សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សម្រាប់​​​អ្នក​ជាប់​សែ​ស្រឡាយ​ចិន នឹង​អាច​ធ្លាប់​ឮ​ពី​​ឃ្លាឬ​ប្រយោគ​ខ្លី​ៗតែ​​មាន​អត្ថន័យ​អប់​រំ​ជា​បទ​ពិសោធន៍​​ សាច់​ញាតិ​ ឬ​ដូន​តា​ជា​ជន​ជាតិ​ចិន​ធ្លាប់​បាន​ជួប​កន្លង​មក។ យ៉ាង​ណា​មិញ បទ​ពិសោធ​ទាំង​នោះបាន​បង្កប់​តម្លៃ​អប់​រំ​ជា​ទូ​ទៅដែល​អ្នក​​មិន​ជាប់​សែ​ស្រឡាយ​ចិនក៏​អាច​រៀន​ និង​ស្វែង​យល់​បាន​នូវ​បទ​ពិសោធ​ទាំង​នោះដែល​មាន​ដូច​ជា​៖

​***ចង់​សម្រេច​ការ​ធំត្រូវ​ចេះ​តស៊ូ​​ពុះ​ពារ​គ្រប់​ឧបសគ្គ​

***​ពេល​ដើម​ឈើ​រលំស្វា​បែប​សំបុក៖ គឺ​ពេល​ណា​ចៅ​ហ្វាយ​ធ្លាក់​បុណ្យ​កូន​ចៅ​ខ្ចាត់​ខ្ចាយ។

​***​ខំ​ជួយ​សេះ​ងាប់​​ឱ្យ​រស់​ឡើង​វិញ៖ គឺ​ធ្វើ​រឿង​មិន​សម​ទំនង​។

***មើល​ដឹង​ទិស​ខ្យល់បំបែរ​ចង្កូត៖ គឺ​ធ្វើ​អ្វី​ឱ្យ​ត្រូវ​តាម​សភាព​ការណ៍​និង​កាលៈ​ទេសៈ ឬ​មនុស្ស​ឱកាស​និយម​។

***ភាព​មាន​បាន​មិន​ដែល​បន្ត​ជាប់​គ្នា​បី​តំណ​៖ គឺ​មនុស្ស​មិន​មែន​ចេះ​តែ​មាន​វាសនា​ខ្ពស់ត​កូន​ត​ចៅ​ជាប់​ទៅ​រហូត​នោះ​ទេ។

***បើ​ទៅ​មុខ​មិន​រួច​ទេឱ្យ​ប្តូ​រ​ទិស​ដៅ​

***អាចម៍​កណ្តុរ​តែ​មួយ​ដុំ​ខូច​បបរ​អស់​មួយ​ឆ្នាំង៖ គឺ​រឿង​អាក្រក់​តូច​​មួយអាច​ធ្វើ​ឱ្យ​ខូត​ខាត​​រឿង​ល្អ​ៗ​ជា​ច្រើន​បាន។

***​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​អ្នក​​ដទៃជា​រឿង​មិន​ត្រូវ​ខ្វះ​សោះ​ឡើយ

***ជិះ​លា​ដើរ​រក​សេះ៖ គឺ​អ្វី​ដែល​អាច​ធ្វើ​បាន​ជា​ប្រយោជន៍​​ធ្វើ​សិន​ទៅទម្រាំ​ឱកាស​ធំ​ដុំ​មក​ដល់​សឹម​ស្រវា​ចាប់​ដូច​ពាក្យ​ខ្មែរ​ថាជិះ​ក្របី​ចំលង​ភក់​។

​***ព្រះ​សង្ឃ​បី​ព្រះ​អង្គគ្មាន​ទឹក​​សម្រាប់​ឆាន់​៖ គឺ​ពេល​មាន​គ្នា​ច្រើនមនុស្ស​ច្រើន​មើល​បំណាំ​ប្រចាំ​គ្នា​ពី​រឿង​ធ្វើ​ការ​ដូច​ពាក្យ​ខ្មែរ​ថាគ្នា​ដូច​ស្រមោច អន្សម​ឆៅ។

***​មាន​ចិត្ត​តែ​ឥត​កំលាំង៖ គឺ​បាន​ត្រឹម​តែ​គិតមិន​អាច​ធ្វើ​អ្វី​ឱ្យ​សម្រេច​បាន​។

***​ផ្កា​ភ្លើង​តូច​មួយ​អាច​ឱ្យ​ក្លាយ​ជា​ភ្លើង​ឆេះ​ព្រៃ​បាន​៖ កុំ​មើល​​ស្រាល​រឿង​តូច​តាចព្រោះ​វា​អាច​រាល​ដាល​ទៅ​ជា​វិបត្តិ​ធំ​បាន។

***ដុំ​ពេជ្រកាល​បើ​មិន​ត្រូវ​​មុខ​កាំ​បិត​កាត់​ច្នៃ​ទេក៏​មិន​​អាច​ក្លាយ​ជា​វត្ថុ​មាន​តំលៃ​ដែរ​៖ គឺ​មនុស្ស​ បើ​មិន​បាន​លត់​ដំ​រង​ការ​លំបាក​ទេក៏​មិន​អាច​ក្លាយ​ជា​​អ្នក​ក្លា​ហាន​រឹង​មាំ​ដែរ៕

Image

ប្រភព៖សំណេរ​រៀប​រៀង ប៊ុន​ចាន់សុក្រ​សិរី