សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅ​រដូវ​ទឹក​ឡើងឬ​ជំនន់​ទឹក​ ដោយ​សារ​​​គ្រោះ​​ធម្មជាតិ​មាន​ព្យុះ​ភ្លៀង​នេះការ​ប្រុង​ប្រយ័ត្ន​​​ពិសេស​ទៅ​លើ​​កុមារ​តូច​ៗមិន​ឱ្យ​ទៅ​លេង​ក្បែរ​​ទឹកជា​វិធាន​ការ​គួរ​មានបន្ថែម​ពី​នោះ​ ​ការ​​ស្វែង​យល់​ពី​វិធាន​ការ​សង្រ្គោះ​បន្ទាន់​​នៅ​ពេល​មាន​អ្នក​​លង់​ទឹកគឺ​ចំណែក​មួយ​ជួយ​បង្ការ​ហានិភ័យ​ផ្សេង​ៗចំពោះ​អ្នក​រង​គ្រោះមុន​​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរពេទ្យ ​ដែល​មាន​បុគ្គលិក​ជំនាញ​សង្គ្រោះ​​។ ជា​មួយ​បញ្ហា​នេះមន្ទីរ​ពេទ្យ​កាល់​ម៉ែត​នៅ​រាជ​ធានី​ភ្នំពេញក៏​បាន​​​ចេញ​ផ្សាយ​នូវ​វិធី​សង្គ្រោះ​បន្ទាន់សម្រាប់​ស្វែង​យល់​ដូច​ខាង​ក្រោម​៖

១. អាទិភាព​ដំបូង​បំផុត​នៅ​ក្នុង​ការ​គ្រប់​គ្រង​ជន​រង​គ្រោះ​ដោយ​សារ​លង់​ទឹកគឺ​ការ​រក្សា​សុវត្ថិភាព​។ អ្នក​ជួយ​សង្គ្រោះ​គួរ​ពិចារណា​ពី​លទ្ធភាព​​​ ដែល​អាច​កើត​មាន​គឺ​របួស​នៅ​ឆ្អឹង​ខ្នង​របស់​ជន​រង​គ្រោះដែល​អាច​ទាក់​ទង​ នឹង​គ្រោះ​ថ្នាក់​​នៃ​ការ​លោតឬ​ជ្រមុជ​ទឹក ឬ​មិន​ដឹង​មូល​ហេតុ​។ គួរ​តែ​សែង​យក​ជន​រង​គ្រោះ​ចេញ​ពី​ទឹក ដោយ​ប្រើ​ក្តារ​បន្ទះ​រឹង​ជា​ជំនួយ​។

២. ដើម្បី​ជៀស​វាង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​​ពី​ការ​ខ្វះ​អុក​​ស៊ីសែនត្រូវ​បង្ហើប​ក្បាល ​ឱ្យ​​ផុត​ពី​ទឹកដើម្បី​ឱ្យ​គាត់​អាច​ដក​ដង្ហើម​បាន។ ទោះ​បី​ជា​អ្នក​លង់​ទឹក​មិន​ទាន់​​ត្រូវ​បាន​​​យក​ចេញ​ពី​ផ្ទៃ​ទឹក​​ក៏​ដោយ ក៏​យើង​ត្រូវ​ចាប់​ផ្តើម​បញ្ចូល​ខ្យល់​សិប្បនិម្មិត​​ដល់​គាត់រហូត​ដល់​បាន​បញ្ជូន​គាត់​មក​ដល់​ច្រាំង​។

៣. នៅ​លើ​ដី​គោក​ស្ងួតមិន​ត្រូវ​រមៀល​គាត់​ទេតែ​ត្រូវ​ដាក់​គាត់​ក្នុង​ដំណេក​ផ្អៀក​សុវត្ថិភាព ទៅ​ខាង​ឆ្វេង​​ដើម្បី​​ឱ្យ​ទឹក​កំអួត​​ចេញ​ពី​ផ្លូវ​ដង្ហើម​ខាង​លើនិង​ដាក់​ក្បាល​ឱ្យ​ទាប​បន្តិច​ ចៀស​វាង​ការ​ហៀរ​ទឹក​ច្រាល​ក្នុង​​សួត​របស់​គាត់​។

-ត្រូវ​បឺត​សំអាត​ផ្លូវ​ដង្ហើម​ឱ្យ​បាន​ឆាប់​រហ័ស និង​ចាប់​​ផ្តើម​ធ្វើ​ការ​បញ្ចូល​ខ្យល់​​សិប្បនិម្មិត​​ឡើង​វិញ​​រហូត​ដល់​ដង្ហើម​របស់​អ្នក​លង់​ទឹក​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ។

៤. ប្រសិន​បើ​ជន​រង​គ្រោះ​គ្មាន​ជីពចរ​ទេការ​ធ្វើ​ចលនា​បេះ​ដូង និង​សួត​ត្រូវ​ចាប់​ផ្តើម​​ភ្លាម​ៗ​។ ការ​ធ្វើ​ចលនា​​បេះ​ដូងនិង​សួត​​ក្នុង​ពេល​ពីរ​បី​នាទី​ដំបូងក្រោយ​ពី​ការ​គាំង​បេះដូង​ គឺ​ជា​ការ​ព្យាករណ៍​​មួយ​សំខាន់​​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​​អ្នក​លង់​ទឹក​។

-ប្រសិន​​បើ​ការ​ប៉ោង​ក្រពះ​ប៉ះ​ពាល់​ដល់​ការ​បញ្ចូល​ខ្យល់​សិប្បនិម្មិត ​អ្នក​សង្គ្រោះ​គួរ​តែ​ដាក់​ជន​រង​គ្រោះ​ឱ្យ​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង ​ហើយ​ត្រូវ​បន្ត​ចាត់​វិធាន​ការ​ជួយ​សង្គ្រោះ​​រហូត​​ទាល់​តែ​ជន​រង​គ្រោះ ត្រូវ​បាន​ដឹក​ដល់​មន្ទីរពេទ្យ​ដែល​ពួក​គេ​អាច​ទទួល​បាន​ការ​សង្រ្គោះ​ពី​ខាង​មន្ទីរ​ពេទ្យ​បាន​ពេញ​លេញ​។

​​​​​ប្រភព​ខាង​លើ​ដដែល​​ក៏​បាន​បញ្ជាក់​ចំណុច​​គួរ​កត់​សម្គាល់​មួយ​ផង​ដែរ គឺ​នៅ​​ក្នុង​ការ​​លង់​ទឹកទឹក​កម្រ​ចូល​សួត​​ក្នុង​បរិមាណ​ច្រើន​ពី​ព្រោះ​ នៅ​ពេល​ប៉ះ​​នឹង​វត្ថុ​រាវ​ការ​កន្ត្រាក់​បំពង់​ក​​កកើត​ឡើង ហើយ​ការ​កន្ត្រាក់​ទាំង​នេះដែល​បាន​បិទ​ដង្ហើម​ពី​មាត់​និង​ច្រមុះ​របស់​ជន​រង​គ្រោះ​៕