​កញ្ញា ថូង ធីតា​ គឺជាសហគ្រិនស្រ្តីឆ្នើម នៃ​សហគ្រាសផលិត​អំបិល​ធម្មជាតិ ​ក្នុង​ខេត្ត​កំពត ថូង​ អ៊ិនធឺប្រៃស៍ (Thaung Enterprise) ធ្លាប់ទទួលបាន​ពានរង្វាន់ ​សហគ្រិនវ័យក្មេង​កម្ពុជាកាល​ពី​ឆ្នាំ​២០១៨ និងជាម្ចាស់ ពានរង្វាន់លេខ២ សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២០ នេះ។​

ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ

ជាស្រ្តីម្នាក់ក្នុងវិស័យធុរកិច្ច និងនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ ពិតជារឿងដែលមិនងាយធ្វើបាន ព្រមទាំងមានឧបសគ្គជាច្រើន ចាំទាញទំលាក់មនុស្សស្រីទន់ខ្សោយម្នាក់នេះរហូតមក តែកញ្ញា ពិតជាមិនចុះចាញ់ រឹងរិតតែជម្នះរហូត ផលិតចេញជា អំបិលក្នុងស្រុកយីហោ អំបិលកំពត ថូង ធីតា និងយីហោថ្មី ឈ្នោះ អំបិល ជលសា បានចេញលក់តាមបណ្តាលទីផ្សារទំនើបនាពេលបច្ចុប្បន្ន និងក្រៅប្រទេស។

បើងាកត្រឡប់ទៅស្តាប់ ពីការចាប់ផ្តើមរបស់ ថូង​ អ៊ិនធឺប្រៃស៍ (Thaung Enterprise) កញ្ញា ថូង​ ធីតា លើកឡើងថា​៖«ជាក់ស្តែង​ សហគ្រាស​ ថូង​ អ៊ិនធឺប្រៃស៍​ របស់​នាង​ខ្ញុំ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០១៦ ដែល​បើគិត​ទៅ​មកពេល​បច្ចុប្បន្ន​នេះ ​វាគិត​ទៅ​ប្រហែល​៤​ឆ្នាំ​ហើយ»។ សហគ្រាស​នេះគឺ​ផ្តើមចេញ​ពី​ការ​បម្លែង​ខ្លួន ចេញ​ពី​អាជីវកម្មបែប​គ្រួសារ​ មកធ្វើ​ជា​សហគ្រាស​មួយ​ គេហៅ​ថា​សហគ្រាស​ធុនតូចនិង​មធ្យម ​ក្នុង​ការ​ផលិត​អំបិល​មួយដែល​ប្រកប​ដោយ​អនាម័យ​និង​ស្តង់ដារ។

​​កញ្ញាបន្តថា ថូង អ៊ិនធឺប្រៃស៍ ​គឺ​​កំពុងផលិតនិងចរាចរអំបិល​​ធម្មជាតិ ដែលបានធ្វើការ​ច្នៃ ដោយ​លាង​សម្អាត ​​សម្អាត​អំបិល ចេញពីការប្រមូលផលពីស្រែអំបិល ដោយពឹងផ្អែកលើទឹកសមុទ្រ ខ្យល់សមុទ្រ អាកាសធាតុ ដែលអំណោយផលតែក្នុងខេត្តកំពត និងខេត្តកែប ហើយបាន​វេច​ខ្ចប់យ៉ាង​មាន​អនាម័យ ​និងបានឆ្លងកាត់ការពិនិត្យស្តង់ដារច្បាស់លាស់ អាច​ផ្គត់​ផ្គង់​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិបានពិតប្រាកដ។

មែនទែនទៅ ​អំបិល​ធម្មជាតិ​របស់​កញ្ញា ថូងធីតា ​ទាំង​អស់មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន​ រហូត​ដល់៨០​មុខជា​ង ដែល​សារធាតុ​ចិញ្ចឹម​ទាំង​អស់​គឺផ្តល់​សារៈសំខាន់​ ​សម្រាប់​សារពាង្គកាយ​ក៏​ដូចជា​កោសិកា​ផ្សេង​ៗ ដែល​សារពាង្គកាយ​របស់​យើង​ត្រូវ​ការ​ចាំ​បាច់​ជា​ប្រចាំ។

កញ្ញាបន្តទៀតថា ​ដោយសារ​តែ​ទីតាំង​ភូមិសាស្រ្ត​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​អំបិល​កំពតនេះ​វា​ផ្ទុក​នៅ​សារធាតុ​ចិញ្ចឹម​​ខ្ពស់ដែល​​អាច​ថា​ ជា​ប្រភេទ​អំបិល​សមុទ្រ​ដែល​ល្អ និងមានគុណប្រយោជន៍ដល់សុខភាព

