នៅពេលនេះពិភពលោកហាក់កំពុងប្រឈមខ្លាំងជាមួយនឹងវិបត្តិដែលកើតឡើង ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ បញ្ហាដ៏លំបាកនេះ បានធ្វើឱ្យប្រជាជនជាច្រើនត្រូវប្រឈមជាមួយនឹងបញ្ហាហិរញ្ញវត្ថុ ជាពិសេ​សគឺស្ត្រីនៅក្នុង​ប្រទេសកំពុងអភិវឌ្ឍ។

តាមការបញ្ជាក់របស់អង្គការ OXFAM បានបញ្ជាក់ថា ស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍភាគច្រើនមិនសូវទទួលបានការអប់រំខ្ពស់ និងជាអ្នកធ្វើការងារ​ខាងក្រៅដូចនៅបណ្តាប្រទេសអភិវឌ្ឍនោះឡើយ។ មុខរបររបស់ស្ត្រីនៃប្រទេសកំពុងអភិវឌ្ឍភាគច្រើនជាមុខរបរក្រៅប្រព័​ន្ធ និងជាមុខរបរ​បន្ទាប់បន្សំបន្ថែមពីលើចំណូលរបស់ប្តីឬមេគ្រួសារ។ ហេតុនេះហើយ ទើប​ពួកគាត់អាចប្រឈមខ្លាំងក្នុងការធ្លាក់ទៅក្នុងស្ថានភាពក្រីក្រ នៅពេលដែលបង្គោលនៃគ្រួសាររបស់គាត់បាត់បង់ចំណូល។

អង្គការខាងលើបានបញ្ជាក់ថា នៅឆ្នាំ ២០២០ស្ត្រីលើពិភពលោកបានបាត់បង់ប្រាក់ប្រមាណ ៨០០ពាន់លានដុល្លារ ដោយសារតែបញ្ហាផលប៉ះពាល់នៃជំងឺកូវីដ១៩។ តាមរយៈទិន្នន័យនេះ អង្គការ OXFAM បានបញ្ជាក់ថា ស្ត្រីនៅទូទាំងពិភពលោកប្រមាណ៤៧លាននាក់ នឹងត្រូវធ្លាក់ក្នុងបន្ទាក់ក្រីក្រ។ បើតាមការបញ្ជាក់របស់ធនាគារពិភពលោកបានឱ្យដឹងថា អ្នកដែលមានចំណូលតិចជាង ២ដុល្លារក្នុងមួយថ្ងៃ ជាអ្នកដែលស្ថិតក្រោមបន្ទាត់ក្រីក្រ។

បច្ចុប្បន្ននេះ ស្ត្រីប្រមាណ ៤៧លាននាក់ នៅក្នុងប្រទេស​ក្រីក្រអាចមានលទ្ធភាព ដើម្បីរកប្រាក់ចំណូល​ក្រោម២ដុល្លារ ដែលវាជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗ។ បន្ថែមពីលើនេះ ភាពក្រីក្ររបស់ស្ត្រីក្នុងប្រទេសក្រីក្រ អាចជះផលប៉ះពាល់យ៉ាងខ្លាំងដល់ធនធានមនុស្សសំខាន់ៗផ្សេងទៀតជាពិសេស​កុមារតូចៗក្នុងបន្ទុក ដែលជាអនាគតធនធានមនុស្សដ៏សំខាន់សម្រាប់បន្តវេន​នៅលើពិភពលោក។

កុមារតូចៗដែលរស់នៅក្នុងគ្រួសារនៃស្ត្រីទាំង ៤៧លាននាក់ខាងលើ អាចនឹងប្រឈមជាមួយនឹងបញ្ហាកង្វះអាហារូបត្ថម្ភ និងបញ្ហាជាច្រើនទៀតដែលរាំងស្ទះដល់ការអភិវឌ្ឍផ្នែកបញ្ញាស្មារតី និង​ផ្នែក​រាង្គកាយថែមទៀតផង៕