១.គាត់​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​រឿង​គ្រប់​យ៉ាង

ប្រសិន​បើ​គាត់​តែង​តែ​ដាក់​ចិត្ត​​បំពេញ​ការងារ​និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់ គាត់​ចេះ​លៃ​ពេល​វេលា​បាន​ត្រឹម​ត្រូវ និង​ចាត់​ចែង​លុយ​កាក់​បាន​ល្អ នេះ​គឺ​ជា​សញ្ញា​ចាស់​ទុំ​ចិត្ត​គំនិត​ដែល​ស័ក្ដិសម​សម្រាប់​ត្រៀម​ខ្លួនធ្វើ​ជា​ប៉ា​គេ​ម្នាក់​ហើយ។ ចំណុច​នេះ​សំខាន់​ជាង​គេ ព្រោះ​ទំនួល​ខុស​ត្រូវ​តែង​ដើរ​នាំ​មុខ​គេ​សម្រាប់​ឪពុក​ម្នាក់​ចំពោះ​គ្រួសារ ជា​ពិសេស​កូនៗ​របស់​គាត់​ដែល​នឹង​ចូល​មក​ក្នុង​ជីវិត​គាត់​នៅ​ពេល​ខាង​មុខ។

២.គាត់​ចេះ​បែងចែក​ថា​ពេល​ណា​គួរ​យោគ​យល់​​និង​ពេល​ណា​គួរ​ដាក់​ពិន័យ

ជា​ប៉ា​ល្អ​ម្នាក់​មិន​មែន​ត្រូវ​តែ​ដាក់​ពិន័យ​ឱ្យ​តឹងរ៉ឹង​សម្រាប់​គ្រួសារ​រហូត​នោះ​ទេ។ ប្រសិន​បើ​ដៃគូ​របស់​អ្នក​បង្ហាញ​ឱ្យ​ឃើញ​ថា គាត់​ចេះ​យល់​កាលៈទេសៈ​ថា ​ពេល​ណា​គួរ​បើក​ចិត្ត​ស្ដាប់​ហេតុផលយោគយល់ និង​អនុគ្រោះ​ចំពោះ​រឿង​ឬ​កំហុស​ដែល​អ្នក​បាន​បង្ក និង​ពេល​ណា​ដែល​គួរ​និយាយ​គ្នា​រឿង​ពិន័យ ​និង​គោលការណ៍​ឱ្យ​បាន​ម៉ត់ចត់ បាន​ន័យ​ថា​ ពេល​ក្លាយ​ជា​ប៉ា​គេ គាត់​ក៏​នឹង​ដឹង​អំពី​វិធី​ក្នុង​ការ​អប់​រំ​ទូន្មាន​កូន​ឱ្យ​បាន​ល្អ​ដូច​គ្នា។

៣.គាត់​ចេះ​ទប់ទល់​អារម្មណ៍​ស្ត្រេស​បាន​ល្អ

បុរស​ល្អ​ម្នាក់​គឺ​ជា​មនុស្ស​ដែល​ចេះ​ទប់ទល់​ជាមួយ​អារម្មណ៍​តានតឹងនិង​ស្ត្រេស​ ឆេវឆាវ​បាន​យ៉ាង​ល្អ​ មិន​រាលដាល​ដល់​មនុស្ស​ជុំវិញ​ខ្លួន។ ការ​ធ្វើ​បែប​នេះ​បានគាត់​អាច​នឹង​ដោះ​ស្រាយ​ជាមួយ​ស្ត្រេស​ដែល​នឹង​កើត​មាន​​គ្រប់​ជ្រុង​ មិន​ថា​ជា​ការងារ ប្រពន្ធ គ្រួសារ កូនតូចៗឬ​អ្វី​ៗ​ផ្សេងដោយ​ប្រើ​សម្បជញ្ញៈ​បាន​​ល្អ។

៤.គាត់​ជា​មនុស្ស​ដែល​ការពារតែ​មិន​មែន​ហួស​ហេតុ

សញ្ញា​ចុង​ក្រោយ​ដែល​បង្ហាញ​ថា​ គាត់​អាច​នឹង​ធ្វើ​ជា​ប៉ាដ៏​ល្អ​ម្នាក់​សម្រាប់​អនាគត​កូន​អ្នក​គឺ​គាត់​ជា​មនុស្ស​ដែល​តែង​តែ​ការពារ​អ្នក និង​មនុស្ស​ជុំវិញខ្លួន តែ​មិន​មែន​ហួស​ហេតុ​ពេក​ឡើយ។ នេះ​បាន​ន័យ​ថា គាត់​ដឹង​ថា​ពេល​ណា​គួរ​បើក​ឱកាស​ឱ្យ​មនុស្ស​ដែល​គាត់​ស្រលាញ់​មាន​ពេលវេលា​ផ្ទាល់​ខ្លួន និង​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ថា ពេល​នៅ​ក្បែរ​គាត់ ឬ​សូម្បី​តែ​គិត​ដល់​គាត់ អ្នក​នឹង​មាន​អារម្មណ៍​សុវត្ថិភាព កក់ក្ដៅ​ជានិច្ច។ គាត់ប្រៀប​ដូច​ជា​ម្លប់ និង​ជា​បង្គោល​ដ៏​រឹង​មាំ​សម្រាប់​អ្នក ​និង​គ្រួសារ៕