អតិថិជនគឺជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើអាជីវកម្មលក់ដូរមិនថាអាជីវកម្មតូចឬធំនោះទេ។ យ៉ាងណាមិញគ្រប់ម្ចាស់អាជីវកម្មទាំងអស់តែងតែយកចិត្តទុកដាក់ និងខិតខំដើម្បីស្វែងរកវិធីសាស្រ្តទាក់ទាញអតិថជនឲ្យទិញផលិតផលរបស់ខ្លួនជាប្រចាំ។ 

ជាមួយគ្នានេះដែរ លោកអ្នកប្រាកដជាមានចម្ងល់ហើយថា ហេតុអ្វីខិតខំបំពេញគ្រប់ជ្រុង ជ្រោយហើយនៅតែអតិថិជនមិនមកទិញផលិតផលរបស់ខ្លួនទៀត? ជាការពិតណាស់ វាមានហេតុផលជាច្រើនចំពោះការដែលធ្វើឱ្យពួកគាត់មិនមកទិញផលិតផលរបស់អ្នក ។​ ខាងក្រោមជាមូលហេតុទាំង៥ ​ដែលអតិថិជនមិនមកទិញផលិតផលរបស់អ្នក។

១) កង្វះហិរញ្ញវត្ថុ

បញ្ហាហិរញ្ញគឺជាហេតុផលមួយចម្បង ដែលធ្វើឱ្យអតិថិជនមិនទិញផលិតផលពីអ្នក ឬជួនកាលអាចបណ្តាលមកពីផលិតផលរបស់អ្នកមានតម្លៃខ្ពស់ជាងទីផ្សារ ទើបធ្វើឱ្យអតិថិជន មិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញ។ 

ជាមួយគ្នានេះដែរមានវិធីសាស្រ្តមួយ គឺអ្នកគួរតែមានជាការបង់រំលោះ ចំពោះផលិតផលណាដែលអាចដាក់បាន ឬក៏អាចបញ្ចុះតម្លៃជាដើម ដើម្បីជូយសម្រួលដល់ពួកគាត់ក្នុងការទិញផលិតផលរបស់អ្នក។

២)អតិថិជន មិនមានត្រូវការ

ចំណុចដែលសំខាន់បំផុតដើម្បីលក់ឱ្យឆាប់ដាច់នោះ គឺការលក់ផលិផលមួយដែលអតិថិជនគ្រប់រូបសុទ្ធតែត្រូវការជាចាំបាច់។ មិនថាផលិតផលរបស់អ្នកល្អ​ ទំនើប ទាន់សម័យ និង ងាយស្រួលក្នុងការប្រើប្រាស់យ៉ាងណានោះទេប្រសិនបើវាមិនមែនជាតម្រូវការចាំបាច់ របស់អតិថិជន នោះពួកគាត់នឹងគ្មានថ្ងៃទិញវាពីអ្នកឡើយ។ 

ដូច្នេះអ្នកគួរតែព្យាយាមលក់ ផលិតផលណាដែលអតិថិជនទូទៅត្រូវការជាចាំបាច់បំផុត។

៣)អតិថិជន មិនចង់បាន

ចំណុចនេះហាក់បីដូចជាស្រដៀងនឹងចំណុចទី២ ក៏ប៉ុន្តែវាខុសគ្នាត្រង់ថា អ្វីដែលអតិថិជនត្រូវការ មិនប្រាកដថាពួកគាត់សុទ្ធតែចង់បាននោះទេ។ ឧទាហរណ៍ថាអតិថិជន ត្រូវការទិញទូរទឹកកក ក៏ប៉ុន្តែពួកគាត់ចង់បានបែបប្រើប្រាស់ថាមពលតិចបំផុត។ 

នេះហើយ ជាមូលហេតុ ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់ទៅលើចំណុចមួយនេះធ្វើយ៉ាងណាឱ្យត្រូវតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់អតិថិជនទូទៅ។

៤) មិនទាន់ដល់ពេលក្នុងការទិញ

អថិតិជនមួយចំនួនធំភាគច្រើនចូលចិត្តពន្យាពេលក្នុងការទិញផលិតផលរបស់អ្នក ​ជាពិសេសគឺតាមប្រព័ន្ធអនឡាញតែម្តង។ ពួកគាត់អាចនឹងមានអារម្មណ៍ថា ខ្ជិលហើយចាំទិញនៅថ្ងៃក្រោយ ឬជួនកាលពួកគេរង់ចាំឪកាសល្អ ដែលក្រុមហ៊ុនត្រូវតែគិតពីវិធីសាស្រ្ដនៃការធ្វើប្រូម៉ូសិន ការបញ្ចុះតម្លៃ និងការថែមជូនជាដើម។

៥)អតិថិជន មិនទុកចិត្តផលិតផលរបស់អ្នក

ទំនុកចិត្តគឺជាកត្តាដ៏សំខាន់ដែលអ្នកគួរតែកសាងជាមួយអតិថិជនឱ្យបានល្អ។ ពួកគាត់នឹង គ្មានថ្ងៃទិញផលិតផលពីអ្នកនោះឡើយ ប្រសិនបើពួកគេមិនទុកចិត្តមកលើអ្នក និងគុណភាពផលិតផលរបស់អ្នក។ 

អ្នកត្រូវតែធ្វើយ៉ាងណាដើម្បីឱ្យពួកគាត់ជឿ ទុកចិត្តមកកាន់ផលិតផលរបស់អ្នកទៅតាមរយៈការធានានិងការធ្វើបទបង្ហាញផ្ទាល់។

ជារួមមកវិញចំណុចទាំងប្រាំខាងលើនេះគឺផ្នែកយ៉ាងសំខាន់ដែលអាជីវករគ្រប់រូបៗ គួរតែសិក្សាស្វែងយល់ដឹងឱ្យបានច្បាស់ពីអតិថិជនរបស់ខ្លួនពីព្រោះវានឹងផ្តល់ភាព ងាយស្រួលដល់អ្នកក្នុងការលក់ឱ្យឆាប់ដាច់ និងទទួលបានផលចំណេញខ្ពស់៕