ក្រោយទទួលបានលទ្ធផល​មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អ្វីដែលសិស្សត្រូវធ្វើនៅដំណាក់កាលនេះគឺ​ត្រៀមខ្លួនដើម្បីបន្ត​ទៅសិក្សានៅឧត្តមសិក្សា។ ចំពោះអ្នកដែលមានជីវភាពខ្ពស់ និងមានទីលំនៅ​ក្នុងទីក្រុងការបន្តការសិក្សានៅមហាវិទ្យាល័យឬគ្រឹះស្ថានសិក្សាជំនាញនានា ទំនងមិនមែនជារឿងលំបាកពេកនោះទេ តែសម្រាប់អ្នកនៅជនបទវិញ វាអាចជាដំណាក់កាលដ៏លំបាកក្នុងការសម្រេចចិត្ត ជាពិសេស​លើកបញ្ហាហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សា។

ថ្ងៃនេះសារព័ត៌មានរបស់យើងបង្ហាញវិធីសំខាន់ៗចំនួន៣យ៉ាង សម្រាប់ជាគំនិតក្នុងការពិចារណាចំពោះ​អ្នក​ដែលចង់សិក្សានៅឧត្តមសិក្សាតែមិនមានលទ្ធភាព។

១. ដាក់ពាក្យ​សុំអាហារូបករណ៍

កន្លងមក​មានមនុស្សជាច្រើនយល់ថា ថ្លៃសាលាមិនសំខាន់ពេកទេសម្រាប់ជីវិតជានិស្សិត តែអ្វីដែលសំខាន់គឺថ្លៃចាយវាយនិងការស្នាក់នៅ។ ហេតុនេះហើយទើបមានមនុស្សមួយចំនួន​បានបោះបង់​ឱកាសអាហារូបករណ៍ចោល។

តាមពិតទៅការទទួលបានអាហារូបករណ៍សម្រាប់គ្រឹះស្ថាន​ឧត្តមសិក្សា គឺជាច្រកយ៉ាងសំខាន់ក្នុងសម្រេចក្តីស្រមៃ។តាមពិតទៅការចាយវាយ ដើម្បីសិក្សានៅកម្រិតឧត្តមសិក្សាថ្វីត្បិតតែមានចំនួនច្រើនគួរសមតែប្រសិនបើយើងពិតជាមានក្តីស្រមៃពិតប្រាកដ នោះយើងនឹងរកឃើញវិធីសាស្រ្តជាច្រើនដើម្បីបានសិក្សា។ ជាក់ស្តែងយើអាចគិតទៅមើលថាប្រសិនបើយើងទទួលបានអាហារូបករណ៍​សិក្សាដោយឥតគិតថ្លៃទាំងស្រុង នៅក្នុងគ្រឹះស្ថានឧត្តមសិក្សាមួយនោះយើងអាចចំណេញបានប្រហែលជា ៥០០ដុល្លារ ទៅ៦០០ដុល្លារ។ 

ប្រសិនបើយើងអង្កន់ជាខែយើងនឹងឃើញថា ​មួយខែយើងអាចសល់ប្រហែលជាជិត ៥០ដុល្លារ។ ហេតុនេះប្រសិនបើយើងចាយរិះថាំបន្តិច ក្នុងមួយខែអស់ត្រឹមតែ ៨០ ឬ១០០ដុល្លារនោះយើងខ្វះត្រឹមតែ​ប្រហែលជា ៣០ទៅ ៥០ដុល្លារទៀតតែប៉ុណ្ណោះ។ តម្លៃនេះអាចធ្វើឱ្យយើង​ខិតខំរកបន្ថែមបានតាមរយៈការធ្វើការងារក្រៅម៉ោង ឬការងារ Freelanceដើម្បីផ្គត់ផ្គង់ដល់ការចំណាយបាន។

២. រៀនបណ្តើរធ្វើការងារបណ្តើរ

ដើម្បីសម្រួលដល់អ្នកធ្វើការងារ ឬអ្នករវល់គ្រឹះស្ថានសិក្សានៅក្នុងស្រុកជាច្រើនចាប់ផ្តើមបង្កើតវគ្គសិក្សានៅពេលយប់ឬចុងសប្តាហ៍។ ស្ថានភាពនេះ គឺអំណោយផលល្អសម្រាប់អ្នកដែលចង់ធ្វើការងារដើម្បីសន្សំលុយដើម្បីរៀនសូត្រ។

ជាដំណាក់កាលចាប់ផ្តើមសិស្សដែលចប់បាក់ឌុបអាចស្វែងរកការងារណាមួយ ដែលអាចទទួលកម្រៃត្រឹមប្រហែលជា ១០០ ទៅក្រោម២០០ដុល្លារបាន។ ហេតុនេះក្នុងមួយឆ្នាំយើងអាចទទួលបានចំណូលប្រមាណជាង ១០០០ដុល្លារ។ ចំនួននេះ ប្រសិនបើដកខ្លះសម្រាប់ផ្គត់ផ្គង់ដល់ការចំណាយប្រចាំថ្ងៃ ហើយសន្សំថវិកាខ្លះដើម្បីជួយទប់ការចំណាយរបស់ឪពុកម្តាយ នោះយើងនឹងអាចសម្រេចក្តីស្រមៃ​ដើម្បីបន្តការសិក្សានៅកម្រិតឧត្តមសិក្សាបាន។

បច្ចុប្បន្ននេះនិស្សិតអាចស៊ូលំបាកប្រហែលជាមួយឆ្នាំ ឬពីរឆ្នាំដំបូងតែប៉ុណ្ណោះ ព្រោះនិស្សិតឆ្នាំទី៣ខ្លះប្រសិនបើគាត់មានសមត្ថភាពគាត់អាចរកចំណូលបានក្នុងរង្វង់៣០០ដុល្លារដែរ។

៣.សិក្សានៅជិតផ្ទះ

បច្ចុប្បន្ននេះ គ្រឹះស្ថានឧត្តមសិក្សានិងសាលាជំនាញជាច្រើនបានពង្រីកខ្លួនទៅកាន់បណ្តារខេត្ត។ ហេតុនេះ​វាជាឱកាសល្អសម្រាប់សិស្សនិស្សិត ដែលចង់បន្តការសិក្សាតែមិនមែនលទ្ធភាពសិក្សានៅទីក្រុង។

នៅក្នុងពេលនេះមាននិស្សិតនៅខេត្តមិនតិចទេ ​ដែលកំពុងកាន់ការងារ​សំខាន់ៗក្នុង​ស្ថាប័នធំៗក្នុងប្រទេស។ ហេតុនេះប្រសិនបើយើងពិតជាចង់សម្រេចក្តីស្រមៃសិក្សាកម្រិតជំនាញ ឬឧត្តមសិក្សា សិស្សអាចសាកល្បងចាប់យកឱកាសសិក្សានៅជិតផ្ទះ ដើម្បីកាត់បន្ថយចំណាយហើយថែមទាំងអាចស្វែងរកចំណូល តាមរយៈការបង្កើតអាជីវកម្មខ្នាតតូច ឬរកចំណូលពីវិស័យកសិកម្មបានថែមទៀតផង ដើម្បីយកថវិកាមកផ្គត់ផ្គង់ដល់ការសិក្សាដោយខ្លួនឯង៕