ពិតជាមិនអាចប្រកែកបានទេថា ​ការរាតត្បាតនៃវីរុសកូវីដ១៩ កន្លងមកនេះ បានជះឥទ្ធិពលអវិជ្ជមានទៅលើវិស័យសេដ្ឋកិច្ចនិងធុរកិច្ចយ៉ាងរីករាលដាល។ មានក្រុមហ៊ុនធំតូចជាច្រើនបានដួលរលំរួចមកហើយ ​ដូច្នេះសម្រាប់អ្នកដែលកំពុងកាន់កាប់អាជីវកម្មនៅក្នុងដៃ គួរងាកមកចាប់អារម្មណ៍ពីភាពផ្លាស់ប្តូរនៃតម្រូវការអតិថិជនទាំង៦ ខាងក្រោមនេះបើចង់ដំណើរការទៅមុខបានទៀត។

១.​Mecenter not Presenter - ផ្សព្វផ្សាយពីខ្លួនឯងឱ្យច្រើនជាងផ្សព្វផ្សាយតារាតំណាងផលិតផល​

យោងតាមការស្ទង់មតិបានរកឃើញថា អតិថិជន៦២% មានជំនឿលើផលិតផលដោយសារបុគ្គលធម្មតាដែលនិយមមកបញ្ចេញយោបល់តៗគ្នា ច្រើនជាងការផ្សាយពាណិជ្ជកម្មដោយតារាល្បីៗ។ ជាពិសេសមនុស្សក្រុម Gen Z និង Y មានទំនោរជឿលើ Influencer ដែលធ្វើការផ្សព្វផ្សាយពិតៗបែបធម្មជាតិ មិនទន្ទេញពាក្យពេចន៍ដូចពីមុនទៀត។ 

ភាពបត់បែនដែលអាជីវកម្មគួរផ្លាស់ប្តូរ ៖ ត្រូវផ្តល់ឱកាសឱ្យអ្នកដែលបានប្រើប្រាស់ផ្ទាល់ឬ Influencer មកផ្សព្វផ្សាយជំនួសវិញ។

២.Homebound Selgserve - ចូលចិត្តនៅផ្ទះច្រើនជាងចេញក្រៅ

ការរាតត្បាតនៃវីរុស១៩ ធ្វើឱ្យមនុស្សភាគច្រើនចូលចិត្តនៅផ្ទះ​ ក្នុងនោះមាន ៥០% ងាកមកធ្វើអ្វីដោយខ្លួនឯងរកការងារធ្វើបំបាត់ភាពអផ្សុកពេលនៅផ្ទះ ដូច្នេះហើយវិស័យផលិតផលបែប DIY បានលូតលាស់ជាង ១៨%។ 

ភាពបត់បែនដែលអាជីវកម្មគួរផ្លាស់ប្តូរ៖ ត្រូវងាកមកប្រើយុទ្ធសាស្រ្ត Co-Create ជាមួយអតិថិជនដើម្បីឱ្យពួកគេមានចំណែក និងទិញវាដោយខ្លួនឯង។ 

ឧទាហរណ៍ជំនួសឱ្យការលក់ការ៉េម ដែលអាចទទួលទានបានភ្លាមៗ មកលក់ជា​ឧបករណ៍និងគ្រឿងផ្សំដែលអតិថិជនអាចយកទៅធ្វើនិងរចនាTopping នៅផ្ទះបានដោយខ្លួនឯងវិញ។

៣.Mindful Money -ចូលចិត្តប្រើស្មារតីមុនចាយលុយ

ចាប់តាំងមានការរាតត្បាតវីរុសកូវីដ១៩ រហូតមកដល់ពេលនេះក្រុមហ៊ុនឬស្ថាប័នភាគច្រើន ចាប់ផ្តើមជួលតែបុគ្គលិកឬកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះ។ ហេតុនេះហើយធ្វើឱ្យមនុស្សភាគច្រើនចាយលុយ ដោយប្រើស្មារតីជាធំ ការស្ទង់មតិបានរកឃើញថា៦៥% សម្រេចចិត្តទិញដោយសារមានការបញ្ចុះតម្លៃ ៥៦% ទិញដោយផ្ទាល់ពីក្រុមហ៊ុនផលិត (ព្រោះទទួលបានរបស់ល្អ និងមានតម្លៃសមរម្យ) និងនៅសល់តែ ៤៤% ប៉ុណ្ណោះដែលទិញដោយសារ “ប្រេន”។ 

