើញ​អាហារ​ថា​ជា​រង្វាន់ ឬ​ជា​ប្រភព​ប៉ះ​ប៉ូវ​ថាម​ពល ដែល​ពេល​ខ្លះ​យើង​បង្កើត​ចេ​ញ​ជា​ទម្លាប់​ញ៉ាំ​ថ្មី​ដោយ​ខ្លួន​ឯង ដោយ​​​ចូល​ចិត្ត​​ជម្រុញ​ចិត្ត​​ញ៉ាំ​ចំណី​ច្រើន​ក្រោយ​ពេល​​ហត់​អស់​កម្លាំង​។

អារម្មណ៍​ធុញ​ថប់ឬ​អផ្សុក​៖ សកម្មភាព​ដែល​នាំ​ឱ្យ​យើង​​​ទម្លាប់​ឃ្លាន​មិន​រើស​ពេល​ផង​ដែរ​នោះ គឺ​​ការ​ចំណី​ក្រៅ​ពេល​កំដរ​មាត់ព្រោះ​អផ្សុក ថែម​ពី​នោះ​ការ​មាន​ចំណី​ចំណុកអំឡុង​ពេល​ការ​​មើល​ទូរទស្សន៍​ ឬ​ភាព​យន្ត​កម្សាន្ត ក៏​​នាំ​ឱ្យ​យើង​​​ភ្លេច​​ខ្លួន​ញ៉ាំ​ច្រើន​មិន​បាន​គិត​ប្រមាណ​ផង​ដែរ​។

ភេសជ្ជៈ​ជាតិ​អាល់​កុល ឬ​​ជា​តិ​ស្រវឹង​៖ ភេសជ្ជៈ​​​ញ៉ាំ​លេង​​សម្រាប់​បង្កើន​បរិយាកាស​រីក​រាយ ក៏​នាំ​ឱ្យ​មាន​​​ចំណី​ចំណុក​អាហារ​បន្ថែមដើម្បី​ក្លែម​។ ក្នុង​នោះ​ជាតិ​ប្រៃជាតិ​ផ្អែម ឬ​ជាតិ​ខ្លាញ់​ក្នុង​ចំណីដោយ​​អម​ជា​មួយ​ភេសជ្ជៈ ​​ធ្វើ​ឱ្យ​យើង​​​​មាន​អាការៈ​ស្រេក​​ជាតិ​ទឹក និង​បន្ត​ញ៉ាំ​ភេសជ្ជៈ​​ទាំង​នោះ​​បន្ថែម ដែល​បង្ក​ចេញ​ជា​ទម្លាប់​មិន​ល្អ​ថ្មី​។

ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​៖ ការ​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ថា​កង្វះ​ជាតិ​ទឹក ឬ​មិន​បាន​ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ក៏​អាច​ឱ្យ​យើង​យល់​ច្រលំ​ថា​ឃ្លាន ហេវ​ហត់ហើយ​មាន​ទំនោរ​រក​ចំណី​​ចំណុក​មក​​ញ៉ាំជំនួស​ឱ្យ​ការ​ស្រេក ​ហើយ​សឹង​នឹង​គ្រប់​ពេល​​។

ដោយ​សារ​ដើម​ហេតុ​សំខាន់​ៗ​ខាង​លើ​នេះ អាច​ធ្វើ​ឱ្យ​យើង​ពេល​ខ្លះក្លាយ​ជា​ទម្លាប់​ឃ្លាន​​មិន​រើស​ពេល​បាន ដូច​នេះ​យើង​អាច​រិះ​រក​​វិធី​ផ្សេង​ៗដើម្បី​កាត់​បន្ថយ​​​​ចំណង​បញ្ហា​​ទាំង​នោះ​ផង​ដែរ​៕