តាមរយៈការមើលឃើញពីសកដ្តានុពលធម្មជាតិបែបនេះ សហគ្រិនវ័យក្មេង កញ្ញា ថូង ធីតា ​សង្ឃឹម​ថាឆាប់ៗ​នេះក្រសួង​ពាណិជ្ជកម្ម​ ក៏​ដូចជា​ដៃគូពាក់ព័ន្ធ​ផ្សេង​ៗ​ចាប់​ផ្តើម​នូវ​គម្រោង​មួយ ​ដែល​គេ​ហៅ​ថាគម្រោង​ GI ​(Geographical Identification Protection) ​ដូច​នឹង​ម្រេច​កំពត​ផងដែរ ដើម្បីឱ្យអំបិលក្នុងខេត្តកំពតក្លាយជាផលិតផលសំគាល់តំបន់ភូមិសាស្រ្តផងដែរ។

យ៉ាងណាក្ដី ការផលិតអំបិលរបស់កញ្ញាក៏ប្រឈមនឹងបញ្ហាជាច្រើនពិសេស  បញ្ហា​អាកាស​ធាតុ​ប្រែ​ប្រួល​​ ដូចជា​ភ្លៀង​ច្រើន កង្វះខាតបច្ចេកវិទ្យា បញ្ហាដើមទុន និង ការដឹកជញ្ជូនដែលមានតម្លៃថ្លៃ ដែលការផលិតអំបិលកសិកម្មបែបនេះមិនអាចផលិតគ្រប់ តាមតម្រូវការទីផ្សារជាក់ស្ដែង​ ខណៈការនាំចូលអំបិល មានភាពងាយស្រួលជាងតម្លៃថោកជាង និង ការបោះបង់ដីស្រែអំបិលធម្មជាតិរបស់ប្រជាកសិករ លក់ទៅឱ្យឈ្មួញផ្សេងៗ ដែលមិនផលិតអំបិលបន្ត។ ដូចនេះ ការផលិតអំបិលធម្មជាតិកំពតតាមបែបបុរាណ ក៏អាចនឹងបាត់បង់សូន្យ ហើយអនាគតយើងក៏ត្រូវតែប្រើប្រាស់អំបិលរោងចក្រជំនួសវិញមិនខាន។

សម្លឹងឃើញបញ្ហាបែបនេះហើ់យទើប ថូង​ អ៊ិនធឺប្រៃស៍ (Thaung Enterprise) ផ្តាច់ជ្ញាថា ត្រូវតែបន្តការងារផលិតអំបិលធម្មជាតិនេះ ជាមួយកសិករខេត្តកំពតនិងខេត្តកែប ពិសេសកញ្ញាផ្ទាល់ កាន់តែខិតខំព្យាយាមផ្សព្វផ្សាយបន្ថែមដើម្បីជួយយ៉ាងណា ឱ្យដីស្រែអំបិលដូនតានៅគង់វង្សយូរអង្វែងឆ្នាំទៅមុខទៀត។ 

​ហេតុនេះ កញ្ញា ថូង ធីតា បញ្ជាក់ថា ចក្ខុវិស័យ​របស់់​ ថូង​ អ៊ិនធឺប្រៃស៍ (Thaung Enterprise) ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋខ្មែរ​ទាំង​អស់​ ទាំង​អ្នកតាក់តែង​ច្បាប់អ្នក​ប្រើប្រាស់ ពិសេស​ម្ចាស់​ភោជនីយដ្ឋាន ឬក៏​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​ យល់នឹង​ឲ្យ​តម្លៃ​ទៅលើ​អំបិល​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កំពត ដែលមានទាំង​គុណភាព និងអត្ថ​ប្រយោជន៍​ដល់​សុខភាព​របស់​អ្នកទទួលទាន។ 

ជាចុងក្រោយ កញ្ញា ថូង ធីតា សង្ឃឹមថា ប្រជាជនខ្មែរនឹងនាំ​គ្នា​ជួយ​គាំទ្រ​ផលិត​ផល​ក្នុងស្រុក​របស់យើង ​ពីព្រោះ​បើយើង​ទាំង​អស់​គ្នា​អត់ជួយគាំទ្រ​ ទេ​យើងក៏​អត់ដឹង​ថា​អ្នកណាគេ​មកគាំទ្រ ផលិតផល​ក្នុង​ស្រុក​របស់​យើង​ដែរ៕