ភាពបត់បែនដែលអាជីវកម្មគួរផ្លាស់ប្តូរ៖ ម្ចាស់អាជីវកម្មមិនអាងរំពឹងកម្រៃតែម្យ៉ាងបានទៀតទេត្រូវបន្ថែមគុណតម្លៃដល់អតិថិជនដោយការផ្តល់ “របស់ល្អតម្លៃថោក” ឱ្យបានច្រើន។

៤.Heart Care Beyond Health Care –ចូលចិត្តលួងចិត្ត

បន្ទាប់ពីរស់នៅក្នុងបរិបទរាតត្បាតយ៉ាងយូរមក មនុស្សចាប់ផ្តើមយល់ពីខ្លួនឯងធ្វើយ៉ាងណាកុំឱ្យតានតឹងព្រោះខ្លាចកើតជម្ងឺបាក់ទឹកចិត្ត។ដូច្នេះហើយមនុស្សភាគច្រើនធ្វើការស្វែងរកផលិតផល ឬសេវាកម្មដែលអាចលួងចិត្តខ្លួនឯងបាន។

ភាពបត់បែនដែលអាជីវកម្មគួរផ្លាស់ប្តូរ៖ ត្រូវស្វែងរកផលិតផលថ្មីៗមកវាយលុយទីផ្សារដូចជាភេសជ្ជៈ ទឹកអប់បន្ធូរអារម្មណ៍ ម៉ាស៊ីនរំភាយចំហាយទឹក ម៉ាស់បិទមុខថែរក្សាស្បែកជាដើម។

៥.Ruralisation - ចូលចិត្តកន្លែងទៅកន្លែងស្រឡះ

ក្នុងស្ថានភាពជម្ងឺរាតត្បាតកូវីដ១៩ នេះបណ្តាលឱ្យមនុស្សភាគច្រើនកាន់តែចង់ដើរលេង។ ដូច្នេះពេលណាឆ្លៀតដើរបាន ក៏និយមទៅតាមខេត្តនិងចាប់អារម្មណ៍លើការរចនាប្លែកៗកាន់តែច្រើនឡើង។ ហេតុនេះអាជីវកម្មហាងកាហ្វេស្អាតៗឬសណ្ឋាគារ ប៊ូទិកតាមបណ្តាខេត្ត អាចជាទីផ្សារថ្មីមួយទៀតក្នុងពេលនេះនិងពេលអនាគត។ 

ភាពបត់បែនដែលអាជីវកម្មគួរផ្លាស់ប្តូរ៖ អ្នកទីផ្សារនិងអ្នកវិនិយោគភាគច្រើនដាក់ទុនធ្វើ Geofencing (វិស័យភូមិសាស្រ្តដូចជាGPS ឬ RFID ) ច្រើនជាងការផ្សព្វផ្សាយលើបណ្តាញសង្គម។ ព្រោះវាជាការផ្សព្វផ្សាយដែលមានតម្លៃថោកត្រូវតាមកាលៈទេសៈ និងចំគោលដៅអតិថិជនច្រើនជាង។ 

ឧទាហរណ៍ នៅពេលអតិថិជនធ្វើការស្វែងរកហាងកាហ្វេហើយឃើញថាមានហាងកាហ្វេនៅក្បែរៗខ្លួនក៏ជាការទាក់ទាញចិត្តពួកគេម្យ៉ាងដែរ។ គេរកឃើញថាការធ្វើ Geofencing អាចបង្កើនប្រាក់ចំណេញដល់ទៅ ២០ ដងបើធៀបទៅនឹងការផ្សាយពាណិជ្ជកម្មបែបធម្មតា។