នៅក្នុងសង្គមយើងបច្ចុប្បន្នសង្កេតឃើញថា មានភរិយាជាច្រើននៅពេលដែលដឹងថា ខ្លួនឯងចាប់ផ្ដើមមានកូនធ្លាក់សម្រស់ លែងសូវស្អាតដូចកាលពីនៅក្រមុំ ក៏លែងមានទំនុកចិត្តលើខ្លួនឯងថាប្ដីអាចរក្សាការស្រឡាញ់ឱ្យខ្លួនដូចកាលគ្រាដំបូង ដូច្នេះហើយតែងតែព្យាយាមរកមធ្យោបាយជាច្រើនដើម្បីឃាត់ចិត្តប្ដី ដោយមិនបានយល់ដឹងឱ្យបានច្បាស់លាស់។ ចំពោះមនុស្សស្រីដែលឆ្លាត គេនឹងមិនធ្វើរឿងទាំងនេះឡើយ៖

១.តាមដាន៖ 

នាមជាប្រពន្ធបើចាប់ផ្ដើមលែងមានជំនឿចិត្តលើខ្លួនឯងហើយ ប្ដីធ្វើអ្វីក៏ចេះតែសង្ស័យថាគេមានស្រីនៅខាងក្រៅ រហូតចេញតាមដានប្ដីរបស់ខ្លួន ឃ្លាំមើលគ្រប់ពេលគ្រប់វេលា។ យល់ច្បាស់ណាស់ថាធ្វើបែបនេះព្រោះតែការស្រឡាញ់ ក៏ប៉ុន្តែបើអ្នកជាប្រពន្ធធ្វើជ្រុលហួសហេតុពេក បើទោះបីគេមិនធ្លាប់គិតថាមានស្រីក្រៅ ប្រាកដជាចាប់ផ្ដើមលែងសូវមានអារម្មណ៍ល្អលើអ្នក។

២.បង្ហាញថាអ្នកសង្ស័យគេ៖ 

ទង្វើរលួចលាក់ដោយអចេតនារបស់ប្ដីអ្នក ឬក៏កើតឡើងដោយការចៃដន្យណាមួយ ចំពេលដែលអ្នកសង្ស័យលើប្ដីផង អ្នកប្រាកដជាចាប់ផ្ដើមសួរនាំបែបនេះបែបនោះ សួរពីហេតុផលសួររហូតដល់អ្នកបាត់បង់ទាំងតម្លៃ និងបំផ្លាញទឹកចិត្តរបស់ស្វាមីអ្នកដូចគ្នា។

៣.បង្ហាញភាពទន់ជ្រាយ៖ 

ដោយសារតែភ័យខ្លាចគេទៅមានអ្នកថ្មីចោលប្រពន្ធកូន អ្នកព្យាយាមបង្ហាញថាអ្នកខ្វះគេមិនបានបង្ហាញថាបើគ្មានគេអ្នកប្រាកដជាមិនអាចរស់នៅបានទៀតឡើយ ព្យាយាមឱ្យគេអាណិតអ្នកដោយការបង្ហាញភាពទន់ខ្សោយរបស់ខ្លួនទៅប្ដី។

៤.ការផ្ដាច់ទំនាក់ទំនងប្ដីជាមួយមិត្តភក្តិ៖ 

ប្រពន្ធមួយចំនួនយល់ថា ប្ដីរបស់ខ្លួនតែងតែមិនចូលផ្ទះ ចេញក្រៅជួបជុំគ្នាញឹកញាប់អាចបបួលប្ដីរបស់ខ្លួនខូចខិលរឿងស្រីនៅខាងក្រៅ ដោយមិនមានពេលឱ្យប្រពន្ធកូននៅផ្ទះ។ ក៏ប៉ុន្តែបើមែនទែនទៅ យើងជាស្រ្តីក៏ដូចគ្នាដែរ​ ត្រូវការទំនាក់ទំនងជាមួយមិត្តភក្តិចាំបាច់ណាស់ ហើយបើប្ដីខ្លួនរារាំងមិនឱ្យទៅខាងក្រៅជួប អ្នកប្រាកដជាមានអារម្មណ៍មិនល្អ ហើយអាចបង្កជាជម្លោះទៀតផង។

 

៥.ការដាក់សម្ពាធ៖ 

អ្នកតម្រូវឱ្យគេធ្វើតាមចិត្តរបស់អ្នក ដោយកំណត់ម៉ោងចូលផ្ទះ កំណត់ពេលវេលាជួបជុំអ្នកធ្វើការជាមួយនៅខាងក្រៅ អ្នកមិនអនុញ្ញាត្តឱ្យគេធ្វើអ្វីដែលអ្នកហាម និងមិនព្រមឱ្យអ្នកណាមកជួបជាមួយប្ដីរបស់អ្នកឡើយ។

ប៉ុន្មានចំណុចខាងលើនេះ គឺសុទ្ធសឹងតែជាបញ្ហាមួយចំនួនចំពោះស្រ្តីជាប្រពន្ធដែលឆ្លាត មានភាពជឿជាក់ និងទំនុកចិត្តមិនដែលធ្វើឡើយ ហើយគេតែងតែមានដំណោះស្រាយល្អៗជាច្រើនដល់គ្រួសារ និងមនុស្សជាច្រើននៅជុំវិញខ្លួន ដោយមិនយកកំហឹង មិនយកអារម្មណ៍ធំជាងសតិបញ្ញាឡើយ ដូច្នេះហើយស្រ្តីជាប្រពន្ធគ្រប់រូបគប្បីជៀសឱ្យបានពីប្រាំចំណុចខាងលើនេះ នោះគ្រួសាររបស់អ្នកប្រាកដជាមានសុភមង្គល ហើយស្វាមីក៏គោរពនិងឱ្យតម្លៃអ្នកជាប្រពន្ធដូចគ្នា៕