​ ដោយមានចំណូលចិត្តញាំកាហ្វេដូចគ្នា យុវជនបីនាក់ ម្នាក់ជំនាញលក់ ម្នាក់ជំនាញគ្រប់គ្រងថវិការ ម្នាក់ជំនាញឌីហ្សាញ បានចូលទុនគ្នា មកបង្កើតហាងកាហ្វេមួយ ដែលមានឈ្នោះថា Le Jardin Café  ហាងកាហ្វេតូចមួយនេះ ស្របតាមដងផ្លូវលេខ២២២ ស្របផ្លូវសម្ដេចប៉ាន ប្លុកបឹងរាំង តែងតែមានយុវវ័យចេញចូលឈប់ទិញកាហ្វេ ឬអង្គុយលេងជជែកគ្នាលេងកម្សាន្ត និងផឹកកាហ្វេ ដែលមានរស់ជាតិមិនចាញ់ហាងកាហ្វេដែលមានម៉ាកល្បីៗ ក្នុងប្រទេសកម្ពុជាឡើយ។  

ហាងតូចនេះគ្មាន Wifi គ្មានម៉ាស៊ីនត្រជាក់ ឬបន្ទប់បិតជិតអ្វីឡើយ តែម៉ាស៊ីនឆុងកាហ្វេមានតម្លៃដូចគ្នា នឹងហាងម៉ាកយីហោល្បីៗ គ្រាប់កាហ្វេក៏ជាផលិតផលគុណភាពស្ដង់ដាថែមទៀត ព្រោះម្ចាស់ហាងកាហ្វេ គឺជាមនុស្សចូលចិត្តកាហ្វេឆ្ងាញ់ហើយអ្នកលក់កាហ្វេ ធ្លាប់ជាអ្នកគ្រប់គ្រងហាងកាហ្វេមួយនៅខេត្តបាត់ដំបង ហើយក៏ជាអតីតBarista ឬអ្នកឆុងកាហ្វេរបស់យីហោអន្តរជាតិផងដែរ។ រៀបរាប់ ប៉ុណ្ណេះ អ្នកអាចសន្និថាងាយៗបានទេថា តើរស់ជាតិកាហ្វេតម្លៃ៦០០០ រៀល អាចប្រៀបធៀបនឹងកាហ្វេតម្លៃជាង ១៦០០០ រៀលបានឬទេ?

ម្ចាស់ហាងកាហ្វេទាំង៣រូប រួមមាន កញ្ញា មាន សិលា ប្រតិបត្តិការលក់ កញ្ញា អារុណ វត្តី គ្រប់គ្រងហិរិញ្ញវត្ថុ ហើយ លោក សេម ជាអ្នកគ្រប់គ្រង ឌីជីថលនិងឌីហ្សាញ រូបភាពផ្សព្វផ្សាយ ហាងកាហ្វេនេះឱ្យមានការទាក់ទាញលើបណ្ដាញសង្គម។ ហាងកាហ្វេតូចមួយនេះ មានគោលការណ៍មួយដែល អ្នកលក់កាហ្វេគួរតែរៀនសូត្រតាមគឺ ផលិតផលល្អ សេវាល្អអតិថិជនត្រឡប់មកវិញ។ ត្បិតតែជាហាងតូចដែលក្នុងមួយថ្ងៃ Le Jardin Café លក់បានកាហ្វេមិនតិចជាង៥០កែវ ទៅ ១០០ កែវ ក្នុងតម្លៃ ៦០០០ រៀលគ្រប់មុខផលិតផលកាហ្វេនិងភេសជ្ជៈច្នៃប្រឌិតរបស់ខ្លួន។ 

ក្នុងឆ្នាំ២០២០ នេះ ហាងកាហ្វេ Le Jardin Café មានអាយុ ២ឆ្នាំ ហើយថែមទាំងកាន់តែទទួលបានការគាំទ្រឥតដាច់ជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែយើងគួរឆ្ងល់ថាតើជំនួញចូលហ៊ុនគ្នារបស់យុវជនទំាង ៣រូប អាចដំណើរការល្អបែបនេះបានតាមរបៀបណាខ្លះ បើសូម្បីជំនួញបងប្អូនចូលហ៊ុនគ្នាក៏អាចរលាយបានយ៉ាងងាយ? ជាក់ស្ដែង ទាំងបីអ្នកមិត្តភក្ដិនេះ ក៏មិនមានជាប់ខ្សែស្រឡាយនឹងគ្នាដែរ តើគេអាចទុកចិត្តលើការគ្រប់គ្រងទាំងឡាយ ហើយតើគេជឿជាក់គ្នាកំរិតណា ដើម្បីកសាងអាជីវកម្មដែលចំណាយដើមទុនផ្ទាល់ខ្លួនចូលគ្នារាប់ពាន់ដុល្លារបែបនេះ?

លោក ហេង វិសាល(រូបឆ្វេង) មកគាំទ្រ (រូបភាពពី Le Jardin Café)

តាមរយៈ កញ្ញា មាន សិលា តំណាងហាងកាហ្វេ ប្រាប់ថា ពួកគេធ្លាប់ជាមិត្តភក្តិរួមថ្នាក់នឹងគ្នា ហើយពួកគេក៏តែងតែនិយាយគ្នាពី ការបង្កើតមុខរបរពេលរៀនចប់ថ្នាក់សាកលវិទ្យាល័យ។ កាលពីឆ្នាំ ២០១៨ ដើមខែ​ មិថុនា សិលា បានរកឃើញកន្លែងកាច់ជ្រុងផ្លូវ២២២ នេះ ដែលមានទីតាំងសមល្មមរកស៊ីបើកហាងកាហ្វេបាន នាងផ្ដើមគំនិតបបួលមិត្តភក្តិបាន ៣នាក់ បន្ថែម ចូលគ្នាម្នាក់ ២៥% បើកហាងកាហ្វេនេះភ្លាម។ គំនិតបើកហាងកាហ្វេនេះ គឺជាក្ដីស្រមៃរបស់ សិលា ដោយមានបទពិសោធន៍លើការគ្រប់គ្រងហាងកាហ្វេស្រាប់ ដោយធ្លាប់បំពេញការងារជាបុគ្គលិកហាងកាហ្វេល្បី Starbuck Café ទៀតផង។

ជាមួយដើមទុនដែលមានក្រោយសន្សំជាច្រើនឆ្នាំ កញ្ញា មាន សិលា បានជួបពិក្សាជាមួយ កញ្ញា អារុណវត្តី ដើម្បីសិក្សាពីគម្រោងនេះ ហើយគេក៏បបួលមិត្ត២នាក់ទៀត ដែលមានជំនាញផ្សេងគ្នា ហើយដែលពួកគេក៏មានចំណូលចិត្តលើការពិសារកាហ្វេជាប្រចាំដូចគ្នា។ គំនិតនេះផុសចេញភ្លាម ពួកគេទទួលបានការព្រមព្រៀងគ្នាភ្លាមៗ ដែរ ហើយមិនយូរប៉ុន្មានពីការរៀបចំផែនការក្រុមមិត្តទាំង ៤នាក់ បង្កើតហាងកាហ្វេ Le Jardin នេះក្រោយពេលគិតគម្រោង១ ខែក្រោយ។ ដំណើរការបានជាង ១ឆ្នាំ ដៃគូរម្នាក់របស់ហាង ក៏សម្រេចចិត្តលក់ហ៊ុនរបស់ខ្លួនចេញវិញ ដែលវាមិនបានប៉ះពាល់ដល់ហាងកាហ្វេឡើយ វាក៏ឬតែជាឱកាសរបស់អ្នកដែលនៅតែបន្តលើអាជីវកម្មនេះដដែរ។ នេះបើតាមការបញ្ជាក់របស់ កញ្ញា មាន សិលា។

មែនទែនទៅកញ្ញា សិលា បានប្រាប់ថា ការដែលហាងកាហ្វេនេះនៅតែអាចដំណើរការទោះមានវិបត្តិ Covid-19 ព្រោះការជឿជាក់របស់អតិថិជនមកលើគុណភាព និងតម្លៃ  ជាមួយវិធីដឹកជញ្ជួនបន្ថែមដល់កន្លែងរបស់អតិថិជនតែម្ដង។ ម្យ៉ាងវិញទៀត ពួកគេទាំង ៣នាក់ ហេតុតែអាចកសាងមុខរបស់រួមគ្នាបានជោគជ័យ ព្រោះពួកគេចេះស្វែងយល់ចិត្តគ្នាច្បាស់លាស់ ហើយការផ្តល់ឱ្យគ្នានូវជំនឿចិត្ត និងការដែលមិនបោះបង់គំនិតរួមគ្នាដែលបង្កើតមុខរបរតាំងពីចាប់ផ្ដើមមកម្លេះ។ 

កញ្ញា មាន សិលា បន្តថា៖ «ទោះជាយ៉ាងណា ពួកយើងពិតជាត្រៀមចិត្តជាស្រេចរាល់ឧបសគ្គ​ និងបញ្ហាប្រឈម ពិសេសបើសិនជាមានការខាត់បង់ក្នុងការកសាងអាជីវកម្មរួចជាស្រេច ហើយខ្ញុំមានជំនឿចិត្តថាយើងនឹងនៅតែរីកចម្រើនរហូត»៕   

អតិថិជនរបស់ហាង Le Jardin Cafe